អង្គការសហប្រជាជាតិ៖ ការរកឃើញសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ មានការបកស្រាយខុស
- 2022-04-21 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការសហប្រជាជាតិ៖ ការរកឃើញសំខាន់ៗនៃការប្រែប្រួលអាកាសធាតុ មានការបកស្រាយខុស
ការរកឃើញដ៏សំខាន់នៅក្នុងរបាយការណ៍អាកាសធាតុរបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ IPCC ចុងក្រោយបង្អស់ត្រូវបានបកស្រាយខុសគ្នាយ៉ាងខ្លាំងបំផុត នេះបើយោងទៅតាមអ្នកវិទ្យាសាស្ត្រដែលចូលរួមក្នុងការសិក្សាទាំងនោះ។
នៅក្នុងឯកសារ អ្នកស្រាវជ្រាវបានសរសេរថា ឧស្ម័នដែលផលិតចេញពីផ្ទះកញ្ចក់ត្រូវបានគេព្យាករណ៍ថានឹងឈានដល់កម្រិតខ្ពស់បំផុតនៅមុនឆ្នាំ ២០២៥។ នេះបង្ហាញថាឧស្ម័នកាបូនអាចកើនឡើងក្នុងរយៈពេល ៣ ឆ្នាំទៀត ប៉ុន្តែអ្នកវិទ្យាសាស្ត្របាននិយាយថា វាមិនត្រឹមត្រូវទាំងស្រុងនោះទេ ការបំភាយឧស្ម័នត្រូវតែទម្លាក់ចុះភ្លាមៗ បើមិនដូច្នោះទេ ពិភពលោកនៅតែមិនអាចចៀសផុតពីការឡើងកំដៅផែនដីដ៏គ្រោះថ្នាក់នេះ។
របាយការណ៍ថ្មីបំផុតរបស់ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ IPCC បានផ្តោតលើវិធីកំណត់ ឬកាត់បន្ថយការបំភាយឧស្ម័ន ដែលជាមូលហេតុដើមនៃការឡើងកំដៅផែនដី។ នៅក្នុងការសង្ខេបរបស់ពួកគេ អ្នកវិទ្យាសាស្ត្របាននិយាយថា វានៅតែអាចចៀសផុតពីកម្រិតនៃការកើនឡើងកំដៅផែនដីបាន ដោយការរក្សារការកើនឡើងនៃសីតុណ្ហភាពពិភពលោកនៅក្រោម ១.៥ អង្សាសេនៅសតវត្យរ៍នេះ។ វាត្រូវការកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាមួយ ដោយការបញ្ចេញឧស្ម័នកាបូនត្រូវតែមានការធ្លាក់ចុះយ៉ាងហោចណាស់ ៤៣ ភាគរយនៅត្រឹមចុងទសវត្យរ៍នេះ ដើម្បីរក្សាការឡើងកំដៅផែនដីឲ្យស្ថិតនៅក្រោមកម្រិតគ្រោះថ្នាក់។
កូវីដបានពន្យារពេលរបាយការណ៍កាត់បន្ថយការប្រែប្រួលអាកាសធាតុប្រហែលជាងមួយឆ្នាំហើយ ប៉ុន្តែព័ត៌មានដែលប្រើមករហូតបានព្យាករណ៍ថាកំដៅផែនដីនឹងកើនឡើងខ្លាំងបំផុតនៅឆ្នាំ ២០២០។
វេជ្ជបណ្ឌិត Edward Byers ដែលជាអ្នកនិពន្ធរួមចំណែករបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ IPCC មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការវិភាគប្រព័ន្ធអនុវត្តបាននិយាយថា ការបំភាយឧស្ម័នបានឈានដល់កម្រិតកំពូលនេះ ដោយសារតែរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រផ្ដល់ព័ត៌មានមិនច្បាស់លាស់នឹងមិនត្រឹមត្រូវ។ វាចាំបាច់បំផុតដែលពួកគេត្រូវយល់ព្រមទៅលើការផ្ញើសារផ្ដល់ព័ត៌មានដែលមានភាពត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដោយមិនមានការបញ្ជាពីគោលនយោបាយ។
នេះបាននាំឲ្យមានការជជែកដេញដោលគ្នាយ៉ាងយូរក្នុងកិច្ចប្រជុំអនុម័តរយៈពេលពីរសប្ដាហ៍រវាងអ្នកវិទ្យាសាស្ត្រ និងមន្ត្រីរដ្ឋាភិបាលអំពីពាក្យពិតប្រាកដដែលត្រូវប្រើ ថាតើពាក្យដូចជា «ឥឡូវនេះ ឬ ភ្លាមៗ» អាចត្រូវបានប្រើឬអត់។ នេះបានធ្វើឲ្យអ្នកសង្កេតការណ៍មានការព្រួយបារម្ភនឹងអះអាងថា ការជូនដំណឹងដល់ប្រទេសនីមួយៗអំពីការបំភាយឧស្ម័នអាចបន្ដកើនឡើងរហូតដល់ឆ្នាំ ២០២៥ ដែលនឹងក្លាយទៅជាគ្រោះមហន្តរាយសម្រាប់ពិភពលោក។
យើងមានពេលបីឆ្នាំដើម្បីកាត់បន្ថយការបំភាយឧស្ម័នសកលលោកនេះ ដែលវាគឺជាកិច្ចការដ៏ធំសម្បើម ប៉ុន្តែវាពិតជាអាចធ្វើទៅបាន ដូចដែល IPCC ទើបតែបានរំលឹកយើង ប៉ុន្តែប្រសិនបើមនុស្សនៅតែបន្ដការបំភាយឧស្ម័ននឹងមិនខ្វល់ខ្វាយនោះ បន្ទាប់ពីឆ្នាំ ២០២៥ យើងនឹងមិនមានឱកាសឡើយ៕
ចុចអានបន្ដ៖ អាមេរិក៖ ព្យុះព្រិលនៅក្នុងរដូវផ្ការីកបានធ្វើឲ្យមនុស្សជាង ៣ សែននាក់រស់នៅក្នុងភាពងងឹត