តិកនិក ៧ ចំណុចជួយគូស្នេហ៍ដោះស្រាយជម្លោះស្នេហាបានយ៉ាងងាយ និងមិនប្រេះស្រាំយូរ

  • 2022-05-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជម្លោះប្រៀបបានដូចជាការដកដង្ហើមចេញចូលអញ្ជឹងដែរ ប៉ុន្តែគ្រាន់តែមានមនុស្សជាច្រើនយល់ថា ជម្លោះធ្វើឲ្យសម្ពន្ធភាពមិត្តភាពលែងផ្អែមល្ហែម នឹងមានការស្រាំប្រេះមើលមុខគ្នាលែងចំ។

កញ្ញា សូមបង្ហាញពីដំណោះស្រាយងាយៗមួយចំនួនដែលអ្នកគួរតែស្វែងយល់ និងក្រឡេកមើលក្រោយសារដើមពីគ្នាឲ្យបានច្រើន ហើយសួរខ្លួនឯងក្នុងបំណងប្រាកដចិត្តណាមួយហេតុអ្វីថ្ងៃមុនជួបគ្នា អាចនៅក្បែរគ្នា អាចនិយាយជាមួយគ្នានឹងងថែមទាំងព្រមទទួលការស្រលាញ់ពីគ្នាបាន ចុះហេតុអ្វីថ្ងៃនេះមានជម្លោះឈ្លោះគ្នាមិនចង់ជួបគ្នា។

១. មកពីយកអារម្មណ៍ប្រកាន់រៀងខ្លួនមកប្រើ​ តាមពិតជម្លោះកើតមានពេលដែលគំនិតរបស់មនុស្សពីរនាក់មិនចុះសម្រុង យកអារម្មណ៍រៀងៗខ្លួនមកប្រើ ឬបញ្ច្រាសទិសគ្នាដែលឲ្យភាគីម្ខាងៗមិនអាចទទួលយកបាន។ មិនថាជម្លោះកើតឡើងដោយមូលហេតុអ្វីទេ វាផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន។ បើសិនជាអ្នកចេះបែងចែក ពីជម្លោះ​ វាអាចផ្ដល់ឲ្យអ្នកមានការយល់ចិត្តកាន់តែជ្រាលជ្រៅ បង្កើនភាពជិតស្និទ្ធលើសមុន និងកាន់តែមានការគោរពរវាងគូស្នេហ៍ ប៉ុន្តែបើអ្នកមិនចេះទេ វានឹងផ្ដល់នូវភាពសៅហ្មងក្នុងជីវិត ធ្វើឲ្យអ្នកមិនចេះក្នុងការបែកបាក់ ឬដោះស្រាយបញ្ហាទាំងនោះ។

២. ស្តាប់ហេតុផល និងមិនគួរដេញដោលច្រើនពេកពីភាគីម្ខាងៗ​ បើសិនជាមនុស្សមួយចំនួនយកការបំភ្លេចចោលជាដំណោះស្រាយ ហើយគិតថារឿងកន្លងហួសហើយឲ្យវាកន្លងហួសទៅចុះ ឬក៏ព្យាយាមគិតថាពេលខ្លះវាជាចរិតធម្មជាតិរបស់ភាគម្ខាងទៀត ហើយកុំចចេសសួរដេញដោលច្រើន។ កាលណាគ្មាននរណាម្នាក់មិនមានការរិះរកដំណោះស្រាយទប់ស្កាត់មុនពេលដែលបញ្ហារាលដាលកាន់តែធំ វាអាចនាំឲ្យឈានដល់ការចែកផ្លូវនាពេលអនាគតបាន។

៣. និយាយជាមួយគ្នាឲ្យបានច្រើន ទាំងចំណុចអវិជ្ជមាននឹងវិជ្ជមាន ចេះជួយដោះស្រាយគ្នា មិនទំលាក់កំហុសឲ្យភាគីណាមួយ និងចេះសួរនាំខ្លះថា តើត្រូវដោះស្រាយដោយរបៀបណា? ចម្លើយគឺការនិយាយគ្នា ប្រាប់ដៃគូអ្នកពីអារម្មណ៍របស់អ្នកចំពោះបញ្ហានោះ។ កុំបន្ទោសគ្នាទៅវិញទៅមក និងរៀនទទួលកំហុសបើអ្នកខុស​ កុំអាងអីចង់ចែកផ្លូវ! ឬស្ងាត់ស្ងៀម វាមិនបញ្ចប់បញ្ហាដែលកំពុងកើតឡើងនោះទេ ទោះនិយាយពេលនេះភាគីម្ខាងមិនយល់ក៏ដោយ​ វាអាចជួយជួសជុលកែបញ្ហាឲ្យត្រលប់មកល្អជាមួយគ្នាវិញបាន។

៤. គួរបង្ការ និងជៀសរាល់ពាក្យសម្តី​ណាមួយដែលនាំឲ្យមានការប៉ះពាល់គ្នា​​ ការដោះស្រាយជម្លោះមានផ្សេងៗគ្នា ពីព្រោះភាគីខ្លះអាចនិយាយគ្នា​តែពីរនាក់ក៏ត្រូវគ្នា យល់ពីគ្នា តែក៏មានភាគីខ្លះទៀតពិបាកចុះសម្រុង ដែលត្រូវការពេលវេលាស្រុះស្រួល​ ឬមានអ្នកជួយសម្របសម្រួលទើបបកមកល្អជាមួយគ្នាបាន។ ដូច្នេះត្រូវនិយាយគ្នាដើម្បីដោះស្រាយបញ្ហាដែលប្រឈម និងចូលរួមកាត់បន្ថយរាល់ទង្វើ ឬពាក្យសម្តីដែលមិនគួរនិយាយ ដែលនាំឲ្យប៉ះពាល់គ្នា ហើយនាំឲ្យមានផលអាក្រក់ដល់ទំនាក់ទំនងរបស់អ្នក។

៥. មិនត្រូវគុំទុកក្នុងចិត្ត និងអូសបន្លាយពេលមកចាប់កំហុសបន្តបន្ទាប់ ត្រូវដោះស្រាយជម្លោះភ្លាមៗ មិនត្រូវគុំទុកក្នុងចិត្តទុក ដើម្បីប្រើនៅពេលក្រោយនោះឡើយ។ តែបើភាគីទាំងពីរ នៅទុកនៅគុំពេលមានបញ្ហាជាមួយគ្នា ពេលមានជម្លោះនៅពេលក្រោយ ពួកគេតែងតែលើកចំណុចដដែលៗមកតាមចាប់កំហុស ដែលវាហាក់ដូចជាការបន្ថែមបញ្ហាអញ្ចឹង។ គួរបោះចោលឲ្យអស់ និងបំភ្លេចការចង់ចាំដែលមិនល្អរវាងគ្នា ហើយព្យាយាមយល់អំពីដៃគូរបស់អ្នកថា ចូលចិត្តនឹងមិនចូលចិត្តអ្វី ដែលអាចបញ្ចៀសការមានជម្លោះនៅពេលក្រោយបាន ហើយជាពិសេសនោះ ការដឹងនឹងស្គាល់ចរិតគ្នាច្បាស់ក៏ជារឿងល្អសម្រាប់ការដោះស្រាយបញ្ហាផងដែរ។

៦. មិនគួរធ្វើខ្លួនជាមនុស្សចិត្តស្រាលដូចពេលខ្លួនមួយនោះទេ នៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើដៃគូអ្នកជាមនុស្សចិត្តស្រាល គេប្រហែលជាឆាប់ខឹងឆេវឆាវនៅពេលមានការប៉ះទង្គិចគ្នា។ ពេលខ្លះទុកពេលវេលាជាអ្នកដោះស្រាយ ផ្សះផ្សារចិត្តគ្នាវិញល្អជាង។ អ្នកគួរដឹងថាមិនអាចធ្វើដូចខ្លួនមួយយកតែឈ្នះ តាមចិត្តចង់បានមិនខ្វល់ពីអារម្មណ៍ដៃគូនោះឡើយ ជួយរកពីឬសគុលនៃបញ្ហា ជួយជួសជុលគ្នា ជួយផ្លាស់ប្តូរទម្លាប់គិតឲ្យគ្នា ចេះអត់អោនឲ្យគ្នា បើសិនជាអ្នកនៅតែស្រលាញ់គ្នា ចង់រស់នៅជាមួយគ្នានោះ។

៧. រកវីធីបញ្ចប់ជម្លោះដោយសន្តិវិធី សូមយកជម្លោះរវាងអ្នកទាំងពីរមកគិត​ និងដោះស្រាយរួមគ្នា ហើយនឹកឃើញថ្ងៃដំបូងដែលស្រលាញ់គ្នាថា តើពិបាកយ៉ាងណាទម្រាំបានមកដល់ចំណុចនេះ។ ប៉ុន្តែត្រូវចៀសវាងការប្រើអំពើហិង្សាដាច់ខាត ហើយរៀនសួរខ្លួនឯងថា មូលហេតុអ្វីដែលបង្កឲ្យមានជម្លោះ និងត្រូវធ្វើយ៉ាងណាទើបអាចបញ្ចប់បាន? វាអាចមកពីអ្នកមិនហ៊ានផ្សះផ្សា ឬពិបាកផ្សះផ្សា ឬមួយក៏អ្នកខ្លាចអន់បើនិយាយសុំទោសទៅកាន់ភាគីម្ខាងមុន។ បើសិនជាបញ្ហាធំរហូតដល់បញ្ចប់ អ្នកត្រូវរៀនបញ្ចប់ទៅតាមសម្រួល កុំឲ្យច្រលំគ្នា ត្រូវដោះលែងគ្នា ឲ្យរីករាយក្នុងជីវិតរៀងៗខ្លួនដោយសន្តិវិធី។ ទោះមិនអាចស្រលាញ់គ្នាដល់ចាស់កោងខ្នង តែក៏មិនគួរយកមនុស្សជាទីស្រលាញ់មកធ្វើជាសត្រូវក្នុងជីវិតដែរ៕

ចុចអានបន្ដ៖ ៤ ចំណុចនេះនឹងជួយដោះលែងខ្លួនឯងពីអតីត និងអាចបំភ្លេចស្នេហ៍ដ៏ឈឺចាប់បាន

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម