អ្នកវិទ្យាសាស្ត្រ៖ ពេលវេលាកាន់តែខើចហើយ ក្នុងការជួយង្គ្រោះធម្មជាតិនឹងជីវចម្រុះនៅលើផែនដី
- 2022-03-31 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រ៖ ពេលវេលាកាន់តែខើចហើយ ក្នុងការជួយង្គ្រោះធម្មជាតិនឹងជីវចម្រុះនៅលើផែនដី
អ្នកចរចាអន្តរជាតិកំពុងធ្វើការលើកឡើងអំពីអត្ថបទនៃក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីការពារធម្មជាតិ មុនពេលកិច្ចប្រជុំកំពូលក្នុងប្រទេសចិននៅចុងឆ្នាំនេះ ខណៈពេលដែលកិច្ចពិភាក្សានៅទីក្រុង Geneva កំពុងបានខិតជិតមកដល់ និងឈានចូលដល់ថ្ងៃចុងក្រោយរបស់ពួកគេ។ ក្រុមអ្នកសង្កេតការណ៍បានរិះគន់ថា ការចរចាទៅលើកិច្ចព្រមព្រៀងជាសាកល និងការពង្រឹងនៃមហិច្ឆតាក្នុងការជួយសង្គ្រោះពីការបាត់បង់ធនធានធម្មជាតិ ហើយនឹងការបញ្ឈប់ការផុតពូជសត្វ ត្រូវបានធ្វើឡើងប្រៀបបានដូចជា «ល្បឿនរបស់ខ្យង» អញ្ចឹង។
លោក Bernadette Fischler Hooper ប្រធានផ្នែកតស៊ូមតិអន្តរជាតិនៅមូលនិធិសត្វព្រៃពិភពលោកប្រចាំនៅចក្រភពអង់គ្លេសហៅកាត់ WWF-UK បានប្រាប់សារព័ត៌មាន BBC ថាអ្នកវិទ្យាសាស្រ្តបានរកឃើញយ៉ាងច្បាស់ណាស់ថា យើងមិនមានពេលវេលាបន្ថែមឡើយ និងមិនអាចខ្ជះខ្ជាយពេលវេលាតទៅទៀតបានទេ ដូច្នេះយើងត្រូវតែចាត់វិធានការពារឥឡូវនេះ ដើម្បីជួយសង្គ្រោះធនធានធម្មជាតិ។ ការចរចាអន្តរជាតិនេះ មិនត្រឹមតែលើកឡើងអំពីការបាត់បង់ជីវចម្រុះតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកឡើងអំពីការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាដែលមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង នៃហានិភ័យអនាគតរបស់ប្រជាជន និងភពផែនដី។
កំណែចុងក្រោយនៃសេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីភាពចម្រុះជីវសាស្ត្រ **(CBD)** នឹងត្រូវចរចានៅក្នុងទីក្រុងគុនមីងនៃប្រទេសចិន ក្នុងកិច្ចប្រជុំកំពូល **(សន្និសីទទាំង ១៥)** ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងខែសីហា។ លទ្ធផលនឹងសម្រេចចិត្តសម្រាប់ទសវត្សរ៍ខាងមុខអំពីរបៀបដែលពិភពលោកនឹងដោះស្រាយបញ្ហាប្រឈមនៃការកាត់បន្ថយហានិភ័យនៃការផុតពូជដែលគំរាមកំហែងដល់សត្វជាងមួយលានប្រភេទ ការការពារ ៣០% នៃដែនដី ដែនសមុទ្រ ការលុបបំបាត់ការបំផ្លាញបរិស្ថាន និងការស្ដារប្រព័ន្ធអេកូឡូស៊ីដែលខូច ឲ្យមានគុណភាពឡើងវិញ។
សន្និសីទទាំង ១៥ នៅទីក្រុងគុនមីងត្រូវបានប្រព្រឹត្តឡើងពីរឆ្នាំក្រោយការគ្រោងទុក ដោយសារតែការពន្យារពេលម្តងហើយម្តងទៀតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ហើយវាបានធ្វើឲ្យពិភពលោកគ្មានគោលដៅក្នុងរយៈពេលមួយទសវត្សរ៍នេះសម្រាប់ការបញ្ឈប់ការផុតពូជសត្វ និងការផ្លាស់ប្តូរនៃការបាត់បង់ធនធានធម្មជាតិទូទាំងពិភពលោក។
មហិច្ឆតាដ៏សំខាន់មួយក្នុងចំណោមមហិច្ឆតាសំខាន់ៗផ្សេងទៀតនោះគឺ ការប្រែក្លាយការការពារ ៣០% នៃដែនដី និងដែនសមុទ្ររបស់ផែនដីឲ្យទៅជាតំបន់ការពារនៅត្រឹមឆ្នាំ ២០៣០។ គោលដៅមួយទៀតគឺដើម្បីធានាថានៅឆ្នាំ ២០៥០ «ចក្ខុវិស័យរួមនៃការរស់នៅប្រកបដោយភាពសុខដុមជាមួយធម្មជាតិត្រូវបានសម្រេច»។ របាយការណ៍អាកាសធាតុរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានគូសបញ្ជាក់អំពីសារសំខាន់នៃការអភិរក្សយ៉ាងហោចណាស់ ៣០% នៃភពផែនដី ដើម្បីសម្រេចបាននូវគោលដៅការពារជីវចម្រុះ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕
ចុចអានបន្ដ៖ ការប្រែប្រួលអាកាសធាតុ៖ បានបណ្ដាលឲ្យមានការធ្លាក់ដុំព្រឹលកាន់តែធំឡើង