វិធី ៣ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការស្អប់ និងមិនឲ្យតម្លៃចំពោះខ្លួនឯង

  • 2021-08-01 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកតែងតែមានអារម្មណ៍ថាខ្លួនគ្មានតម្លៃនោះ ភាគច្រើនវាតែងតែជាប់ទាក់ទងជាមួយនឹងភាពអស់សង្ឃឹមនៅក្នុងជីវិត។ អារម្មណ៍បែបនេះច្រើនតែជារោគសញ្ញាដែលបង្ហាញថាអ្នកកំពុងតែមាន ឬកំពុងវិវដ្ដទៅរកជំងឺធ្លាក់ទឹកចិត្ត។ ប៉ុន្តែអារម្មណ៍បែបនេះវាក៏អាចកើតឡើងដោយសារតែរឿងផ្សេងៗមួយចំនួនទៀតដូចជា ការគោរពឲ្យតម្លៃខ្លួនឯងទាប ការរំលោភបំពាន ការប៉ះទង្គិចផ្លូវចិត្តដែលបណ្ដាលមកពីការងារ គ្រួសារ ឬមិត្តភក្ដិដែលស្ថានភាពបែបនោះបានធ្វើការគំរាមកំហែងដល់អារម្មណ៍របស់អ្នកយ៉ាងខ្លាំង។

ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍បែបនេះ វានឹងធ្វើឲ្យមានភាពតានតឹង ផលវិបាកនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវវិះរកវិធីដើម្បីព្យាបាល និងធ្វើការដោះស្រាយដើម្បីទទួលបានការគោរពឲ្យតម្លៃខ្លួនឯងវិញ។

បញ្ហានេះវាជារឿងសំខាន់ណាស់ ហើយវាមិនមែនជារឿងលេងសើចឡើយ ដូចច្នេះអ្នកអាចមកអនុវត្តធ្វើរឿងទាំងបីខាងក្រោមនេះដើម្បីដោះស្រាយ និងព្យាបាល៖

  • តែងតែធ្វើការកោតសរសើរចំពោះខ្លួនឯង ចាប់ផ្ដើមពីការកោតសរសើរទៅលើរឿងតូចតាចដែលខ្លួនបានធ្វើជារៀងរាល់ថ្ងៃ និងដើម្បីធ្វើការកែលម្អការគិតអវិជ្ជមានទាំងនោះឲ្យទៅជាភាពវិជ្ជមានវិញ

  • ការដឹងគុណនឹងឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនមានបាន កុំធ្វើការប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ តែគួរមានការដឹងគុណ ការឲ្យតម្លៃចំពោះអ្វីៗដែលខ្លួនកំពុងមាន ហើយវាអាចជួយការពារអ្នកពីផលប៉ះពាល់អវិជ្ជមាននៃការប្រៀបធៀប និងការច្រណែនបាន

  • ការធ្វើអ្វីមួយចេញពីទឹកចិត្តដើម្បីនរណាម្នាក់ ការផ្តោតការយកចិត្តទុកដាក់របស់អ្នកទៅកាន់អ្នកដទៃ ការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ការចូលរួមជួយសហគមន៍ ឬជួយអ្នកដទៃដែលត្រូវការជំនួយនោះនឹងមានឥទ្ធិពលវិជ្ជមានល្អៗសម្រាប់អ្នក

មនុស្សភាគច្រើនក៏ធ្លាប់ឆ្លងកាត់បញ្ហានេះម្ដងម្កាលដែរ តែប្រសិនបើអ្នកមានអារម្មណ៍ថាគ្មានតម្លៃជាប្រចាំ ជាញឹកញាប់ និងជាលក្ខណៈរ៉ាំរ៉ៃនោះវាអាចក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តប្រសិនបើអ្នកមិនរកវិធីព្យាបាលនោះទេ។ ហេតុដូចច្នេះហើយបានជាការព្យាបាលបញ្ហាផ្លូវចិត្តគឺមានសារសំខាន់ណាស់ ហើយវាក៏ជាការទប់ស្កាត់នៃការកើតជំងឺធ្លាក់ទឹកចិត្តបានល្អផងដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den