៥ សញ្ញាសំខាន់ៗ ដែលបញ្ជាក់ថាកូនៗរបស់អ្នកកំពុងតែមានភាពតានតឹងនឹងស្ត្រេសធ្ងន់ធ្ងរ
- 2022-06-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សញ្ញាសំខាន់ៗ ដែលបញ្ជាក់ថាកូនៗរបស់អ្នកកំពុងតែមានភាពតានតឹងនឹងស្ត្រេសធ្ងន់ធ្ងរ
ការត្អូញត្អែរថាឆាកជីវិតគឺពិតជាពិបាក ការព្រួយបារម្ភអំពីការធ្វើតេស្តឬកិច្ចការសាលា ការបដិសេធមិនទៅដើរលេងជាមួយមិត្តភក្តិសុទ្ធសឹងតែជាសញ្ញាដែលបង្ហាញថាកូនៗរបស់អ្នកអាចមានភាពតានតឹង និងជំងឺស្ត្រេស។ ប្រសិនបើភាពតានតឹងទាំងនោះមានរយៈពេលខ្លីវាអាចជារឿងល្អសម្រាប់កូនៗរបស់អ្នកក្នុងការជំរុញពួកគេឲ្យមានភាពស្វាហាប់ក្នុងការសិក្សា និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងនានា។ ប៉ុន្តែប្រសិនបើស្ត្រេសនៅកាន់តែយូរវាក៏អាចជះឥទ្ធិពលអវិជ្ជមានបានផងដែរ ជាពិសេសបើវាកំពុងតែបន្តឈានដល់កម្រិតធ្ងន់ធ្ងរ និងមិនត្រូវបានដោះស្រាយទាន់ពេលវេលានោះ។
ក្នុងនាមជាឪពុកម្តាយអ្នកគួរតែយកចិត្តទុកដាក់ឲ្យមែនទែន ប្រសិនបើកូនៗរបស់អ្នកបង្ហាញពីការផ្លាស់ប្តូរអាកប្បកិរិយា ឬការធ្វើសកម្មភាពខុសប្លែកពីធម្មតា វាជារោគសញ្ញានៃភាពតានតឹងរបស់ក្មេងៗដែលភាគច្រើននៃពួកគេមានផលវិបាកក្នុងការប្រាប់មនុស្សធំដើម្បីធ្វើការដោះស្រាយ។ ភាពតានតឹង និងស្ត្រេសដែលមិនបានដោះស្រាយនឹងអាចបណ្ដាលឲ្យមានបញ្ហាសុខភាពរាងកាយនឹងផ្លូវចិត្តបានដូចជាជំងឺបេះដូង សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺដទៃទៀតរួមទាំងការធ្លាក់ទឹកចិត្ត និងការថប់បារម្ភជាដើមដែលធ្វើឲ្យក្មេងនោះប្ដូរអតចរិតទាំងស្រុង។
ហេតុអ្វីបានជាក្មេងសព្វថ្ងៃនេះច្រើនតែមានភាពតានតឹង? ខាងក្រោមនេះគឺជាកត្តាចម្បងមួយចំនួនដែលអាចបង្កឲ្យមានភាពតានតឹង ស្ត្រេស ចំពោះក្មេងៗនាពេលបច្ចុប្បន្ននេះ៖
១. ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាផ្នែកសំខាន់មួយនៃជីវិតយុវវ័យបច្ចុប្បន្ននេះដែលអនុញ្ញាតឲ្យពួកគេធ្វើអន្តរកម្មជាមួយមិត្តភក្តិរបស់ពួកគេ និងការភ្ជាប់ទំនាក់ទំនង ប៉ុន្តែវាក៏អាចនាំឲ្យមានការកើនឡើងនូវកម្រិតស្ត្រេសបានផងដែរ ជាពិសេសប្រសិនបើក្មេងជំទង់ត្រូវបានគេវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត។ លើសពីនេះការចំណាយពេលច្រើនលើសលុបតាមបណ្តាញសង្គមអាចបណ្តាលឲ្យកម្រិតស្ត្រេសកើនឡើងប្រសិនបើពួកគេជួបរឿងមិនល្អ ឬការខ្វែងគំនិតគ្នាជាដើម។
២. មានកាលវិភាគដែលត្រូវធ្វើច្រើនជ្រុល សកម្មភាពដូចជាកីឡា តន្ត្រី របាំនឹងសិល្បៈអាចជាវិធីដែលជួយបំបាត់ភាពតានតឹង ប៉ុន្តែវាអាចជាការបន្ថែមកាតព្វកិច្ចដែលត្រូវធ្វើនោះទេបន្ទាប់ពីមេរៀន។ ពួកគេត្រូវការចំណាយពេលជាច្រើនដើម្បីផ្ដោតទៅលើការសិក្សា និងសកម្មភាពទាំងនោះរហូតដល់លែងមានពេលទំនេរសម្រាប់ខ្លួនឯងដែលត្រូវបានគេចាត់ទុកថាជាប្រភពនៃភាពតានតឹងក្នុងចិត្តសម្រាប់យុវវ័យ។ ការចូលរួមជ្រុលពេកអាចធ្វើឲ្យប៉ះពាល់ដល់ភាពធន់ និងការជឿជាក់លើខ្លួនឯង ហើយកម្រិតស្ត្រេសអាចចាប់ផ្តើមកើនឡើងខ្ពស់។
៣. ការប្រើភាពជាឪពុកម្តាយច្រើនពេកមកលើកូន ជារឿងធម្មតាទៅហើយសម្រាប់ឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់ មើលថែរក្សារការពារកូនៗរបស់ពួកគាត់ ប៉ុន្តែការប្រើភាពជាឪពុកម្តាយច្រើនពេកទៅលើកូនឬហៅថា “ការស្រាឡាញ់ការពារហួសជ្រុល” ដោយមិនចង់ឲ្យកូនជួបការលំបាក ការឈឺចាប់ក្នុងការរស់នៅប្រចាំថ្ងៃអាចបង្កើតបានជាបញ្ហាវិញទេ។ ប្រសិនបើឪពុកម្តាយប្រើរបៀបរស់នៅបែបនេះទៅកាន់កូនៗវានឹងធ្វើឲ្យក្មេងៗជួបប្រទះនូវផលវិបាកពីតូចទៅរហូតដល់បាត់បង់សមត្ថភាពក្នុងការរៀនសូត្រពីកំហុសរបស់ពួកគេ។
៤. បញ្ហាអំពីជំងឺរាតត្បាតកូវីដ មនុស្សគ្រប់គ្នាបានទទួលស្គាល់ថាបញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យជីវិតរស់នៅរបស់មនុស្សជាច្រើនធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនោះគឺសម្រាប់យុវវ័យដោយសារការមិនបានចូលសាលារៀន ការជួបជុំមិត្តភក្ដិរបស់ពួកគេដែលបង្កើតជាភាពតានតឹងព្រួយបារម្ភ និងឈានទៅរកជំងឺស្ត្រេសយ៉ាងធ្ងន់ធ្ងរ។ ពួកគេមិនដឹងថាតើរយៈពេលប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀតទើបពួកគេអាចចូលរៀនបញ្ចប់ការសិក្សា និងចាប់ផ្ដើមឆាកជីវិតរបស់ពួកគេបាន។
សម្រាប់ក្មេងៗជំទង់ដែលជួបភាពតានតឹងពេញមួយថ្ងៃឬជារៀងរាល់ថ្ងៃអាចផ្លាស់ប្តូរប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធខួរក្បាលរបស់ពួកគេបានដែលធ្វើឲ្យការឆ្លើយតបរបស់ពួកគេទៅនឹងអ្វីមួយគឺមានកំហឹង ខឹង ហើយយកតែឈ្នះឬត្រូវ។ ទាំងនេះអាចបណ្ដាលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តដោយសារតែក្មេងជំទង់មិនតម្រូវឲ្យមានការបញ្ចេញសារធាតុអ័រម៉ូនខ្លាំងតាមរយៈសរសៃឈាមរបស់ពួកគេគ្រប់ពេលនោះទេ។ ក្មេងជំទង់ខ្លះមិនដែលបង្ហាញឬនិយាយប្រាប់ថាពួកគេកំពុងតែមានភាពតានតឹងខ្លាំងទៅកាន់ឪពុកម្ដាយឡើយ ផ្ទុយទៅវិញឪពុកម្ដាយគឺជាអ្នកដែលឃ្លាំមើលទៅលើការផ្លាស់ប្ដូរឥរិយាបថរបស់កូនៗដើម្បីដឹងថាតើពួកគេត្រូវការជំនួយបន្ថែមឬអត់៕
ចុចអានបន្ត៖ ផលប៉ះពាល់សុខភាព ដែលបណ្ដាលមកពីការគេងបើកភ្លើងនៅពេលយប់