រឿងទាំង ៧ យ៉ាងនេះដែលអ្នកមិនគួរចំណាយពេលវេលាទៅលើវាដាច់ខាត

  • 2022-06-29 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានជីវិតគឺមានតម្លៃខ្លាំងណាស់ តែពេលខ្លះតើអ្នកធ្លាប់ដែលគិតទេថាអ្នកកំពុងតែចំណាយពេលវេលាអត់ប្រយោជន៍ក្នុងភាពយុវវ័យរបស់អ្នក? ជាពិសេសនោះវ័យចន្លោះពី ១៨ ទៅ ២០ ឆ្នាំជាងគឺជាវ័យដ៏សំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ ពីព្រោះវាគឺជាពេលដែលពួកគេចូលចិត្តភាពសប្បាយរីករាយ ជួបជុំបង្កើតមិត្តភក្តិថ្មីៗ ឬក៏សង្សារ និងជាពេលដែលពួកគេខិតខំស្វែងយល់អំពីខ្លួនឯង។

ពេលខ្លះអ្នកក៏បានធ្វើការគិតនឹងសួរសំណួរខ្លួនឯងថា ខ្លួនវ័យប៉ុននេះហើយតើបានធ្វើអ្វីខ្លះ មានអ្វីខ្លះហើយឬនៅ ឬមួយក៏ខ្លួនកំពុងតែចំណាយពេលវេលាឥតប្រយោជន៍។ ហេតុដូច្នេះហើយបានជាក្នុងវ័យនីមួយៗអ្នកត្រូវដឹងថា អ្វីដែលគួរឬមិនគួរធ្វើ ដើម្បីអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលអ្នកកុំចំណាយពេលអត់ប្រយោជន៍ជាមួយវាឲ្យសោះ ជាពិសេសនៅក្នុងភាពយុវវ័យរបស់អ្នក៖

  • ស្ត្រេសអំពីរឿងគ្រប់សព្វបែបយ៉ាងដែលអ្នកមិនគួរចំណាយពេលវេលាទៅលើវាឡើយ
  • ភាពខ្មាសអៀនគ្រប់រឿងទាំងអស់ដែលអាចរារាំងទៅលើភាពជោគជ័យរបស់អ្នកបាន
  • ការបង្ខំខ្លួនឯងក្នុងការធ្វើការងារណាដែលឪពុកម្តាយរបស់អ្នកតម្រូវ ឬចង់ឲ្យអ្នកធ្វើ
  • ការចំណាយពេលវេលាប្រចាំថ្ងៃទៅលើប្រព័ន្ធបណ្តាញសង្គមច្រើនហួសកម្រិត
  • ការចំណាយលុយកាក់ទៅលើរបស់របរដែលអ្នកមិនត្រូវការ ឬមិនចាំបាច់
  • ការកុហកខ្លួនឯងក៏ព្រោះតែអ្នកចង់ឲ្យមនុស្សដទៃទៀតចូលចិត្តអ្នកកាន់តែខ្លាំងឡើង
  • និងការប្រៀបធៀបខ្លួនឯងជាមួយមិត្តភក្តិ ឬអ្នកដទៃដែលល្អជាងខ្លួនដែលធ្វើឲ្យអ្នកមិនដែលសប្បាយចិត្តចំពោះខ្លួនឯងឡើយ

ហើយអ្នកត្រូវចាំថារាល់រឿងគ្រប់យ៉ាងដែលអ្នកបានឆ្លងកាត់ទាំងនោះវាមិនមែនអត់ប្រយោជន៍នោះទេ តែអ្វីៗដែលបានកើតឡើងក្នុងឆាកជីវិតរបស់អ្នកវាគឺជាបទពិសោធសម្រាប់ជីវិត វាជាមេរៀនដែលអាចឲ្យអ្នកធ្វើការកែលម្អឲ្យបានល្អប្រសើរឡើងទៅថ្ងៃអនាគត៕

ចុចអានបន្ត៖ អត្ថប្រយោជន៍ល្អៗ ដែលអ្នកនឹងទទួលបានពីការមានភាពវិជ្ជមាននៅក្នុងខ្លួនជាប្រចាំ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម