វិធីការពារកុំឲ្យស្ត្រេសក្នុងការត្រលប់ទៅធ្វើការនៅក្នុងការិយាល័យវិញ
- 2021-09-16 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារកុំឲ្យស្ត្រេសក្នុងការត្រលប់ទៅធ្វើការនៅក្នុងការិយាល័យវិញ
បន្ទាប់ពីការធ្វើការនៅផ្ទះអស់រយះពេលជាងមួយឆ្នាំមកដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ និយោជកជាច្រើនកំពុងតែចាប់ផ្តើមបើកការិយាល័យឡើងវិញ ហើយមានបុគ្គលិជាច្រើនមានអារម្មណ៍ថាច្របូកច្របល់មិនច្បាស់អំពីរឿងត្រលប់ទៅធ្វើការនៅការិយាល័យវិញឡើយ។ អ្នកខ្លះគិតថាវាអាចជាការសហការដ៏ល្អមួយជាមួយមិត្តរួមការងារដោយផ្ទាល់ ហើយការផ្លាស់ប្ដូរបរិយាកាសនៃកន្លែងធ្វើការអាចជាវិធីក្នុងការកាត់បន្ថយស្ត្រេសបានផងដែរ។
ប៉ុន្តែសម្រាប់អ្នកដែលទន្ទឹងរង់ចាំការវិលត្រឡប់ទៅកាន់ការិយាល័យវិញហាក់ដូចជាមិនសូវមានច្រើនទេ បើមានគឺភាគតិចបំផុត។ នេះបើយោងទៅតាមការស្ទង់មតិរបស់បុគ្គលិកក្រៅម៉ោងនឹងពេញម៉ោងជាង ១.០០០ នាក់បានបង្ហាញថាប្រហែលពីរភាគបីនៃបុគ្គលិកនិយាយថាពួកគេមានការព្រួយបារម្ភអំពីការផ្លាស់ប្ដូរមួយនេះ។ ហើយរហូតដល់ទៅ ២៩ ភាគរយបានប្រាប់ថាភាពបត់បែននៃការធ្វើការពីផ្ទះគឺជាវិធីដែលផ្ដល់សុវត្ថិភាពពីការឆ្លងជំងឺកូវីដ។
ខាងក្រោមនេះគឺជាមូលហេតុចម្បងដែលបុគ្គលិកធ្វើការជាច្រើនមានអារម្មណ៍តានតឹង និងវិធីការពារកុំឲ្យមានអារម្មណ៍ស្ត្រេសក្នុងការត្រលប់ទៅធ្វើការនៅការិយាល័យវិញ៖
មូលហេតុ៖ ការមានអារម្មណ៍តានតឹងនឹងមិនច្បាស់លាស់អំពីការត្រលប់ទៅការិយាល័យវិញ
ការធ្វើការពីផ្ទះបានផ្តល់ឲ្យពួកគេនូវវិធីដើម្បីបន្តការរស់នៅដោយមិនប្រថុយនឹងការឆ្លងមេរោគកូរ៉ូណា ពីព្រោះមានអ្នកធ្វើការជាច្រើនខ្លាចការមិនមានសុវត្ថិភាពប្រសិនបើពួកគេត្រូវបង្ខំចិត្តធ្វើដំណើរតាមមធ្យោបាយសាធារណៈទៅធ្វើការ ហើយចំណាយពេលពេញមួយថ្ងៃនៅកន្លែងធ្វើការនឹងជាមួយមិត្តរួមការងារនោះ។ មិនថាអ្នកត្រលប់មកការិយាល័យពេញម៉ោងឬគ្រាន់តែពីរបីថ្ងៃក្នុងមួយសប្តាហ៍នោះទេ ការរំខានដល់ទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចធ្វើឲ្យអ្នកភ័យខ្លាចអំពីការមានទំនាក់ទំនងជាមួយមនុស្សច្រើនជាងធម្មតា និងការព្រួយបារម្ភទៅលើសុវត្ថិភាពរបស់អ្នកជាដើម។
ដំណោះស្រាយ៖ ចាប់ផ្តើមដោយផ្តោតតែលើចំណុចវិជ្ជមានដែលអាចកើតឡើងក្នុងការត្រលប់ទៅការិយាល័យវិញ
វាអាចពិបាកក្នុងការបោះបង់ចោលភាពបត់បែននឹងភាពងាយស្រួលនៃការធ្វើការពីផ្ទះ ប៉ុន្តែវាក៏មានគុណសម្បត្តិមួយចំនួននៃការវិលត្រលប់ទៅបន្តការងារនៅក្នុងការិយាល័យវិញដែរ។ អត្ថប្រយោជន៍អាចរួមទាំងការបង្កើតទំនាក់ទំនងសង្គមឡើងវិញ និងទប់ស្កាត់ភាពឯកកោដែលមានក្នុងកំឡុងពេលធ្វើការពីផ្ទះ។ ចាប់ផ្តើមភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលឬក្រុមតូចៗជាមុនសិន មុននឹងបន្តធ្វើអន្តរកម្មជាមួយក្រុមការងារទាំងមូល។ សូមចងចាំថាការប្រុងប្រយ័ត្នសុវត្ថិភាពនៃជំងឺរាតត្បាត ការអនុវត្តការថែទាំខ្លួនឯងគឺជាវិធីទប់ស្កាត់នៃភាពតានតឹងពីការផ្លាស់ប្តូរទម្លាប់នោះ។
ដោយសារមនុស្សកាន់តែច្រើនបានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ ដូច្នេះបានជានិយោជកភាគច្រើនតម្រូវឲ្យបុគ្គលិកត្រលប់មកធ្វើការនៅការិយាល័យវិញបន្ទាប់ពីការធ្វើការពីផ្ទះអស់រយះពេលជាងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរនេះនឹងមិនមានភាពងាយស្រួលសម្រាប់អ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកតម្រូវឲ្យត្រលប់ទៅការិយាល័យវិញ អ្នកគួរតែផ្តោតទៅលើអត្ថប្រយោជន៍ល្អៗដូចជាការកាត់បន្ថយភាពឯកោ ស្ត្រេស និងផលិតភាពនៃការធ្វើការបានប្រសើរឡើង។ ការកំណត់ព្រំដែនផ្ទាល់ខ្លួន ការអនុវត្តការថែទាំនឹងការពារសុខភាពរបស់អ្នក និងការសម្របខ្លួនបន្ដិចម្ដងៗចំពោះការផ្លាស់ប្ដូរនេះក៏អាចជួយបំបាត់ការថប់បារម្ភនៃភាពតានតឹងរបស់អ្នកបានដែរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖