ការប្រែប្រួលអាកាសធាតុ៖ បានបណ្ដាលឲ្យមានការធ្លាក់ដុំព្រឹលកាន់តែធំឡើង

  • 2022-03-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការកើនឡើងនៃសីតុណ្ហភាពនៅលើពិភពលោក អាចនឹងបណ្តាលឲ្យមានព្យុះព្រឹលកាន់តែខ្លាំង ជាមួយនឹងដុំទឹកកកធំជាងមុន និងភ្លៀងធ្លាក់កាន់តែច្រើនឡើង ប៉ុន្តែ​តើ​ដុំព្រឹល​ទាំងនោះអាច​មានការកើនឡើង​ទំហំ​បានប៉ុនណាទៀតទៅ?

កាលពីខែកក្កដា ឆ្នាំមុនដុំព្រឹលដែលមានទំហំប៉ុនបាល់វាយកូនហ្គោលបានធ្លាក់ពីលើមេឃភ្លាមៗ បានវាយកម្ទេចកញ្ចក់រថយន្ត និងរថយន្ត ហើយសួនច្បារដែលពោរពេញទៅដោយរុក្ខជាតិក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់នៃព្យុះព្រឹលទឹកកកនោះ។

​ការ​ប្រែប្រួល​អាកាសធាតុ​ពិភពលោក បាននឹងកំពុង​ផ្លាស់ប្តូរ​លំនាំ​នៃ​ព្យុះ​ភ្លៀងយ៉ាងខ្លាំងមកលើផែនដី ជាពិសេសនៅ រដ្ឋតិចសាស់ រដ្ឋខូឡូរ៉ាដូ និងអាឡាបាម៉ា។ តាមកំណត់ត្រានៃដុំព្រឹលដ៏ធំបំផុតត្រូវបានរកឃើញក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលមានទំហំរហូតដល់ទៅ ១៦ សង់ទីម៉ែត្រ (៦.២ អ៊ីញ) នៃអង្កត់ផ្ចិត ហើយនៅក្នុងឆ្នាំ ២០២០ ទីក្រុងទ្រីប៉ូលី រដ្ឋធានីនៃប្រទេសលីប៊ី ត្រូវបានវាយប្រហារដោយព្រឹលទឹកកកដែលមានទំហំជិត ១៨ សង់ទីម៉ែត្រ (៧.១ អ៊ីញ) ឯណោះ។

ដុំព្រឹលធំប៉ុនពងមាន់

ការចំណាយទៅលើការខូចខាតដោយសារព្យុះព្រឹលធ្លាក់នៅសហរដ្ឋអាមេរិកឥឡូវនេះ ជាមធ្យមត្រូវចំណាយច្រើនជាង ១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក (៧.៦ ពាន់លានផោន) ក្នុងមួយឆ្នាំ។ ប៉ុន្តែហេតុអ្វីបានជាការឡើងកំដៅផែនដីអាចបណ្តាលឲ្យមានការកើនឡើងនៃបរិមាណទឹកកកដែលធ្លាក់មកពីលើមេឃ?

អ្នកឯកទេសផ្នែកវិទ្យាសាស្ត្ររូបវិទ្យាបរិស្ថាន និងការប្រែប្រួលអាកាសធាតុនៃប្រទេសកាណាដាបាននិយាយថា ការប្រែប្រួលអាកាសធាតុ មានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការកើនឡើងនៃទំហំដុំព្រឹល ប៉ុន្តែវាកើតឡើងនៅក្នុងតំបន់ជាក់លាក់មួយ ដែលជាធម្មតាគឺជាតំបន់ដែលមានខ្យល់ត្រជាក់ និងស្ងួតនៅក្នុងបរិយាកាសខាងលើ ពីលើខ្យល់ក្តៅនឹងសើម ពីព្រោះស្ថានភាពមិនស្ថិតស្ថេរនេះជាហេតុនាំឲ្យាមានភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​ផ្គរ​រន្ទះ។

ដុំព្រឹល​លូតលាស់​លឿន​បានប៉ុណ្ណាវា​អាស្រ័យ​ទៅលើ​បរិមាណ​សំណើម​នៅក្នុង​ខ្យល់អាកាស ខ្យល់​សើម​កាន់តែច្រើន និង​ឥទ្ធិពល​ចរន្តខ្យល់កើនឡើងកាន់តែខ្លាំង​នឹង​នាំឲ្យមានដុំព្រិល​ធ្លាក់​កាន់តែ​ធំ ហើយជារឿយៗដុំព្រឹលធំៗទាំងនោះនឹងធ្លាក់មកស្របពេលជាមួយភ្លៀង។

នៅពេលដែលភពផែនដីនៅតែបន្តក្តៅ នោះតំបន់ដែលមានសំណើមគ្រប់គ្រាន់ជាកត្តាបង្កឲ្យមានព្យុះព្រឹលកើតឡើងកាន់តែញឹកញាប់ និងមានការកើនឡើងនៃទំហំដុំព្រឹល។ អ្នកស្រាវជ្រាវសន្និដ្ឋានថាព្យុះភ្លៀងនឹងកាន់តែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសអូស្ត្រាលី និងអឺរ៉ុប ប៉ុន្តែនឹងមានការថយចុះនៅអាស៊ីបូព៌ា និងអាមេរិកខាងជើង។

ដុំព្រឹលធំៗទាំងនេះបានវាយប្រហារប្រទេសតួកគី

ប៉ុន្តែបើយោងទៅតាមការសិក្សាដាច់ដោយឡែកមួយរបស់ Brimelow និងសហការីរបស់គាត់បានប្រាប់ថា ព្យុះព្រឹលអាចនឹងកើតឡើងជាញឹកញាប់ ឬតិចនៅអាមេរិកខាងជើងគឺវាអាស្រ័យទៅលើការប្រែប្រួលអាកាសធាតុពិភពលោក។

ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនបានអះអាងថា ដោយសារតែកម្ពស់នៃព្រឹលទឹកកកចាប់ផ្តើមរលាយនៅពេលដែលវាធ្លាក់នឹងកើនឡើង ដូច្នេះដុំព្រិលតូចៗនឹងរលាយទៅជាភ្លៀងមុនពេលដែលវាអាចធ្លាក់មកលើដី ខណៈពេលដែលដុំព្រឹលធំៗឆ្លងកាត់យ៉ាងលឿនធ្លាក់មកលើដីមុនពេលដែលវារលាយ។

ការសិក្សាឆ្នាំ ២០២១ ដឹកនាំដោយ Leila Tolderlund នៅសាកលវិទ្យាល័យ Colorado បានគូសបញ្ជាក់ពីសក្តានុពលនៃ «ដំបូលពណ៌បៃតងជាការការពារព្រឹល​» ជាដំបូលដែលអាចការពារការជ្រាបទឹក និងមានស្រទាប់ដីក្រាស់ដែលអាចដាំបន្លែបាន ពីព្រោះដំបូលពណ៌បៃតងបែបនេះអាចផ្តល់នូវអ៊ីសូឡង់ កាត់បន្ថយកំដៅក្នុងរដូវក្តៅ និងស្រូបយកឧស្ម័នកាបូនិក ហើយក៏អាចការពារពីព្យុះព្រឹលដ៏អស្ចារ្យបានផងដែរ៕

ចុចអានបន្ដ៖ គន្លឹះល្អៗក្នុងការថែទាំ និងការពារខ្លួនឯងក្នុងរដូវភ្លៀង ទាំងសុខភាពនឹងការធ្វើដំណើរ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den