ទ្រព្យសម្បត្តិ៣ពាន់លានដុល្លារ និងឥទ្ធិពលរបស់ម្ចាស់ក្រុមហ៊ុនរបស់ BTS
- 2022-04-28 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រព្យសម្បត្តិ៣ពាន់លានដុល្លារ និងឥទ្ធិពលរបស់ម្ចាស់ក្រុមហ៊ុនរបស់ BTS
Bang Si Hyuk គឺជាបុគ្គលគ្រប់គ្រងកំពូលក្រុមចម្រៀងប្រុសកូរ៉េ BTS និងជាផលិតករជួរមុខនៅប្រទេសកូរ៉េ។ កាលពីថ្ងៃទី ២៥ ខែមេសាមុននេះ បណ្ដាញព័ត៌មាន JoongAng Ilbo បានរាយការណ៍ថា តម្លៃភាគហ៊ុននៃសហព័ន្ធក្រុមហ៊ុនកម្សាន្តខ្នាតយក្សកាន់តែឡើងថ្លៃ ក្រោយពេល ក្រុមចម្រៀងប្រុសល្បីឈ្មោះ BTSបានជាប់បេក្ខភាពក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy។
ប្រភពដដែលបានឲ្យដឹងថា បុគ្គលដែលទទួលបានការសរសើរច្រើនបំផុតនោះគឺ លោក Bang Si Hyuk អ្នកគ្រប់គ្រងរបស់ក្រុមចម្រៀងខាងលើ។ យ៉ាងណាក្ដី មនុស្សជាច្រើនមិនដឹងឡើយថា ទម្រាំឈានដល់ចំណុចកំពូលខាងលើ ផលិតករអាយុ ៤៩ឆ្នាំបានឆ្លងកាត់ភាពលំបាកជាខ្លាំង។
ដោយនៅឆ្នាំ ១៩៩០ លោកបានប្រលងក្នុងកម្មវិធីនិពន្ធចម្រៀងមួយ ហើយបានជាប់លេខ៣។ បន្ទាប់មកលោកត្រូវបានផលិតករ JYP រកឃើញ និងមកធ្វើការនៅផលិតកម្មនេះ ហើយមានរហស្សនាមថា Hitman Bang។ ឆ្នាំ ២០០៥ លោកសម្រេចបើកផលិតកម្ម Big Hit របស់ខ្លួនឯង តែក្រុមហ៊ុនជិតក្ស័យធន នៅឆ្នាំ ២០០៧ មុនពេលក្រុមចម្រៀង 8Eight និង 2AM ជួយសង្គ្រោះ។ ឆ្នាំ២០១០ លោកមានគម្រោងបង្កើតក្រុម BTS និងត្រូវបានបង្ហាញមុខជាផ្លូវការនៅឆ្នាំ ២០១៣។
ឆ្នាំ ២០១៧ ក្រុមហ៊ុនរកបានប្រាក់ចំណេញ ២២.៩លានដុល្លារជាលើកដំបូង។ នៅពេល BTS ចាប់បានល្បីឈ្មោះជាងមុន Big Hit ចាប់ផ្ដើមទិញក្រុមហ៊ុនដទៃទៀតដូចជា Pledis, Zico Koz, Source Music និង YG Plus ជាដើម។
បន្ទាប់មកក្រុមហ៊ុនបានប្ដូរឈ្មោះទៅជាសហព័ន្ធ HYPE និងត្រូវដាក់លើទីផ្សារភាគហ៊ុន ហើយមានតម្លៃ ៧.៦ពាន់លានដុល្លារ ដោយភាគហ៊ុនមួយមានតម្លៃ ២៣៥ដុល្លារ។ ភាគហ៊ុនចំនួន ៤៧៨៦៩៥ ក៏ត្រូវបានចែកដល់សមាជិកទាំង៧ខាងលើ។ ទ្រព្យសរុបរបស់ Bang Si Hyuk ត្រូវបានប្រមាណសរុបចំនួន ៣ពាន់លានដុល្លារ។ លោកជាអ្នកមានជាងគេទី១៦ នៅប្រទេសកូរ៉េ។ កាលពីឆ្នាំ ២០២១ HYPE បានទិញផលិតកម្ម Ithaca Holdings ដែលជាអ្នកគ្រប់គ្រងកំពូលតារាដូចជា Ariana Grande និង Justin Bieber៕