អាមេរិក៖ ព្យុះព្រិលនៅក្នុងរដូវផ្ការីកបានធ្វើឲ្យមនុស្សជាង ៣ សែននាក់រស់នៅក្នុងភាពងងឹត
- 2022-04-20 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក៖ ព្យុះព្រិលនៅក្នុងរដូវផ្ការីកបានធ្វើឲ្យមនុស្សជាង ៣ សែននាក់រស់នៅក្នុងភាពងងឹត
ព្យុះព្រិលនារដូវផ្ការីកបានបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងរដ្ឋនៅភាគឦសាននៃសហរដ្ឋអាមេរិក ដោយមានព្រិលធ្លាក់កម្រាស់ជាង ៣០ សង់ទីម៉ែត្រនៅកន្លែងខ្លះ។ ប្រជាជនប្រហែលជាង ៣០០,០០០ នាក់ត្រូវបានបាត់បង់អគ្គិសនី ហើយជាង ២០០,០០០ នាក់ទៀតគឺនៅក្នុងរដ្ឋញូវយ៉ក។
ប្រជាជនដែលរស់នៅភាគខាងត្បូងនៃរដ្ឋ Virginia បានទន្ទឹងរស់ចាំរដូវផ្ការីកដែលនឹងឈានចូលមក ប៉ុន្តែថ្មីៗនេះពួកគេត្រូវបានទទួលស្វាគមន៍ដោយព្យុះព្រិលទៅវិញ។ រដ្ឋមួយចំនួនធំទៀតនៅភាគឦសានបានទទួលការព្រមានពីសារកម្មអាកាសធាតុជាតិ (NWS) អំពីព្យុះព្រិលទាំងនេះ។
ក្រុមសេវាកម្មអាកាសធាតុជាតិ NWS បានប្រាប់ថាវាអាចជាព្យុះដ៏គួរឲ្យភ័យខ្លាច អាចជាព្យុះសើមខ្លាំងដែលអាចបណ្ដាលឲ្យមែក ឬដើមឈើបាក់ដួលរលំបាន ពីព្រោះតែខ្យល់បក់រហូតដល់ទៅជាង ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមន្ត្រីក្រុងញូវយ៉កបាននិយាយថា ប្រសិនបើអាច មនុស្សគ្រប់គ្នាគួរតែព្យាយាមនៅឲ្យឆ្ងាយពីផ្លូវដែលមានដើមឈើច្រើន។
**ទីក្រុង Binghamton** នៃរដ្ឋញូវយ៉កបានធ្វើកំណត់ត្រារយៈពេលពីរថ្ងៃសម្រាប់ខែមេសានេះជាមួយនឹងកម្រិតព្រិលជាង ៣៦.៨ សង់ទីម៉ែត្រ បើគិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ រីឯទីក្រុង Virgil នៃរដ្ឋញូវយ៉ក បានរាយការណ៍ថាមានម្រិតព្រិលជាង ៤៥ សង់ទីម៉ែត្រដែលឈានដល់កម្រិតខ្ពស់បំផុតនៃការធ្លាក់ព្រិលដែលបានព្យាករណ៍ ហើយចំពោះទីក្រុង Albany វិញបានជួបប្រទះបាតុភូតមួយហៅថា ផ្គរលាន់ ក្នុងអំឡុងពេលធ្លាក់ព្រិល។
ការធ្លាក់ព្រិលបានបណ្តាលឲ្យមានឧបទ្ទវហេតុយានយន្តជាច្រើននៅក្នុងរដ្ឋ Pennsylvania ផ្នែកខ្លះនៃរដ្ឋ West Virginia និងភាគខាងលិចរដ្ឋ Virginia និង Maryland ដែលបណ្ដាលឲ្យចរាចរណ៍មានផលវិបាកយ៉ាងខ្លាំង ជាពិសេសនៅលើផ្លូវហាយវេ។ ក្នុងតំបន់នៅតាមឆ្នេរសមុទ្រដូចជាបូស្តុន និងទីក្រុងញូវយ៉កបានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងខ្យល់បក់បោកខ្លាំង ប៉ុន្តែត្រូវបានជួយសង្គ្រោះ៕
ចុចអានបន្ដ៖ អាកាសធាតុ៖ អ្នកវិទ្យាសាស្ត្រ IPCC ព្រមានថាបើមិនចាប់ផ្ដើមពីឥឡូវនេះទេ វានឹងយឺតពេល