រឿង ៦ យ៉ាងដែលត្រូវធ្វើ ប្រសិនបើអ្នកគិតថាឆាកជីវិតរបស់អ្នកកំពុងតែធ្លាក់ចុះខ្លាំង

  • 2022-02-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនមានអារម្មណ៍ថាមិនអាចធ្វើការគ្រប់គ្រងឆាកជីវិតរបស់ពួកគេបានទេ សម្រាប់អ្នកខ្លះវាហាក់ដូចជាអ្វីៗគ្រប់យ៉ាងមិនដំណើរការបានល្អទាល់តែសោះបើទោះបីជាពួកគេធ្វើការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ។ ប៉ុន្តែតើអ្នកដឹងទេថា អ្នកពិតជាអាចធ្វើការគ្រប់គ្រងដំណើរនៃឆាកជីវិតរបស់អ្នកបានដោយខ្លួនឯង ដោយការប្រើអំណាចដែលខ្លួនមាន ការគិតវិជ្ជមាន ការរៀបចំផែនការសម្រាប់ធ្វើការដោះស្រាយបញ្ហាទាំងនោះនៅគ្រប់ស្ថានភាពដែលនឹងអាចកើតឡើង។

នៅពេលក្រោយ ឬនៅថ្ងៃខាងមុខប្រសិនបើអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ឬមានបញ្ហាជាច្រើនកើតឡើងនៅក្នុងឆាកជីវិតរបស់អ្នកនោះ អ្នកគ្រាន់តែធ្វើការគិតទៅលើរឿងសំខាន់ៗ «បទពិសោធល្អៗរបស់មនុស្សជោគជ័យ និងបទពិសោធរបស់អ្នក​» ឬពាក្យស្លោកល្អៗដែលមានអត្ថន័យដើម្បីជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញក្នុងការឈានដើរទៅមុខ។

ទាំងនេះគឺជារឿង ៦ យ៉ាងដែលអ្នកត្រូវចងចាំនឹងធ្វើការកែលម្អនៅពេលដែលឆាកជីវិតរបស់អ្នកមានការធ្លាក់ចុះខ្លាំង៖

  • ពេលខ្លះអ្នកគ្រាន់តែត្រូវការនិយាយវាចេញប្រាប់នរណាម្នាក់ដើម្បីបន្ធូរអារម្មណ៍ និងទទួលបានដំបូលន្មានល្អៗមកវិញ
  • ប្រសិនបើអ្នកមិនមានភាពរីករាយចំពោះខ្លួនឯង សូមចងចាំថាយ៉ាងហោចណាស់អ្នកនៅរស់រានមានជីវិតនៅឡើយ
  • ត្រូវចងចាំជានិច្ចថាស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនមែនជាទីបញ្ចប់នៃឆាកជីវិតរបស់អ្នកនោះទេ រឿងល្អ​ៗនឹងមកដល់​ថ្ងៃណាមួយ
  • ពេលឆាកជីវិតដំណើរការបានល្អត្រូវចេះដឹងគុណនឹងអបអរសាទរ តែនៅពេលជីវិតជូរចត់ក៏ត្រូវដឹងគុណនឹងចេះតស៊ូផងដែរ
  • ចាំថាពេលខ្លះរឿងរ៉ាវអាក្រក់ៗដែលបានកើតឡើងក្នុងឆាកជីវិតរបស់អ្នក (វានឹងក្លាយជាបទពិសោធមេរៀនជីវិត) វានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំនៅថ្ងៃអនាគត
  • មិនថាអ្នកមានអារម្មណ៍ពិបាកខ្លាំងយ៉ាងណាទេ ត្រូវក្រោកឈរថែទាំសុខភាព ស្លៀកពាក់ស្អាតៗ បង្ហាញខ្លួនជាមួយនឹងភាពរឹងមាំ ហើយនឹងមិនគួរបោះបង់ចោលគោលបំណងរបស់ខ្លួនឡើយ

ជាទូទៅយើងខ្លួនឯងនឹងហើយដែលជាអ្នកបង្កើតបញ្ហានានាឲ្យកើតមាននៅក្នុងខួរក្បាលរបស់អ្នក និងឲ្យកើតចេញជារូបរាង ជាបញ្ហាពិតៗនោះ។ បើទោះបីជាអ្នកមានថ្ងៃពិបាកខ្លាំងយ៉ាងណាក៏ដោយចូរចាំថាត្រូវស្វែងរកភាពវិជ្ជមានមកដាក់ខ្លួនជានិច្ចដើម្បីធ្វើការត្រួតត្រាទៅលើបញ្ហាទាំងនោះ និងត្រូវចាំថាគ្មានឆាកជីវិតណាដែលសប្បាយរីករាយរហូតនោះទេ៕

ចុចអានបន្ត៖ មូលហេតុ ៣ យ៉ាងដែលមនុស្សសម្ដីអាក្រក់ភាគច្រើនគឺជាមនុស្សល្អបំផុតក្នុងការរាប់អាន

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម