តិចនិចងាយៗ ៦ចំណុចមកសាករៀនលើកទឹកចិត្តខ្លួនឯង

  • 2022-07-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានទំនុកចិត្តលើខ្លួនឯងគឺជារឿងសំខាន់ដែលមនុស្សម្នាក់ៗគួរមាន។ មិនថាអ្នកកើតមកមានរូបសម្បត្តិបែបណា មានស្ថានភាពគ្រួសារបែបណា ឬក៏មានជីវិតមិនសមប្រកបយ៉ាងណាក៏ដោយ អ្នកមិនត្រូវភ្លេចនោះទេថាការជឿជាក់លើខ្លួនឯង គឺកូនសោសំខាន់ដែលជួយឲ្យអ្នកអាចធ្វើដំណើរនៅលើផ្លូវជីវិតបានដោយមិនព្រមចុះចាញ់មិនថា អ្នកបានជួបរឿងអ្វីក៏ដោយចុះ។

បើសិនអ្នកកំពុងមានអារម្មណ៍ថា កំពុងតែមើលងាយខ្លួន ឬមិនចូលចិត្តខ្លួនឯងជាខ្លាំង សូមអ្នកបញ្ឈប់គំនិតនោះជាបន្ទាន់ ។ កញ្ញា ចែករំលែកតិចនិច ចំណុចទាំង៦ នេះសាកល្បង ទៅមើល ថាមិនត្រូវអ្នកប្រហែលជាអាចចាប់ផ្តើមមើលឃើញពីភាពសំខាន់របស់ខ្លួន ព្រមទាំងបង្កើនជំនឿចិត្តឲ្យខ្លួនរបស់អ្នកកាន់តែច្រើនក៏ថាបាន។

១. ឈប់យកខ្លួនរបស់អ្នកទៅប្រៀបធៀបជាមួយអ្នកដទៃ មិនថាជារូបរាង ការសិក្សា ឬក៏គ្រួសារ អ្នកមិនគួរយកខ្លួនរបស់អ្នកទៅប្រៀបធៀបជាមួយមិត្តរបស់អ្នកនោះឡើយ។ ការប្រៀបធៀបមិនមែនជារឿងល្អនោះទេ ព្រោះមនុស្សដែលចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃច្រើន តែធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាច្រណែន ហើយប្រសិនបើអារម្មណ៍នោះកាន់តែខ្លាំង វានឹងកាន់តែធ្វើឲ្យអ្នកពិបាកនៅក្នងខ្លួន ហើយក៏កាន់តែស្អប់ខ្លួនឯង។ អ្នកត្រូវរម្លឹកខ្លួនឯងថាការធ្វើបែបនេះ វាគ្មានប្រយោជន៍នោះទេ មនុស្សគ្រប់គ្នាកំពុងរត់ប្រណាំងនៅលើផ្លូវជីវិតដែលមិនដូចគ្នា ហើយសូមចងចាំថាជីវិត គឺមិនមែនជាការប្រកួតប្រជែងឈ្នះចាញ់ឡើយ។

២. មើលថែសុខភាពរបស់អ្នកឲ្យបានល្អ បើអ្នកធ្វើបាបខ្លួនឯងពេក ការដែលអ្នកគេងបានតិច ញ៉ាំអាហារមិនល្អ សម្រកទម្ងន់តាមវិធីមិនត្រឹមត្រូវ មិនធ្វើការហាត់ប្រាណ គឺសុទ្ធតែគំរាមកំហែងដល់សុខភាពរបស់អ្នកទាំងអស់។ ការមើលថែខ្លួនឯងគឺជារឿងសំខាន់ទីមួយដែលអ្នកគួរតែធ្វើ ព្រោះកាលណាអ្នកមានសុខភាពល្អ មានកម្លាំងកំហែងពេញខ្លួនអ្នក នឹងមានអារម្មណ៍ថាមានទំនុកចិត្តលើខ្លួនឯង ដោយមិនបាច់ខំប្រឹងនោះឡើយ។

៣. រៀនលើកទឹកចិត្តខ្លួនឯង ការលើកទឹកចិត្តខ្លួនឯងមានច្រើនរបៀបរួមមាន ការនិយាយលួងលោមខ្លួនឯងនៅពេលដែលអ្នកបានធ្វើនូវកំហុសអ្វីមួយ ឬក៏បានជួបនូវរឿងបរាជ័យណាមួយ។ កុំបន្ទោសខ្លួនឯងមិនមែនជាវិធីល្អ ជាជាងគិតថា "ម្តេចបានជាខ្ញុំល្ងង់បែបនេះ? "ប្តូរមកជាគិតថា" អ្នកណាក៏មានកំហុសដែរ មិនមែនត្រូវរហូតនោះទេ គ្រាន់តែចេះកែ និងរៀនទទួលខ្លះដើម្បីជួសជុល កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ។

៤. រៀនប្រឈមមុខជាមួយការភ័យខ្លាចរបស់ខ្លួនឯង បើអ្នកមានគម្រោងហើយ គិតថាចង់ធ្វើ ប៉ុន្តែព្រោះតែអ្នកគិតថាអ្នកនៅមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ ទើបអ្នកបានផ្អាកគម្រោងនោះសិន ទើបពិចារណាលើរឿងនោះម្ដងទៀត។ ប៉ុន្តែពេលខ្លះវិធីដែលធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯង គឺការដែលអ្នកទៅធ្វើរឿងនោះតែម្ដងដោយមិនរារែកច្រើនទៅវិញទេ កុំប្រពាក្យថាចាំសិន ទុកសិន ឬចាំស្អែក ចាំពេលក្រោយចាំធ្វើ។ ការរៀនជម្នះភាពភ័យខ្លាចរបស់ខ្លួនឯង គឺជាវិធីដែលអាចជួយបង្កើតទំនុកចិត្តដល់ខ្លួនឯង បានយ៉ាងប្រសើរ សាកល្បងជាមួយគ្រួសាររបស់អ្នក ឬក៏ជា មួយមិត្តក៏បាន វាសុទ្ធតែជួយផ្តល់ទំនុកចិត្តដល់អ្នកបានទាំងអស់។

៥. គួរសាកល្បងប្រឆាំងជាមួយខួរក្បាល ពេលខ្លះខួរក្បាលបានបញ្ជាអ្នកមិនឲ្យនិយាយ ឬក៏មិនឲ្យអ្នកធ្វើនូវរឿងអ្វីមួយ វាបានប្រាប់អ្នកថាអ្នកមិនសមនឹងធ្វើរឿងនោះឡើយ ឬមិនអ៊ីចឹងទេក៏ប្រាប់អ្នកថាធ្វើទៅមិនជោគជ័យដដែល តើធ្វើដើម្បីអ្វី? ប៉ុន្តែអ្នកគួរតែដឹង ដឹងថា វិធីដែលល្អបំផុតដើម្បីបំបាត់គំនិតអវិជ្ជមានទាំងនោះ នោះគឺការផ្ចាញ់ផ្ចាលនឹងវា រៀនជម្នះ។ ហើយ ការធ្វើអ្វីមួយដោយការមិនស្រួលចិត្ត ការបង្កឲ្យមានកំហុសខ្លះៗគឺមិនបានអាក្រក់ទាំងអស់នោះទេ ហើយសូមចងចាំថាគ្រប់ពេល ដែលអ្នកបានឆ្លងកាត់នូវរឿងពិបាក វាស្មើនឹងការដែលអ្នកក៏បានបន្ថែមទំនុកចិត្តដល់ខ្លួនឯងបន្ថែមទៀតផងដែរ។ សរុបមកការមានទំនុកចិត្តលើខ្លួនឯងក្នុងកម្រិតដ៏សមស្របមួយ គឺជារឿងសំខាន់បំផុត។

៦. អបអរខ្លួនឯង ត្រូវចេះសរសើរខ្លួនឯងទទួលស្គាល់ជោគជ័យ ទោះតិចតួចក្ដី។ ព្យាយាមផ្ដោតលើអ្វីយើងគិតថាជាចំណុចខ្វះខាត និងកែលម្អឡើងវិញ កាន់តែជួយឲ្យជំនឿចិត្តយើងមោះមុតខ្លាំងឡើង។ គោលដៅសុខភាពអាចសម្រាប់សុខភាពផ្លូវកាយ និងពេលខ្លះក៏អាចសម្រាប់សុខភាពផ្លូវចិត្ត ដូចជា គ្រប់គ្រងលើការឈឺចាប់ ភាពតានតឹង អារម្មណ៍ឆេវឆាវ ឬអាចជួយយើងចេះប្រើគំនិតវិជ្ជមាន ឈានទៅរកជោគជ័យថ្មីមួយ ប្រសើរជាងអង្គុយគិតថាខ្លួនឯងបរាជ័យ។ ទោះជាគោលដៅអ្វីក៏ដោយ ត្រូវប្រាកដថា យើងអាចជួយឲ្យខ្លួនឯងប្រសើរជាងមុនបន្តិចម្តងៗ។ លទ្ធផលទទួលបានតិចតួចក្ដី ក៏គួរចាត់ទុកជាជោគជ័យមួយដែរ ព្រោះបានចាប់ផ្តើមធ្វើ។ ពិសេសក្រោយទទួលបានជោគជ័យ រង្វាន់សម្រាប់ខ្លួនយើង អាចជាការថតរូប ឬរក្សាទុកកំណត់ហេតុ គំនិតវិជ្ជមាន ក៏ជាផ្នែកមួយជួយលើកទឹកចិត្តសម្រាប់គោលដៅផ្សេងៗទៀតនាពេលអនាគត។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម