ចំនួនអ្នកស្លាប់ដោយសារកូវីដ ប្រហែលបីដងខ្ពស់ជាងកំណត់ត្រាដែលធ្លាប់មាន

  • 2022-03-15 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកស្រាវជ្រាវបាននិយាយថាមនុស្សជាង ១៨ លាននាក់បានស្លាប់ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ គឺប្រហែលជាបីដងខ្ពស់ជាងកំណត់ត្រាផ្លូវការ នេះបើតាមរបាយការណ៍របស់ពួកគេ ដែលបង្កើតឡើងពីរឆ្នាំគិតចាប់ពីពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសជាលើកដំបូងអំពីជំងឺរាតត្បាតនេះ។

សាកលវិទ្យាល័យ Washington របស់សហរដ្ឋអាមេរិកបានសិក្សាប្រទេស និងដែនដីចំនួន ១៩១ សម្រាប់អ្វីដែលពួកគេហៅថាតួលេខមរណភាពសកលពិតនៅក្នុងចំនួនអ្នកស្លាប់ដោយសារកូវី-១៩ ដោយការសិក្សារនោះបានរកឃើញថា ការស្លាប់មួយចំនួនគឺបណ្ដាលមកពីមេរោគផ្ទាល់ខ្លួន និងខ្លះទៀតមានទំនាក់ទំនងជាមួយមេរោគកូវីដ ពីព្រោះតែការចាប់យកកូវីដអាចនឹងធ្វើឲ្យស្ថានភាពជំងឺដែលមានស្រាប់ផ្សេងទៀតកាន់តែឈឺខ្លាំងឡើងដូចជាជំងឺ​បេះដូង ឬ​សួតជាដើម។

វិធានការដែលបានប្រើត្រូវបានគេហៅថា «​ការស្លាប់លើសលប់» តើមានមនុស្សប៉ុន្មាននាក់ទៀតបានស្លាប់ជាងការរំពឹងទុកបើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំថ្មីៗនេះ មុនពេលជំងឺរាតត្បាតរាតត្បាតចូលមក។ ការគណនាចំនួនទាំងនោះអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យតាមរយៈការស្វែងរកគេហទំព័ររដ្ឋាភិបាល ពីមូលដ្ឋានទិន្នន័យមរណភាពពិភពលោក ពីមូលដ្ឋានទិន្នន័យមរណភាពមនុស្ស និងពីការិយាល័យស្ថិតិរបស់អឺរ៉ុប។

អត្រានៃការស្លាប់តាមតំបន់ និងប្រទេសនីមួយៗមានការប្រែប្រួលខ្លាំង ប៉ុន្តែតាមរយៈអត្រាពិភពលោកទាំងមូលត្រូវបានគណនារកឃើញថាការស្លាប់ចំនួន ១២០ នាក់ក្នុងចំណោមមនុស្ស ១០០,០០០ នាក់ ដូច្នេះវាមានន័យថាការស្លាប់ប្រហែល ១៨.២ លាននាក់បានកើតឡើងដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលត្រឹមពីរឆ្នាំចាប់តាំងពីឆ្នាំ ២០២០ និងចុងឆ្នាំ ២០២១ ដែលជាចំនួនបីដងច្រើនជាងចំនួនផ្លូវការ ៥.៩ លាននាក់ដែលត្រូវបានកត់ត្រាពិតប្រាកដ។

ការស្រាវជ្រាវបន្ថែមនឹងជួយបង្ហាញថា តើចំនួនអ្នកស្លាប់ត្រូវបានបង្កឡើងដោយកូវីដចំនួនប៉ុន្មាន និងបានកើតឡើងដោយប្រយោលចំនួនប៉ុន្មាន? អ្នកស្រាវជ្រាវបានព្យាករណ៍ថា អត្រាមរណភាពលើសលប់ដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ នេះនឹងធ្លាក់ចុះដោយសារវ៉ាក់សាំង និងការព្យាបាលថ្មីៗ៕

ចុចអានបន្ដ៖ ច្បាប់កូវីដថ្មី៖ មិនចាំបាច់ពាក់ម៉ាស់នៅក្នុងថ្នាក់រៀន និងរោងកុនទៀតទេ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម