ម៉ាក់ៗដឹងប្រភពឱ្យច្បាស់មុនទិញ! អាជ្ញាធរខ្មែរចាប់បានសាច់ក្របីកកទាំងកុងទ័រនឺដឹកពីឥណ្ឌាមានផ្ទុកកូវីដ-១៩
- 2021-07-27 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាក់ៗដឹងប្រភពឱ្យច្បាស់មុនទិញ! អាជ្ញាធរខ្មែរចាប់បានសាច់ក្របីកកទាំងកុងទ័រនឺដឹកពីឥណ្ឌាមានផ្ទុកកូវីដ-១៩
លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា៖ សាច់ក្របីក្លាស្សេ ចំនួន ៣កុងតឺន័រ ដែលនាំចូលមកពីប្រទេសឥណ្ឌា មានផ្ទុកមេរោគកូវីដ១៩ ត្រូវអាជ្ញាធរសមត្ថកិច្ចគយកម្ពុជា ចាប់បាន និងត្រៀមបំផ្លាញចោលក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ។
នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ លោកអភិបាលខេត្តកំពង់ស្ពឺ បានណែនាំទៅកាន់អភិបាលស្រុកឱរ៉ាល់ ឲ្យត្រៀមលក្ខណៈសហការជាមួយខាងគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះថាបើទោះបីជាកប់ ក៏អាចនឹងមិនមានសុវត្ថិភាពដែរ។
ក្នុងនោះដែរ លោកអភិបាលខេត្ត បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឲ្យបានច្បាស់លាស់ពីប្រភពនៃសាច់ទាំងនោះ ខ្លាចប៉ះសាច់ក្លាស្សេ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ១៩ ដូចអ្វីដែលគយ ចាប់បាននាពេលនេះ។
សូមរំលឹកថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ មិនឲ្យនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងទៀត ដែលចាត់ទុកថា ជា «ហានិភ័យខ្ពស់» ដែលមានប្រភពមកពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដោយសារតែឥណ្ឌា រងគ្រោះធ្ងន់ធ្ងរដោយសារការឆ្លងកូវីដ១៩ ជាថ្មីទៀត៕