កំណើននៃការចូលរួមរបស់ក្មេងស្រីក្នុងវិស័យកីឡា ជាអ្វីដែលពិភពលោកចង់ឃើញ
- 2022-05-24 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំណើននៃការចូលរួមរបស់ក្មេងស្រីក្នុងវិស័យកីឡា ជាអ្វីដែលពិភពលោកចង់ឃើញ
ការលេងកីឡា បានជួយដល់សុខភាព និងកាយសម្បទារបស់កុមារបានយ៉ាងច្រើន។ ប៉ុន្តែបើយោងតាមការសិក្សាឃើញថា មានកុមារី និងក្មេងស្រីតិចណាស់ដែលចាប់អារម្មណ៍លើវិស័យមួយនេះ។
ផ្អែកតាមការសិក្សាស្រាវជ្រាវពី Women in Sport and the Youth Sport Trust (WSYS) មានក្មេងស្រី 56% ប៉ុណ្ណោះ ដែលចាប់ផ្តើមសកម្មភាពកីឡាបើធៀបនឹងក្មេងប្រុស 71% ហើយក្នុងនោះ 45% នៃក្មេងស្រីមើលឃើញពីភាពសំខាន់នៃការអប់រំកាយ បើធៀបនឹងក្មេងប្រុស 60%។ អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ ក្មេងស្រីចាប់ពីអាយុ៧ឆ្នាំ បាត់បង់ចំណាប់អារម្មណ៍លើការលេងកីឡាគួរឲ្យកត់សម្គាល់។
អាស្រ័យហេតុនេះហើយ ការលើកទឹកចិត្ត និងជម្រុញបន្ថែមដល់ក្មេងស្រី ក្នុងវិស័យកីឡា ជារឿងសំខាន់និងមិនគួរមើលរំលង ឲ្យដូចជាក្មេងប្រុសដែរ។ មួយវិញទៀត ការផ្សព្វផ្សាយ មិនថាតាមទីសាធារណៈក៏ជួយមួយផ្នែកផងដែរ ដើម្បីឲ្យក្មេងស្រីកាន់តែយល់ច្បាស់ថា ការរីកចម្រើនលើកាយសម្បទាគឺជាប្រយោជន៍មួយដែលបានពីកីឡា។ មិនតែប៉ុណ្ណោះ ក៏ត្រូវមានការណែនាំ បង្ហាញពីស្នាដៃ គំរូ ឬទេពកោសល្យរបស់អត្តពលិកឆ្នើម ឬកីឡាការីនីល្បីៗដូចជាកីឡាហែលទឹក បាល់ទាត់… ដែលធ្លាប់ឈ្នះមេដាយ ដល់មហាជនឲ្យបានស្គាល់។ លើសពីនេះ ក៏ត្រូវមានសារជាគំរូបន្ថែមដើម្បីជម្រុញឲ្យក្មេងស្រីកាន់តែចាប់អារម្មណ៍លើកីឡាផងដែរ។
ដូច្នេះហើយ ការបំផុសលើក្មេងស្រីឲ្យមើលឃើញពីគុណបប្រយោជន៍នៃការលេងកីឡា ដែលពាក់ព័ន្ធនឹងកាយសម្បទា ដាច់ខាតត្រូវតែមាន ពិសេសកុមារីអាយុចាប់ពី៧ឆ្នាំ។ ក្រៅពីនេះ នៅតាមស្ថាប័ន ឬសាលារៀនគួរមានសកម្មភាព ឬការប្រកួតកីឡា មួយសប្តាហ៍ម្តង ឬច្រើនជាងនេះ ដែលជួយបង្កើនការចូលរួមរបស់ក្មេងស្រីក្នុងវិស័យនេះរយៈពេលយូរ៕
ប្រសិនបើអ្នកចាប់អារម្មណ៍កម្មវិធីជុំរុំបាល់ទាត់នារីដំបូងបង្អស់នៅកម្ពុជា អាចណែនាំប្អូនស្រី ក្មួយស្រី កូនស្រី របស់អ្នកមានអាយុ ៦ -១២ឆ្នាំ ចូលរួមចុះឈ្មោះជាមួយ GO FC តាមដំណនេះ Link សូមបញ្ជាក់ កម្មវិធីជំរុំបាល់ទាត់ នឹងរៀបចំនៅថ្ងៃ ២៩ ឧសភា ម៉ោង ៤- ៦:៣០ល្ងាច នៅទីលាន CIS Roller Dome។ ចុះឈ្មោះមុន ដើម្បីចូលរួមវគ្គហ្វឹកហាត់ជាមួយ GO FC ៕