ការ​សិក្សា​រក​ឃើញ​ថា៖ ញ៉ាំបន្លែតែមួយមុខមិនបានជួយកាត់​បន្ថយ​ហានិភ័យ​នៃជំងឺ​បេះដូងបានឡើយ

  • 2022-02-24 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នករាយការណ៍សុខភាពលោក Philippa Roxby បានប្រាប់ថាបន្លែមានជាតិសរសៃ និងសារធាតុចិញ្ចឹមខ្ពស់ ជាពិសេសបើបរិភោគឆៅៗ។ ហើយវាប្រហែលជាល្អសម្រាប់អ្នក ប៉ុន្តែការទទួលទានវាច្រើន ទំនងជាមិនបានជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ឬដាច់ជំងឺសរសៃឈាមខួរក្បាលនោះទេ នេះបើយោងតាមការសិក្សាដ៏ធំមួយរបស់ចក្រភពអង់គ្លេស។

អ្នកស្រាវជ្រាវបាននិយាយថា៖ របបអាហារប្រចាំថ្ងៃ ការហាត់ប្រាណ កន្លែងរស់នៅ និងរបៀបរស់នៅរបស់យើងអាចជាមូលហេតុនៃផលប៉ះពាល់សុខភាព។ ប៉ុន្តែពួកគេសង្កត់ធ្ងន់ថារបបអាហារដែលមានតុល្យភាពអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនរួមទាំងជំងឺមហារីកមួយចំនួនបានផងដែរ។ ការទទួលទានផ្លែឈើ និងបន្លែយ៉ាងហោចណាស់ប្រាំមុខជារៀងរាល់ថ្ងៃត្រូវបានណែនាំដោយអ្នកប្រឹក្សាសុខភាពរួមទាំងសេវាសុខភាពជាតិ NHS ផងដែរ។

ការសិក្សា៖ បានសួរមនុស្សជិត ៤០០,០០០ នាក់ដែលកំពុងចូលរួមក្នុងការសិក្សាស្រាវជ្រាវរបស់ចក្រភពអង់គ្លេស (UK Biobank) ការសួរអំពីរបបអាហាររបស់ពួកគេ រួមទាំងបរិមាណបន្លែឆ្អិន និងឆៅដែលពួកគេញ៉ាំជារៀងរាល់ថ្ងៃ។ ពួកគេបាននិយាយថា ជាមធ្យមពួកគេញ៉ាំបន្លែឆៅចំនួនប្រហែលពីរស្លាបព្រាបាយ បន្លែឆ្អិនចំនួនបី និងសរុបទៅគឺចំនួនប្រាំក្នុងមួយថ្ងៃ។ ជាលទ្ធផលសុខភាពរបស់ពួកគេ និងបញ្ហាបេះដូងដែលនាំទៅដល់ការព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់អាចមានរយៈពេលយូររហូតដល់ទៅ ១២ ឆ្នាំខាងមុខទៀត។

ទោះបីជាហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងទាបជាង ១៥ ភាគរយសម្រាប់អ្នកដែលញ៉ាំបន្លែច្រើន ជាពិសេសអ្នកដែលញ៉ាំបន្លែឆៅច្រើន នេះបើប្រៀបធៀបជាមួយអ្នកដែលញ៉ាំតិចក៏ពិតមែន។ អ្នកស្រាវជ្រាវបាននិយាយថា បញ្ហាសុខភាពទាំងនោះអាចកើតឡើងដោយកត្តាផ្សេងទៀតដែលរួមបញ្ចូលទាំងរបៀបរស់នៅរបស់មនុស្ស «ជាឧទាហរណ៍ តើពួកគេបានជក់បារី និងតើពួកគេបានផឹកស្រាប៉ុន្មាន?​» សម្ពាធការងារ ប្រាក់ចំណូល និងរបបអាហារទាំងមូលរបស់ពួកគេ។ ហើយជាលទ្ធផលការសិក្សារបស់ពួកគេមិនបានរកឃើញភ័ស្តុតាងដែលបញ្ជាក់ថា “​ការទទួលទានបន្លែច្រើន” អាចជួយការពារសុខភាពបេះដូង និងជំងឺដាច់សរសៃឈាមនោះទេ។

លោកបណ្ឌិត Ben Lacey មកពីសាកលវិទ្យាល័យ Oxford បាននិយាយថា៖ ការទទួលទានអាហារសម្បូរដោយយជាតិសរសៃដូចជាបន្លែអាចជួយរក្សាទម្ងន់ឲ្យមានលំនឹង និងបន្ថយកម្រិតនៃការកើតជំងឺបេះដូង ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការកាត់បន្ថយសម្ពាធពីគ្រប់មជ្ឈដ្ឋាន របបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃ៕

ចុចអានបន្ដ៖ ៥ វិធីងាយៗក្នុងការជួយព្យាបាលបញ្ហាជំងឺផ្ដាសាយបានដោយខ្លួនឯង

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម