ច្បាប់ថ្មី៖ ការចាប់ពង្រត់សត្វចិញ្ចឹមគឺជាបទល្មើសថ្មីមួយនៅក្នុងប្រទេសអង់គ្លេស
- 2022-02-23 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ថ្មី៖ ការចាប់ពង្រត់សត្វចិញ្ចឹមគឺជាបទល្មើសថ្មីមួយនៅក្នុងប្រទេសអង់គ្លេស
ថ្មីៗនេះចក្រភពអង់គ្លេសបានចេញច្បាប់ថ្មីមួយអំពីការចាប់ពង្រត់សត្វចិញ្ចឹមនឹងត្រូវចាត់ទុកថាជាការប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសនេះ។ ច្បាប់នេះត្រូវបានសម្រេចបង្កើតឡើងបន្ទាប់ពីរបាយការណ៍ចោរកម្មនៃការលួចសត្វចិញ្ចឹមនាពេលបច្ចុប្បន្នមានការកើនឡើងខ្លាំង។ វាត្រូវបានចាត់ទុកថាជាការបាត់បង់ទ្រព្យសម្បត្តិរបស់ម្ចាស់ ហេតុដូច្នេះហើយបានជារដ្ឋមន្ត្រីបានបង្កើតច្បាប់នេះឡើងដើម្បីការទប់ស្កាត់។
តាមរយៈការដកស្រង់ទិន្នន័យពីអង្គការសប្បុរសធម៌សត្វហៅថា Dogs Trust បានបង្ហាញថាចាប់តាំងពីការបិទប្រទេសក្នុងអំឡុងពេលកូវីដមកការចិញ្ចឹមសត្វឆ្កែនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងរហូតដល់ទៅ ៨៩ ភាគរយនៃរបាយការណ៍ទូទាំងប្រទេស ហើយភាគច្រើនគឺសុទ្ធតែជាប្រភេទពូជឆ្កែដែលមានតម្លៃទាំង ៥ ប្រភេទដែលមនុស្សគ្រប់គ្នាចង់បានពីបំផុត។
ក្រុមការងារបានបញ្ជាក់ប្រាប់ទៀតថាវាក៏ជាមូលហេតុចម្បងដែលធ្វើឲ្យចោលលួចសត្វឆ្កែកាន់តែមានការកើនឡើងដោយសារឧក្រិដ្ឋជនដែលកំពុងស្វែងរកប្រាក់ចំណូលបន្ថែមខណៈពេលដែលពួកគេមានផលវិបាកសម្រាប់តម្រូវការប្រចាំថ្ងៃ។ ក្នុងកំឡុងពេលឃុំឃាំងដោយសារកូវីដរបាយការណ៍បានរកឃើញថាមានសត្វឆ្កែប្រហែលជាង ២០០០ ក្បាលត្រូវបានគេលួច។
ដើម្បីជាការការពារ៖ រាល់ម្ចាស់តម្រូវឲ្យមានការចុះឈ្មោះមីក្រូឈីបចំពោះសត្វចិញ្ចឹមរបស់ពួកគេ និងជាពិសេសនៅពេលមានការផ្ទេរកម្មសិទ្ធិសត្វចិញ្ចឹមនោះទៅកាន់ម្ចាស់ថ្មី។ វាធ្វើឲ្យប៉ូលីសមានភាពងាយស្រួលក្នុងការចូលទៅកាន់ទិន្នន័យមីក្រូឈីបនោះដែលអាចតាមដានកត់ត្រានឹងប្រមូលទិន្នន័យស្តីពីការលួចសត្វចិញ្ចឹម។ វិធានការមួយទៀតនោះគឺតម្រូវឲ្យមានអត្តសញ្ញាណសម្រាប់សត្វចិញ្ចឹមនីមួយៗតាមរយៈការចុះឈ្មោះជាមួយប៉ូលីសដែលមានរូបថត និងឌីអិនអេដែលផ្ទុកព័ត៌មានអំពីសត្វឆ្កែនោះ។ វាត្រូវបានចាត់ទុកថាផ្ដល់ភាពងាយស្រួលចំពោះប៉ូលីសក្នុងការចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់៕
ចុចអានបន្ត៖ កូរ៉េ៖ ការធ្វើអត្តឃាតកើនខ្ពស់បង្កឲ្យមានការដាក់ញត្តិ អំពីការគំរាមកំហែងតាមអ៊ីនធឺណែត