៨ ចំណុចគួរពិចារណា ថាគួរតែនៅស៊ូទ្រាំ ឬក៏គួរតែដើរចេញពីទំនាក់ទំនងស្នេហានោះ

  • 2022-07-01 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពជឿទុកចិត្ត និងភាពស្មោះត្រង់គឺដើរតួយ៉ាងសំខាន់បំផុតនៅក្នុងទំនាក់ទំនងស្នេហារបស់ដៃគូនីមួយៗ ប៉ុន្តែប្រសិនបើពួកគេមិនមានពួកវាទេ ជីវិតស្នេហារបស់ពួកគេអាចនឹងអាប់អួលគ្មានសុភមង្គលឡើយ។ តែអ្នកត្រូវដឹងថាគ្រប់ដៃគូទាំងអស់នឹងជួបបញ្ហាទាំងនេះដូចៗគ្នា គ្រាន់តែថាដៃគូខ្លះចេះធ្វើការដោះស្រាយ និងមួយចំនួនទៀតដែលមិនដោះស្រាយអាចនឹងឈានដល់ការឈ្លោះទាស់ទែង បែកបាក់ និងចែកផ្លូវគ្នា។

នៅពេលដែលអ្នកឈានដល់ចំណុចមួយនេះ ការឈ្លោះប្រកែកគ្នា និយាយមិនដែលត្រូវគ្នា ធុញទ្រាន់នឹងគ្នា ហើយសូម្បីតែទំនាក់ទំនងផ្លូវភេទក៏អ្នកទាំងពីរមិនចង់បន្ដទៀតនោះ វាបញ្ជាក់បានយ៉ាងច្បាស់ថាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរកំពុងស្ថិតនៅក្នុងវិបត្តិស្នេហាហើយ។

ប្រសិនបើអ្នកមិនដឹងថាអ្នកគួរតែនៅស៊ូទ្រាំ ឬក៏គួរតែដើរចេញពីទំនាក់ទំនងស្នេហានោះ អ្នកគួរតែពិនិត្យមកលើចំណុចទាំងប្រាំបីខាងក្រោមនេះដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា អ្នកគួរតែបញ្ចប់វាទៅ៖

  • ការឈ្លោះប្រកែកគ្នាដែលឈានដល់អំពើហិង្សាទាំងផ្លូវចិត្ត និងរាងកាយ
  • មានជម្លោះមិនចេះចប់ ហើយមានរយៈពេលយូរពេកបើទោះបីជាអ្នកខិតខំព្យាយាមដោះស្រាយយ៉ាងណាក៏ដោយ
  • នៅពេលដែលអ្នកទាំងពីរបាត់បង់ភាពទុកចិត្តចំពោះគ្នា និងមិនមានឆន្ទៈក្នុងការបង្កើតវាសារជាថ្មី
  • ការប្រចណ្ឌហួងហែងខ្លាំងពេកទៅលើគ្រប់សកម្មភាពទាំងអស់ដែលអាចបង្កជាជម្លោះគ្រប់ពេលវេលា
  • ពេលភាគីណាមួយរកលេសឬចំណាយពេលច្រើនលើសលុបជាមួយអ្នកដទៃជាជាងជាមួយអ្នក
  • ពេលដែលមានការពិភាក្សាដោះស្រាយបញ្ហា ហើយភាគីណាមួយបានត្រឹមសន្យាតែមិនបានធ្វើការផ្លាស់ប្តូរទាល់តែសោះ
  • នៅពេលដែលដឹងថាភាគីណាមួយកំពុងតែក្បត់ ឬក៏បានធ្វើអំពើក្បត់នោះរួចទៅហើយ
  • និងនៅពេលដែលទំនាក់ទំនងផ្លូវភេទរបស់អ្នកទាំងពីរសឹងតែគ្មានទាល់តែសោះ

អ្នកត្រូវព្យាយាមជួសជុលវាជាមុនសិន មុននឹងអ្នកសម្រេចចិត្តបញ្ចប់ដើរចេញនោះ ពីព្រោះគ្មានស្នេហាណាដែលល្អឥតខ្ចោះនោះទេ។ គ្រប់ដៃគូទាំងអស់នឹងជួបបញ្ហាទាំងនេះ គ្រាន់តែថាតិចឬច្រើន ប៉ុន្តែប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរមានចំណុចទាំងប្រាំបីនេះកើតឡើងជាញឹកញាប់សឹងតែគ្រប់ពេលវេលានោះ អ្នកដឹងខ្លួនឯងហើយថាត្រូវធ្វើយ៉ាងណានោះ៕

ចុចអានបន្ត៖ ប្រភេទសារទាំង ៨ យ៉ាងនេះអាចបញ្ជាក់យ៉ាងច្បាស់ថាគេនោះកំពុងតែចាប់អារម្មណ៍មកលើអ្នក

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម