របៀបដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុដែលស្ត្រីកំពុងប្រឈមមុខក្នុងវិបត្តិកូវីដ
- 2021-08-18 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុដែលស្ត្រីកំពុងប្រឈមមុខក្នុងវិបត្តិកូវីដ
ការខិតខំព្យាយាមតស៊ូប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានក្លាយជារឿងចម្បងនឹងសំខាន់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នានៅក្នុងសម័យនេះ។ ការរៀនគ្រប់គ្រងអារម្មណ៍ ការដោះស្រាយទៅលើស្ថានភាពជីវិតប្រចាំថ្ងៃ និងការរៀនយល់ដឹងអំពីអ្វីៗដែលអាចធ្វើឲ្យពួកគេអាចបន្ដដំណើរទៅមុខបានគឺជារឿងដែលមនុស្សរាល់គ្នាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្រៅពីរឿងវិបត្តិការងារ ស្នេហា ក្រុមគ្រួសារនឹងមិត្តភក្តិ បញ្ហាផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនត្រូវបានរួមបញ្ចូលផងដែរ ហើយវាធ្ងន់ធ្ងរជាងបញ្ហាដទៃទៀតទាំងអស់។
ការរីករាលដាលដ៏ខ្លាំងខ្លានៃបញ្ហាប្រាក់ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ស្ត្រី និងរឿងអសន្តិសុខមួយចំនួនទៀតបានគូសបញ្ជាក់បង្ហាញថាស្ត្រីទំនងជាមានការលំបាកជាងបុរសក្នុងការសម្រេចចិត្តដោះស្រាយការចំណាយដែលមិនបានរំពឹងទុក និងការសន្សំសម្រាប់ការផ្គត់ផ្គង់គ្រួសារ ក៏ដូចជាការចូលនិវត្តន៍ជាដើម។
**អ្នកស្រី សឿន ចាន់មាលា** បានចែករំលែកអំពីបទពិសោធផ្ទាល់ខ្លួនពិតៗជាមួយ **កញ្ញា** ទៅលើបញ្ហាផ្នែកហិរញ្ញវត្ថុដែលភាគច្រើននៃស្ត្រីទាំងអស់កំពុងតែជួបប្រទះ និងអំពីរបៀបនៃការដោះស្រាយដើម្បីជម្នះឧបសគ្គទាំងនោះនៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩។ អ្នកស្រី ចាន់មាលា បានមានប្រសាសន៍ថាគាត់គឺជាស្ត្រីមេផ្ទះ និងជាអ្នកលក់ផលិតផលសម្រស់បន្ដិចបន្ដួចនៅផ្ទះពេលទំនេរ។ ប៉ុន្តែតាំងពីជំងឺរាតត្បាតកូវីដ-១៩ ចូលមកអ្នកនាងឆ្លងកាត់បញ្ហារឿងលុយកាក់ជាញឹកញាប់បើទោះពីជាស្វាមីរបស់អ្នកនាងនៅមានការងារធ្វើដដែលក៏ដោយ។ ការចំណាយ ការគ្រប់គ្រងរឿងលុយកាក់មានការលំបាកកាន់តែខ្លាំងឡើង អ្វីដែលសំខាន់នោះគឺការលក់ដូវមិនដំណើរការល្អដូចពីមុនឡើយដែលបានរុញច្រានអ្នកនាងឲ្យសម្រេចចិត្តស្វែងរកការងារធ្វើដើម្បីជួយគ្រួសារ។
បញ្ហាចោទខ្លាំងមកលើស្ត្រី៖ ស្ត្រីជាមនុស្សដែលមានបន្ទុកច្រើនបើនិយាយអំពីរឿងគ្រួសារ ពួកគេអាចនឹងចាកចេញពីការងារ ឬក៏ធ្វើការងារក្រៅម៉ោងដើម្បីមានពេលមើលថែទាំកូនៗ សាច់ញាតិ ឪពុកម្ដាយវ័យចំណាស់ និងអ្នកដែលឈឺជាដើម។
ស្វែងរកការងារក្រៅម៉ោងធ្វើ៖ អ្នកនាងបានសម្រេចចិត្តមកធ្វើជាអ្នករត់តុនៅក្នុងភោជនីយដ្ឋានមួយដើម្បីប្រាក់ចំណូលបន្ថែម និងដើម្បីកាត់បន្ថយទៅលើការចំណាយនានាដែលបណ្ដាលមកពីការរស់នៅតែក្នុងផ្ទះមិនអាចទៅណា ឬធ្វើអ្វីបាន។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៖ វាមានសារសំខាន់ណាស់ក្នុងការការពារពីវិបត្តិហិរញ្ញវត្ថុរបស់ពួកគេឲ្យបានប្រសើរជាងមុន។ ពួកគេអាចរៀនសូត្រទៅលើការគ្រប់គ្រង ឬដោះស្រាយបញ្ហាទាំងនោះបានដោយការសហការជាមួយក្រុមគ្រួសារ ដៃគូស្វាមីភរិយា និងការរៀនសូត្រពីកូនៗវិញ។
ការសន្សំប្រាក់ទោះបីបន្ដិចបន្ដួចក៏ដោយ៖ ជាពិសេសអ្នកដែលប្រឈមមុខទៅនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ពីព្រោះការបង្កើតទម្លាប់សន្សំគឺសំខាន់ជាងចំនួនសរុបដែលទទួលបាន។ វាអាចជាការពិបាកក្នុងកំឡុងពេលមានជំងឺរាតត្បាតចំពោះស្ត្រីដែលបាត់បង់ការងារ ហើយក្នុងពេលជាមួយគ្នានេះមានការចំណាយច្រើនទាក់ទងនឹងការថែទាំកុមារ និងការផ្គត់ផ្គង់គ្រួសារ។
វិបត្តិកូវីដបានបង្រៀនដល់ស្ត្រីជាច្រើនថាវាមិនមែនតែពួកគេទេដែលកំពុងជួបប្រទះបញ្ហានេះ ហើយវាក៏មិនមែនជាកំហុសរបស់ពួកគេដែរ។ វាជាការលំបាកសម្រាប់ស្ត្រីជាច្រើន ប៉ុន្ដែនៅពេលដែលពួកគេមានទំនុកចិត្តខ្ពស់ ទទួលបានការលើកទឹកចិត្ត វាអាចធ្វើឲ្យពួកគេមានភាពក្លាហានក្នុងការដោះស្រាយឧបសគ្គទាំងនោះឲ្យបានសម្រេចដោយជោគជ័យ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖