គន្លឹះល្អៗ ៥ យ៉ាងរបស់ឪពុកម្តាយក្នុងការចិញ្ចឹមកូនឲ្យមានភាពឆ្លាតវៃ

  • 2021-09-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងនាមជាឪពុកម្ដាយអ្នកណាៗក៏ចង់ឲ្យកូនចៅរបស់ពួកគេមានការលូតលាស់ល្អ រីកចម្រើនភាពឆ្លាតវៃ និងទទួលបានភាពជោគជ័យនៅក្នុងជីវិតដែរ។ ការចិញ្ចឹមកូនប្រកបដោយភាពឆ្លាតវៃដែលពោរពេញទៅដោយក្ដីស្រឡាញ់ និងការយល់ដឹងយ៉ាងទូលំទូលាយសម្រាប់អនាគតរបស់ពួកគឺជាបំណងប្រាថ្នាដែលឪពុកម្ដាយទាំងអស់ពិតជាចង់បានខ្លាំងណាស់។ ហើយឪពុកម្ដាយទាំងអស់ប្រាកដជាបានដឹងរួចមកហើយថា ការចិញ្ចឹមកូនមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះវាប្រឈមនឹងបញ្ហាជាច្រើនរាប់មិនអស់។

ប៉ុន្តែជាសំណាងល្អក៏មានវិធីសាស្ត្រសំខាន់ៗជាច្រើនដែលអាចលើកកម្ពស់ដល់ការអភិវឌ្ឍផ្នែកសុខភាពបញ្ញា និងការចិញ្ចឹមបីបាច់កុមារប្រកបដោយសុខភាពល្អ។ ហើយវិធីខ្លះមិនត្រឹមតែល្អសម្រាប់កុមារតែប៉ុណ្ណោះទេ វាក៏ល្អសម្រាប់ឪពុកម្ដាយនឹងក្រុមគ្រួសារទាំងមូលសម្រាប់ការភ្ជាប់ទំនាក់ទំនងល្អរវាងកូនៗ និងឪពុកម្ដាយផងដែរ។

ក្រុមការងារ កញ្ញា បានធ្វើការទាក់ទងទៅគ្រួសារមួយគូឲ្យចែករំលែកបទពិសោធផ្ទាល់អំពីការចិញ្ចឹមបីបាច់កូនឲ្យទទួលបានភាពឆ្លាតវៃ។ លោក នួន សុវណ្ណ និងអ្នកស្រី ហ៊ឿន ម៉ាណែត ដែលពួកគាត់ទាំងពីរគឺជាគ្រូបង្រៀននៅក្នុងវិទ្យាល័យនៅខេត្តកំពង់ចាម។ ពួកគាត់ទាំងពីរមានកូនចំនួន ៤ នាក់ប្រុសបីនាក់នឹងស្រីម្នាក់ ហើយកូនៗរបស់ពួកគាត់សុទ្ធតែជាសិស្សពូកែនៅក្នុងសាលារៀន និងមានការយល់ដឹងខ្ពស់នៅក្នុងសង្គមរស់នៅ។ តាមរយះការធ្វើបទសម្ពាសពួកគាត់បានប្រាប់ថា “រឿងអប់រំកូនគឺពិបាកជាងអ្វីទៅទៀត” វាប្រៀបបានដូចជារុញដំថ្មឡើងភ្នំ ឬអូសឬស្សីបញ្រាស់ចុងអញ្ចឹង ការណាកាន់តែយកឈ្នះវាកាន់តែពិបាក។ ដូចមានពាក្យចាស់តែងតែពោលថា “ឪពុកម្ដាយកាចកូនកាន់តែខូច” និងមួយចំនួនទៀតពោលថា “បើឪពុកម្ដាយកាចកូននឹងរាបដូចកន្ទេល” វាមិនពិតទាំងអស់នោះទេ។ ក្នុងនាមជាឪពុកម្ដាយល្អម្នាក់ អ្នកត្រូវតែរក្សាខ្លួននៅចំណុចកណ្ដាលជានិច្ចទើបការអប់រំកូនៗបានល្អប្រសើរ។

ទាំងនេះគឺជាគន្លឹះសំខាន់ៗ ៥ យ៉ាងរបស់ឪពុកម្តាយក្នុងការចិញ្ចឹមកូនឲ្យទទួលបានភាពឆ្លាតវៃ (តាមបទពិសោធរបស់លោកគ្រូសុវណ្ណ និងអ្នកគ្រូម៉ាណែត)៖

១. ផ្ដល់បរិយាកាសវិជ្ជមានជានិច្ចនៅក្នុងផ្ទះ វាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវវឌ្ឍនៃដំណើរជីវិត និងការរីកធំធាត់របស់កុមារ ពីព្រោះបើបរិយាកាសល្អនៅក្នុងផ្ទះវាផ្ដល់អតិភាពខ្ពស់ដល់កុមារក្នុងការលូតលាស់រៀនសូត្រ ជាមេរៀននឹងជាគំរូដ៏ល្អក្នុងការគ្រប់គ្រង ឬការអប់រំពួកគាត់។

២. ការចិញ្ចឹមបីបាច់កុមារតាមរយះការលើកកម្ពស់សេចក្តីស្រឡាញ់នៃការរៀនសូត្រពីវ័យក្មេងទៅ ឪពុកម្តាយភាគច្រើនយល់ស្របថាប្រភេទនៃភាពវៃឆ្លាតដែលពួកគាត់ចង់ឲ្យកូនៗរបស់ពួកគាត់នោះគឺការស្រេកឃ្លានចំណេះដឹង និងការរីករាយជាមួយបទពិសោធន៍ថ្មីៗ។ អ្នកអាចជំរុញបំណងប្រាថ្នានេះបានតាមរយះការលើកកម្ពស់ការរៀនសូត្ររបស់ពួកគាត់ចាប់តាំងពីពេលពួកគាត់នៅក្មេងទៅ។

៣. ការលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងសង្គមរបស់ពួកគាត់ក៏ជារឿងសំខាន់ដែរ អ្នកត្រូវដឹងថាជំនាញឬចំណេះដឹងសង្គមគឺជាផ្នែកមួយដ៏សំខាន់បំផុតមួយនៃការរីកលូតលាស់ និងការអភិវឌ្ឍរបស់កុមារឲ្យក្លាយជាមនុស្សល្អជោគជ័យម្នាក់នៅពេលពួកគេឈានចូលវ័យជំទង់។

៤. អនុញ្ញាតឲ្យកូនៗរបស់អ្នកធ្វើកិច្ចការងារផ្ទះ ការឲ្យកូនៗជួយកិច្ចការងារផ្ទះគឺជាវិធីងាយស្រួលមួយក្នុងការជួយលើកកម្ពស់នូវផលិតភាពដើម្បីឲ្យពួកគេមានការខិតខំខ្លាំង ទទួលបានភាពវិជ្ជមានច្រើន និងមានទំនួលខុសត្រូវខ្ពស់ទាំងការរៀនសូត្រក៏ដូចជាឱកាសជោគជ័យច្រើនក្នុងជីវិតរស់នៅរបស់ពួកគេពេលធំឡើង។

៥. ការប្រស្រ័យទាក់ទងល្អជាមួយកូនៗ ឪពុកម្តាយខ្លះអាចមានការធុញទ្រាន់នៅពេលដែលកូនៗនិយាយច្រើន តែត្រូវចាំថាវាល្អច្រើនជាងក្មេងដែលសូវនិយាយ ពីព្រោះវានឹងផ្ដល់ឱកាសឲ្យអ្នកយល់ដឹងអំពីចំណាប់អារម្មណ៍របស់កូនៗទៅលើការសួរនាំ ការប្រាប់ដើម្បីរកដំនោះស្រាយនៅក្នុងការទំនាក់ទំនងជាមួយអ្នក ហើយវាក៏ធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែស៊ីជម្រៅជាមួយពួកគាត់ផងដែរ។

ការធ្វើជាឪពុកម្តាយគឺពិតជាពិបាកខ្លាំងណាស់ ជាពិសេសនៅពេលដែលអ្នកចង់ធានាថាការចិញ្ចឹមបីបាច់កូនៗរបស់អ្នកប្រកបដោយភាពឆ្លាតវៃ ដើម្បីឲ្យកូនៗធំធាត់ឡើងមានការយល់ដឹងខ្ពស់ដែលអាចដោះស្រាយបញ្ហានានាបាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងធ្វើសកម្មភាពអ្វីមួយដោយមានការគិតគូរខ្ពស់សម្រាប់អនាគតភ្លឺស្វាង។ នៅពេលដែលកូនៗទទួលបានភាពជោគជ័យនៅក្នុងជីវិតវាក៏ធ្វើឲ្យឪពុកម្ដាយសប្បាយចិត្តទៅតាមនោះដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម