Olena Zelenska គឺជាស្ត្រីទីមួយដែលធ្វើការថ្កោលទោសរុស្ស៊ី “ជាឃាតកម្មដ៏ធំបំផុត”
- 2022-03-15 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Olena Zelenska គឺជាស្ត្រីទីមួយដែលធ្វើការថ្កោលទោសរុស្ស៊ី “ជាឃាតកម្មដ៏ធំបំផុត”
ជំទាវទីមួយរបស់អ៊ុយក្រែន លោកស្រី Olena Zelenska បានចេញសេចក្តីថ្លែងការណ៍ដ៏រំជួលចិត្តមួយស្តីពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីដោយបានធ្វើការថ្កោលទោសថា «វាជាឃាតកម្មដ៏ធំបំផុត» មកលើជនស៊ីវិលរបស់ប្រទេសអ៊ុក្រែន។ តាមរបាយការណ៍របស់លោកប្រធានាធិបតី Volodymyr Zelensky ដែលជាស្វាមីរបស់គាត់បាននិយាយថា កន្លែងលាក់ខ្លួនរបស់លោកស្រី Zelenska ដែលជាភរិយាមិនត្រូវបានគេដឹងឡើយ ហើយក្រុមគ្រួសាររបស់ពួកគាត់គឺជាគោលដៅមុនគេសម្រាប់កងកម្លាំងរុស្ស៊ី។
នៅក្នុងលិខិតសាធារណៈមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីល្ងាចថ្ងៃអង្គារ ជាភាសាអង់គ្លេស និងនៅថ្ងៃទិវានារីអន្តរជាតិ លោកស្រី Zelenska បាននិយាយថាគាត់បានផ្តោតការយកចិត្តទុកដាក់ទៅលើការស្លាប់ និងរបួសរបស់កុមារ ដោយគាត់បានរៀបរាប់ពីឈ្មោះកុមារបីនាក់ដែលបានស្លាប់នៅក្នុងការទម្លាក់គ្រាប់បែក ហើយលោកស្រីបាននិយាយទៀតថា អ៊ុយក្រែនគ្រាន់តែចង់បានសន្តិភាព ប៉ុន្តែនឹងការពារព្រំដែន និងអត្តសញ្ញាណរបស់ខ្លួន។។
នៅពេលដែលរុស្ស៊ីនិយាយថា “ខ្លួនមិនធ្វើសង្រ្គាមជាមួយជនស៊ីវិល” លោកស្រីបានលើកឡើងឈ្មោះកុមារដែលត្រូវបានសម្លាប់ដោយរុស្ស៊ី៖ (Alice អាយុ ៨ ឆ្នាំបានស្លាប់នៅតាមដងផ្លូវខណៈពេលជីតារបស់នាងព្យាយាមការពារនាង, Polina បានស្លាប់ដោយការបាញ់ផ្លោងជាមួយក្រុមគ្រួសាររបស់នាងនៅកន្លែងលាក់ខ្លួន និង Arseniy អាយុ ១៤ ឆ្នាំត្រូវបានបុកចំក្បាលស្លាប់ដោយកំទេចកំទីគ្រាប់បែក)។ លោកស្រី Zelenska បាននិយាយថា កុមាររាប់សិបនាក់ដែលបានកើតក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះនឹងមិនបានស្គាល់ឡើយសន្តិភាព។
ក្នុងសេចក្ដីថ្លែងការណ៍លោកស្រីបាននិយាយថា «វាគឺជាការឈ្លានពានដែលមិនគួរឲ្យជឿ» ពីព្រោះប្រទេសរបស់ពួកយើងមានសន្ដិភាព ទីក្រុង និងទីប្រជុំជនពោរពេញទៅដោយជីវិតរស់នៅ។ លោកស្រីបានបន្ថែមទៀតថា “តាមពិតទៅ វាគឺជាការសម្លាប់រង្គាលមកលើជនស៊ីវិលរបស់អ៊ុយក្រែន” បើទោះបីជារុស្ស៊ីខិតខំប្រឹងប្រែងបង្ហាញពិភពលោកថាវាជា «ប្រតិបត្តិការពិសេស» ក៏ដោយ។
នាងក៏បានថ្លែងអំណរគុណដល់មនុស្សជុំវិញពិភពលោកសម្រាប់ការគាំទ្ររបស់ពួកគេមកកាន់អ៊ុយក្រែន ហើយបានអំពាវនាវឲ្យលោកខាងលិច បិទផ្លូវអាកាស ដើម្បីការគ្រប់គ្រងសង្រ្គាមនៅលើដែនដី។ នាងបានក្លាយជាស្ត្រីទីមួយក្នុងការបន្ដបង្ហាញការពិតទៅកាន់សារព័ត៌មាន ហើយពាក្យចុងក្រោយរបស់លោកស្រីបាននិយាយថា “ប្រសិនបើយើងមិនបញ្ឈប់ ពូទីន ទេ ការគំរាមសង្រ្គាមនុយក្លេអ៊ែរអាចនឹងចាប់ផ្តើម ហើយពិភពលោកទាំងមូលនឹងគ្មានសុវត្ថិភាពសម្រាប់ពួកយើងទៀតទេ ដូច្នេះមានតែការរួបរួមរបស់ពួកយើងទេ ទើបអាចយកឈ្នះបាន”៕
ចុចអានបន្ដ៖ អង់គ្លេស៖ ស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ដែលបានក្លាយជាសមាជិកសភានៅរដ្ឋ Birmingham