ហេតុផល ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនមែនជារឿងល្អឡើយ

  • 2021-12-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមូលហេតុចម្បងៗមួយចំនួនដែលការវាយធ្វើបាបសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនគួរត្រូវបានត្រូវធ្វើឡើងនោះទេ ពីព្រោះវាត្រូវបានគេចាត់ទុកថាជាអំពើអយុត្តិធម៌សម្រាប់សត្វឆ្កែរបស់អ្នក។ អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាសត្វឆ្កែគឺជាដៃគូដ៏ស្មោះស្ម័គ្រនឹងស្មោះត្រង់បំផុត ពួកវាមិនដូចជាមនុស្សឡើយ គឺពួកវាមិនចេះសងសឹកនោះទេ។ នៅពេលណាដែលសត្វឆ្កែធ្វើឲ្យម្ចាស់វាតូចចិត្តឬខឹង វាមិនមែនដោយសារតែពួកវារប៉ិលរប៉ូចខិលនោះទេ តែវាគឺជាអ្វីដែលសត្វឆ្កែតែងតែធ្វើឡើងតាមបែបធម្មជាតិរបស់សត្វឆ្កែ ហើយពួកវានឹងមិនបញ្ឃប់ពីការធ្វើសកម្មភាពទាំងនោះឡើយ ពីព្រោះពួកវាមិនយល់អំពីស្តង់ដារ និងច្បាប់របស់មនុស្សលោកឡើយ។

ដូច្នេះវាអាស្រ័យទៅលើម្ចាស់សត្វនោះក្នុងការផ្ដល់ការណែនាំ និងបង្ហាញភាពជាមេដឹកនាំ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបង្រៀនសត្វចិញ្ចឹមរបស់ពួកគេប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយមិនប្រឈមមុខទៅនឹងការប្រើអំពើហិង្សា។ ការបណ្ដុះបណ្ដាលប្រភេទនោះផ្ដោតសំខាន់ទៅលើការកោតសរសើរអាកប្បកិរិយាល្អ និងការមិនអើពើទៅនឹងអាកប្បកិរិយាមិនល្អ។ ម្ចាស់ដែលមិនបានបង្រៀនសត្វឆ្កែចិញ្ចឹមរបស់ពួកគេទៅតាមវិធីសាស្ត្រនេះ គឺងាយនឹងងាកទៅរកការវាយធ្វើបាបសត្វឆ្កែណាស់ដែលវាអាចជះឥទ្ធិពលអវិជ្ជមានជាច្រើនចំពោះសត្វឆ្កែ និងទៅលើទំនាក់ទំនងទូទៅជាមួយម្ចាស់។

ខាងក្រោមនេះគឺជាហេតុផលចម្បងៗទាំង ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនគួរត្រូវធ្វើឡើងឡើយ៖

១. វាឈឺ

សត្វឆ្កែគឺវាមានប្រព័ន្ធសរសៃប្រសាទដូចជាមនុស្សយើងដែរ ហេតុដូច្នេះហើយបានជាពួកវាមានអារម្មណ៍ឈឺចាប់ក្នុងលក្ខណដូចគ្នានៃមនុស្សដែរ។ សត្វឆ្កែខ្លះប្រហែលជាមិនអាចធ្វើការបង្ហាញអំពីការឈឺចាប់របស់ពួកវាដោយការស្រែកនោះទេ ប៉ុន្តែពួកវាអាចនឹងរងទុក្ខដោយមិនបង្ហាញវាចេញ ក្រៅពីនោះការវាយសត្វឆ្កែ​ក៏​អាច​បណ្តាល​ឲ្យ​មាន​របួស​ស្លាកស្នាម​ និង​មានវិបត្តិ​ផ្លូវ​អារម្មណ៍​ផង​ដែរ។

២. វានឹងជុំរុញឲ្យមានការភ័យខ្លាចដែលឈានដល់ការខាំ

នៅពេលដែលសត្វឆ្កែត្រូវបានវាយធ្វើបាប ពួកវានឹងមានការភ័យខ្លាចចំពោះម្ចាស់របស់វា ហើយនៅ​ទី​បំផុត​ពួកវានឹងមានកំហឹង​ទៅលើ​ម្ចាស់ដែលបណ្ដាលឲ្យពួកវា​ភ័យ​ខ្លាចរហូតដល់ងាកមកខាំវិញដើម្បី​ការពារ​ខ្លួនពួកវាតែប៉ុណ្ណោះ។

៣. វាបណ្តាលឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា

ក្រៅពីការខាំ វាក៏អាចធ្វើឲ្យសត្វឆ្កែមានការផ្លាស់ប្ដូរអារម្មណ៍នឹងអាកប្បកិរិយាបានដោយងាយ ដូចជាការមិនគោរពឲ្យតម្លៃខ្លួនឯងដោយការដើរឱនក្បាលចុះ ការដើរជាមួយនឹងកន្ទុយធ្លាក់ចុះនៅចន្លោះជើង ហើយពួកវា​អាច​នឹង​មានការភ័យ​ព្រួយ និងមានការភ័យ​ខ្លាច​កាន់តែខ្លាំង​នៅគ្រប់ខលៈទេសៈ។

៤. វានឹងធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព

ឆ្កែ​ដែល​ត្រូវ​បាន​វាយ​ធ្វើបាបនឹង​មិន​ទុក​ចិត្ត​ម្ចាស់​វា​ទៀតឡើយ ពីព្រោះម្ចាស់គឺជាជាប្រភពនៃការជឿទុកចិត្ត និងការណែនាំដំបូងរបស់ពួកវា។ ដូច្នេះនៅពេលណាដែលពួកវាត្រូវបានម្ចាស់ធ្វើបាប ពួកវានឹងមាន​ភាព​ភ័យ​ខ្លាច​ ហើយ​ការភ័យ​ខ្លាច​នោះនឹងវិវត្តទៅជាការបាត់បង់ជំនឿងទុកចិត្តជាមួយម្ចាស់របស់ពួកវា។

ប្រសិនបើម្ចាស់គិតថាការធ្វើបែបនេះគឺជាការបង្ហាត់បង្រៀននោះ វាគឺជាការយល់ច្រឡំដ៏ធំមួយនឹងខុសទាំងស្រុង ពីព្រោះសត្វឆ្កែមិនបានគិតដូចជាមនុស្សនោះឡើយ។ ការហ្វឹកហ្វឺនសម័យទំនើបគឺដូចដែលបានប្រាប់ខាងលើអញ្ចឹងថា (ការបណ្ដុះបណ្ដាលដោយផ្ដោតសំខាន់ទៅលើការកោតសរសើរអាកប្បកិរិយាល្អ និងការមិនអើពើទៅនឹងអាកប្បកិរិយាមិនល្អ)។ ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​បង្កើត​ចំណងមិត្តភាពល្អ​ជាមួយ​សត្វឆ្កែ​របស់​អ្នកនោះ អ្នក​ត្រូវ​បង្កើត​ការ​ទុក​ចិត្ត​ជាចម្បង មិន​មែនជាការភ័យ​ខ្លាច​នោះទេ។ អ្នកត្រូវដឹងថាសត្វឆ្កែមិនអាចយល់ដឹងអំពីអ្វីដែលមនុស្សចង់បានឡើយ ដូច្នេះ​បើអ្នកនៅតែបន្ដធ្វើបាបសត្វឆ្កែបែបនោះទៀត វាគឺជារឿងអយុត្តិធម៌បំផុតសម្រាប់សត្វចិញ្ចឹមរបស់អ្នក៕

ប្រភពរូបភាព៖ Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den