ផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ៤ យ៉ាងពីការគេងបើភ្លើងនៅពេលយប់

  • 2022-03-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកណាខ្លះដែលនៅតែគេងបើកភ្លើងពេលយប់ទៀត? អ្នកទាំងអស់គ្នាប្រហែលជានៅចងចាំពេលវេលាកាលពីក្មេងដែលអ្នកតែងតែគេងជាមួយពន្លឺភ្លើងបើក ពីព្រោះអ្នកគិតថាវាជាវិធីដើម្បីការពារអ្នកពីខ្មោចព្រាយបិសាច ឬក៏សត្វចម្លែក និងដោយសារតែអ្នកខ្លះមានការភ័យខ្លាចទៅនឹងភាពងងឹត។ អ្នកខ្លះក៏បាត់ទៅវិញនៅពេលធំដឹងក្ដី តែសម្រាប់មនុស្សមួយចំនួនទៀតការភ័យខ្លាចភាពងងឹតនៅតែមានរហូតដល់ពួកគេពេញវ័យ។

មនុស្សមួយចំនួននៅតែបន្ដការគេងបើកភ្លើងពេលយប់ ប៉ុន្តែពួកគេមិនបានដឹងឡើយថាវាអាចបង្កហានិភ័យជាច្រើនសម្រាប់ពួកគេ ហើយភាគច្រើននោះគឺទាក់ទងទៅនឹងបញ្ហាសុខភាពដែលបណ្ដាលមកពីការគេងបើកភ្លើងពេលយប់ទាំងនោះ។

ខាងក្រោមនេះគឺជាផលប៉ះពាល់សុខភាពបួនយ៉ាងដែលអាចនឹងកើតឡើងប្រសិនបើអ្នកគេងបើភ្លើងជារៀងរាល់យប់៖

១. អ្នកអាចទទួលរងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ការសិក្សាថ្មីមួយបានរកឃើញថាការគេងបើកភ្លើងពេលយប់អាចបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបាន ម៉្យាងវិញទៀតការរំខានទាំងនោះនឹងធ្វើឲ្យរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដែលមានស្រាប់កាន់តែកើនឡើង។

២. អ្នកអាចមានការឡើងទម្ងន់ដោយមិនដឹងខ្លួន ការសិក្សាទៅលើស្ត្រីជាង ៤៣.០០០ នាក់បានបង្ហាញថាអ្នកដែលគេងបើកទូរទស្សន៍ ឬបើកភ្លើងចោលត្រូវបានគេគត់សំគាល់ឃើញថាមានការឡើងទម្ងន់យ៉ាងឆាប់រហ័ស។

៣. វាអាចបណ្ដាលឲ្យមានបញ្ហាទាក់ទងនឹងបេះដូង ប្រសិនបើអ្នកត្រូវពន្លឺនៅពេលយប់ច្រើនពេកវានឹងធ្វើឲ្យសម្ពាធឈាមរបស់អ្នកមានការកើនឡើងខ្ពស់ខុសពីធម្មតា ហើយអាចបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។

៤. វាអាចប៉ះពាល់ដល់សុខភាពបន្តពូជរបស់អ្នក ការគេងបើកភ្លើងពេលយប់ច្រើនអាចបង្កើនហានិភ័យនៃការគ្មានកូន (តាមការពិសោធន៍ដែលត្រូវបានធ្វើឡើងទៅលើសត្វកណ្តុរញី) ហើយវាត្រូវបានគេជឿថាមានឥទ្ធិពលទៅលើពេលវេលានៃដំណើរការបន្តពូជចំពោះស្ត្រី។

ផលប៉ះពាល់នៃការគេងបើកភ្លើងពេលយប់នោះមានច្រើនយ៉ាងទៀតដូចជា បញ្ហាវដ្ដរដូវមិនទៀងទាត់ ការផ្លាស់ប្តូរតុល្យភាពអ័រម៉ូន បញ្ហាប្រព័ន្ធរំលាយអាហារ និងការរំខានដំណេកដែលបង្កើនអរម៉ូនភាពចាស់ឲ្យកាន់តែកើនឡើងខ្ពស់ជាងធម្មតា ដូច្នេះគួរព្យាយាមគេងងងឹតខ្លះទៅ៕

ចុចអានបន្ត៖ មូលហេតុចម្បង ៥ យ៉ាងនេះហើយដែលធ្វើឲ្យអ្នកគេងមិនបានលក់ស្កប់ស្កល់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម