រឿងសំខាន់ៗ ដែលអ្នកគួរធ្វើ ដើម្បីបញ្ឈប់ការគិតច្រើនហួសហេតុ
- 2022-07-19 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗ ដែលអ្នកគួរធ្វើ ដើម្បីបញ្ឈប់ការគិតច្រើនហួសហេតុ
មនុស្សគ្រប់គ្នាតែងតែមានការគិតអំពីបញ្ហាទូទៅនៅក្នុងជីវិតរស់នៅ គ្រាន់តែថាអ្នកខ្លះគិតតិច និងមានអ្នកខ្លះទៀតធ្វើការគិតច្រើនហួសកម្រិតរហូតឈានដល់វិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។ ខណៈពេលដែលវាហាក់ដូចជារឿងធម្មតាដែលកើតមានឡើងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការគិតច្រើនពេកអាចមានការរំខានដល់ជីវិតរបស់អ្នកបាន ដែលប៉ះពាល់ដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ការដឹងពីសញ្ញានៃការគិតច្រើនពេក គឺជាវិធីកាពារដើម្បីអាចជួយអ្នកផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកឲ្យផ្ដោតតែទៅលើអ្វីៗដែលវិជ្ជមានសម្រាប់ឆាកជីវិត។
ការគិតច្រើនពេកជាធម្មតាកាន់តែផ្ដល់ផលអាក្រក់ទៅៗ វាបណ្តាលឲ្យមានវដ្តនៃការគិតច្រើនហួសហេតុ និងការគិតមិនឈប់ឈរដែលបានផ្សារភ្ជាប់ទៅនឹងបញ្ហាផ្លូវចិត្ត រួមទាំងការថប់បារម្ភ ស្ត្រេស ហើយនឹងការធ្លាក់ទឹកចិត្តជាដើម។ អ្នកនឹងមានអារម្មណ៍កាន់តែស្ត្រេសនៅពេលដែលអ្នកគិតអំពីបញ្ហារបស់អ្នកកាន់តែច្រើន ដែលធ្វើឲ្យអ្នកកាន់តែពិបាកក្នុងការសម្រេចចិត្ត ឬរារាំងសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តទៅលើដំណោះស្រាយនានា។
► វិធីបញ្ឈប់សញ្ញានៃការគិតហួសហេតុភ្លាមៗ៖ ប្រសិនបើអ្នកចង់បានដំណោះស្រាយ អ្នកត្រូវតែរៀនអំពីសញ្ញានៃការគិតច្រើនពេក ការយល់ដឹងអំពីទម្លាប់ណាមួយដែលអ្នកត្រូវអនុវត្ត ឬត្រូវបញ្ឈប់។ អ្នកអាចធ្វើលំហាត់កម្លាំងផ្លូវចិត្ត ដើម្បីជួយផ្លាស់ប្ដូរផ្នត់គំនិតបែបសុខមាលភាពល្អវិញ។ ការធ្វើបែបនេះវានឹងជួយឲ្យចិត្តរបស់អ្នកស្ងប់ស្ងាត់ និងមិនអនុញ្ញាតឲ្យអ្នកគិតអំពីរឿងអវិជ្ជមាន។
► ជម្រើសមួយទៀតគឺការកំណត់ពេលវេលាសម្រាប់ការព្រួយបារម្ភ៖ ប្រសិនបើអ្នកបានកត់សំគាល់ឃើញថា អ្នកគិតច្រើនពេក អ្នកអាចការពារការរំខានទាំងនោះដោយចំណាយពេលត្រឹម ១៥ នាទីក្នុងមួយថ្ងៃដើម្បីគិតអំពីបញ្ហារបស់អ្នក និងអ្វីដែលរំខានអ្នក ហើយសល់ពេលប៉ុន្មានគិតតែរឿងល្អៗបានហើយ។ អ្នកក៏អាចសាកល្បងសរសេរកត់ត្រាកង្វល់ទាំងនោះដាក់ចូលក្នុងសៀវភៅកត់ត្រារបស់អ្នកផងដែរ។ នៅពេលដែលអ្នកយកគំនិតអវិជ្ជមានទាំងនោះចេញ អ្នកនឹងសល់កន្លែងទំនេរជាច្រើនសម្រាប់រឿងវិជ្ជមានល្អៗ។
ជំហានដំបូងដើម្បីយកឈ្នះទៅលើភាពច្របូកច្របល់ និងការគិតច្រើនហួសហេតុនោះ គឺការរៀនយល់ដឹងឲ្យច្បាស់អំពីសញ្ញានៃការគិតច្រើនជ្រុល ដែលនឹងជួយឲ្យអ្នកអាចធ្វើការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកបានភ្លាមៗ ជាជាងបណ្តោយឲ្យគំនិតអវិជ្ជមានធ្វើការគ្រប់គ្រងអ្នក ហើយរៀនទុកពេលឲ្យអ្វីៗដំណើរការរហូតដល់អាចដោះស្រាយបាន ដើម្បីសល់ពេលរីករាយជាមួយរឿងផ្សេងៗទៀត៕
ចុចអានបន្ត៖ បញ្ហាសុខភាពមួយចំនួន ដែលបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់