មនុស្ស ៥ ប្រភេទនេះអាចនឹងឆក់យកសុភមង្គលពីអ្នកបាន (ប្រសាសន៍លោកបណ្ឌិត ចនសាន់)

  • 2021-09-01 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាឪពុកម្ដាយ ឬជីដូនជីតារបស់អ្នកតែងតែប្រាប់អំពីរបៀបនៃការមើលទៅលើមនុស្សសម្រាប់ការរាប់អានធ្វើជាមិត្តភក្ដិ មិនថានៅសាលារៀន នៅកន្លែងធ្វើការ និងកន្លែងផ្សេងៗទៀតឡើយ។ ដូចជាពាក្យចាស់មួយតែងតែបានពោលថា “ត្រីមួយកន្ត្រក បើស្អុយមួយមិនយូរមិនឆាប់វានឹងស្អុយទាំងអស់” វាជាការប្រៀបធៀបទៅនឹងការរាប់អាន ឬស្ថិតនៅជាមួយមនុស្សពិសពុលដែលអាចធ្វើបាប កេងចំណេញ និងឆក់ប្លន់យកសុភមង្គលរបស់អ្នកជាមិនខាន។

យោងទៅតាមប្រសាសន៍របស់លោក ប្រេនដេន ចនសាន់ (Brenden Johnson) ដែលជាអ្នកផ្ដល់ព្រឹក្សាយោបល់ និងជាគ្រូពេទ្យផ្នែកចិត្តវិទ្យានៅក្នុងមន្ទីពេទ្យឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ។ គាត់ផ្ដោតសំខាន់ទៅលើអ្នកស្ត្រេសដោយសារបញ្ហាណាមួយ ឬក៏មនុស្សដែលមានវិបត្តិផ្លូវចិត្ត។ គាត់បានសង្កត់ធ្ងន់ទៅលើបញ្ហានេះប្រាប់ កញ្ញា និងសម្រាប់ទៅកាន់បងប្អូនអ្នកអានទាំងអស់ឲ្យបានដឹងថា៖ ភាពអវិជ្ជមានដែលអ្នកទទួលបានពីមនុស្សដទៃមានឥទ្ធិពលមិនល្អយ៉ាងខ្លាំងទៅលើចិត្តគំនិតរបស់អ្នក ហើយវាមានឥទ្ធិពលខ្លាំងជាងអ្វីដែលទទួលបានពីភាពវិជ្ជមានទៅទៀត។ មនុស្សប្រភេទនោះមានវិធីពិសេសជាច្រើនក្នុងការធ្វើឲ្យអ្នកធ្លាក់ក្រោមអំណាចរបស់ពួកគេ។ ប៉ុន្តែអ្នកខ្លួនឯងពិតជាមានអំណាចក្នុងការបញ្ឈប់អំពើអាក្រក់ពីមនុស្សទាំងនោះបាន។

លោកបណ្ឌិត ចនសាន់ បានបកស្រាយប្រាប់ថាមនុស្សប្រាំប្រភេទដែលនឹងធ្វើឲ្យអ្នកមិនសប្បាយចិត្តក្នុងការរស់នៅដែលអ្នកគួរតែចៀសវាក្នុងការរាប់អាន ឬចំណាយពេលជាមួយពួកគេ៖

១. មនុស្សដែលចូលចិត្តធ្វើការរិះគន់ខ្លាំងពេក អ្នកណាៗក៏មានគុណសម្បត្តិនឹងគុណវិបត្តិដែរ ពីព្រោះនៅលើលោកនេះគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះឡើយ។ វាមិនអីទេក្នុងការទទួលការរិះគន់បន្ដិចបន្ដួយក្នុងន័យស្ថាបនាទៅថ្ងៃមុខ ប៉ុន្តែប្រសិនបើមាននរណាម្នាក់រករឿងរិះគន់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងនោះវាជាភាពអវិជ្ជមានដែលអ្នកមិនត្រូវការ និងគួរតែដើរចេញពីមនុស្សប្រភេទនោះ។

២. មនុស្សដែលគិតតែអំពីសម្បកក្រៅ (ផ្ទាល់ខ្លួន) រូបសម្រស់ស្រស់ស្អាតគឺជាអ្វីដែលមនុស្សគ្រប់គ្នាតែងតែធ្វើការថែទាំនឹងចង់បាន។ តែបើគេនោះធ្វើការចំណាយទាំងពេលវេលា និងថវិកាច្រើនលើសលប់ដើម្បីគ្រាន់តែចង់បង្ហាញប្រាប់អ្នកដទៃថាអ្វីៗដែលពួកគេមើលនៅខាងក្រៅគឺល្អឥតខ្ចោះ ពួកគេតែងតែភ្លេចថាអ្វីដែលនៅខាងក្នុងដែលបង្ហាញពីអាកប្បកិរិយាល្អគឺជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការជាង។

៣. មនុស្សញុះញង់ នៅពេលមាននរណាម្នាក់ដែលព្យាយាមប្រាប់អ្នកឲ្យធ្វើចិត្តស្ងប់នៅពេលដែលអ្នកកំពុងតែតូចចិត្ត ឬខឹងខ្លាំងនោះ ពួកគេច្រើនតែចាត់ទុកអ្នកដូចជាកូនក្មេងអញ្ចឹង។ អាកប្បកិរិយាទាំងនោះអាចបញ្ជាក់បានថាពួកគេចង់ឲ្យអ្នកនៅស្ងៀមស្ងាត់ ឬក៏ពួកគេមានភាពខ្មាស់អៀន និងមិនចង់លឺអំពីអ្វីដែលអ្នកចង់និយាយ។

៤. មនុស្សដែលច្រណែនរឿងគ្រប់យ៉ាង មនុស្សប្រភេទនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព និងធ្វើឲ្យអ្នកគិតថាខ្លួនឯងគ្មានតម្លៃ ពីព្រោះយុទ្ធសាស្ត្ររបស់ពួកគេគឺដើម្បីតែអារម្មណ៍ល្អប្រសើរសម្រាប់ពួកគេតែប៉ុណ្ណោះ ហើយអាចធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាសំរាម។

៥. មនុស្សដែលតែងតែនិយាយដើមគេ ពួកគេអាចដើរតួដូចជាមនុស្សដែលល្អបំផុតនៅពេលណាដែលនៅជាមួយអ្នក ប៉ុន្តែនៅពីក្រោយខ្នងពួកគេនិយាយដើមមើលងាយមើលថោកអ្នក ធ្វើពុតជាមិត្តល្អរបស់អ្នក។ ឆាកជីវិតខ្លីណាស់កុំទៅរញ៉េរញ៉ៃជាមួយមនុស្សក្លែងក្លាយបែបនេះ។

ប្រសិនបើអ្នកទទួលយកភាពអវិជ្ជមានពីមនុស្សបែបនេះចូលទៅក្នុងខ្លួនអ្នកនោះ មិនយូរទេអ្នកនឹងទទួលរងការមិនគោរពឲ្យតម្លៃខ្លួនឯង។ តើក្នុងឆាកជីវិតរបស់អ្នកធ្លាប់បានជួបមនុស្សប្រភេទនេះដែលឬទេ? មនុស្សប្រភេទទាំងនេះនឹងឆក់ប្លន់យកសុភមង្គលរបស់អ្នក ហើយអាចធ្វើឲ្យអ្នកឈឺចាប់យ៉ាងខ្លាំង។ មនុស្សទាំងនេះចូលចិត្តបង្កើតបញ្ហានឹងភាពស្មុគស្មាញមិនថាពួកគេនៅទីណាក៏ដោយ ដូច្នេះបើអ្នកចង់រស់នៅដោយភាពសប្បាយចិត្ត អ្នកត្រូវតែនៅឲ្យឆ្ងាយពីមនុស្សពិសពុលក្លែងក្លាយទាំងនោះ៕

ប្រភពរូបភាព៖ Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den