គន្លឹះសាមញ្ញៗ និងងាយៗបំផុតក្នុងការសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស

  • 2022-05-10 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានភាពមមាញឹករៀងៗខ្លួន មិនថាអ្នកធ្វើការ សិស្សសាលា ឬអ្នករកស៊ីក៏ដោយ។ អ្នកប្រហែលជាបានព្យាយាមខ្លាំងណាស់ដែរ ទាំងការអាន ការស្រាវជ្រាវអំពីរបៀបដែលធ្វើឲ្យស្រកទម្ងន់ ឡើងគីឡូ ឬក៏ដើម្បីសុខភាពល្អ។ អ្នកខ្លះក៏ទទួលបានផលយ៉ាងគាប់ចិត្ត ហើយខ្លះទៀតក៏មិនបានផលល្អដូចដែលខ្លួនប៉ងចង់បានឡើយ។

កាន់តែរវល់ គីឡូក៏កាន់តែឡើងខ្លាំង! តើអ្នកមានរូបមន្តល្អៗអ្វីខ្លះក្នុងការសម្រកទម្ងន់? វាសំខាន់ណាស់ដែលអ្នកជ្រើសរើសវិធីហាត់ប្រាណ ឬក៏របបអាហារឲ្យបានត្រឹមត្រូវទៅនឹងអ្វីដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់។ កុំបារម្ភអី មកអនុវត្តតាមទម្លាប់បែបសាមញ្ញ និងងាយៗទាំងនេះដើម្បីឲ្យមានរាងស្អាត និងសុខភាពល្អប្រសើរខណៈពេលដែលអ្នកមិនមានពេលគ្រប់គ្រាន់។

វិធីងាយៗទាំងបួនខាងលក្រោមនេះដែលអាចជួយដល់អ្នកដែលមិនសូវមានសុខភាពល្អ អ្នកស្គម ឬអ្នកធាត់ឲ្យមានរាងស្អាត និងសុខភាពល្អប្រសើរឡើងវិញបាន៖

១. កាហ្វេខ្មៅ កាហ្វេខ្មៅមួយពែងគឺគ្មានជាតិកាឡូរីទេ បើសិនមិនចេះញុំាកាហ្វេខ្មៅ សាកលាយជាមួយទឹកដោះគោស្រស់វិញ។

២. អាហារសម្រន់ ជំនួសអាហារទាំងនោះទៅជាគ្រាប់ធុញ្ញជាតិ ទឹកដោះគោជូរ បន្លែ និងផ្លែឈើគ្រប់មុខដែលជាអាហារសម្រន់ និងអាហារបំប៉នដ៏ល្អ។

៣. ទឹកដោះគោ ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតដែលជួយផ្តល់ថាមពល និងជួយបង្កើនការរំលាយអាហាររបស់អ្នកឲ្យដំណើរការល្អ ហើយនឹងជួយអ្នកក្នុងការសម្រកទម្ងន់បានលឿននឹងមានសុខភាពល្អ។

៤. អាហារពេលល្ងាច ចង់ស្រកឆាប់មែនទេ! អ៊ីចឹងគួរតែប្តូររបបអាហារពេលល្ងាចហើយ។ ព្យាយាមញុំាប្រភេទស៊ុបក្តៅៗដែលមានបន្លែច្រើននឹងកុំញុំាបាយ ញុំាជាប្រភេទសាលាដ ហើយជាពិសេសនោះគឺការផឹកទឹកក្តៅឧណ្ឌៗមួយកែវមុនពេលចូលគេង។

ក្រៅពីវិធីទាំងបួនខាងលើអ្នកគួរតែចំណាយពេលហាត់ប្រាណខ្លះ ពីព្រោះការហាត់ប្រាណគឺជាវិធីក្នុងការកំចាត់ជាតិពុលចេញពីក្នុងខ្លួនបានយ៉ាងល្អ ហើយនឹងដើម្បីឲ្យរាងកាយរបស់អ្នកបានបញ្ចេញភាពសកម្មខ្លះ មិនថាអ្នកកំពុងរវល់យ៉ាងណាក៏ដោយ។ ការតាំងចិត្តនឹងកំណត់គោលដៅក៏ជាវិធីដ៏ល្អមួយទៀតដើម្បីឲ្យអ្នកផ្តោតអារម្មណ៍ និងមានទំនួលខុសត្រូវចំពោះអ្វីដែលអ្នកចង់បាន ពីព្រោះសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកថែរក្សាសុខភាពឲ្យបានដិតដល់ដើម្បីសម្រេចគោលដៅនូវអ្វីដែលអ្នកចង់បាន៕

ចុចអានបន្ត៖ ប្រភេទអាហារ ៦ យ៉ាងនេះអាចជួយដល់បញ្ហាសុខភាពក្នុងកំឡុងពេលមករដូវបាន

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម