សុំក្តីសុខពីអ្នកដទៃពិបាកណាស់! មនុស្សស្រីឆ្លាត ជឿជាក់ខ្ពស់តែងផ្តោត៥ចំណុចនេះ
- 2021-04-19 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុំក្តីសុខពីអ្នកដទៃពិបាកណាស់! មនុស្សស្រីឆ្លាត ជឿជាក់ខ្ពស់តែងផ្តោត៥ចំណុចនេះ
សម័យថ្មីនេះ បើចង់រកមនុស្សស្រីស្អាតម្នាក់ ប្រហែលជាមិនពិបាកទេ ព្រោះអ្នកណាៗ ក៏អាចចេះតិកនិកតុបតែងខ្លួនស្អាត ខ្ញង់ៗបានដូចគ្នា បើគ្រាន់តែមើលពីខាងក្រៅទៅ។ ប៉ុន្តែ បើនិយាយដល់នារីឆ្លាត និងមានភាពរឹងមាំពិតប្រាកដ ចេញពីខាងក្នុងខ្លួនមក ប្រហែលជាមិនមែនជារឿងងាយស្រួលស្វែងរកប៉ុន្មាននោះទេ។
នារីប្រភេទនេះ ភាគច្រើនមានស្តង់ដារជីវិតខ្លួនឯង និងលក្ខណៈពិសេសៗ មួយចំនួន ដែលអាចធ្វើឲ្យជីវិតនាងរីករាយខុសពីអ្នកធម្មតាៗ។
ថ្ងៃនេះ កញ្ញា សូមជូន ៦ចំណុច ដូចខាងក្រោមបង្ហាញថា អ្នកជាមនុស្សស្រីរឹងមាំ ជឿជាក់ខ្ពស់ និងស្រស់ស្រាយបំផុតចេញខាងក្នុងមក មិនមែនគ្រាន់តែជាការសម្ដែងលាក់បាំងភ្នែកអ្នកដទៃនោះទេ។ ហេតុដូចនេះហើយ ទើបបុរសភាគច្រើនតែងប្រាថ្នាចង់បាននារីប្រភេទនេះ ធ្វើជាដៃគូជីវិត។
១. ឲ្យតម្លៃសុខភាពល្អជាចម្បង
ស្ដាប់ទៅ ដូចជាសាមញ្ញ! តែសម្រាប់នារីប្រភេទឆ្លាត តែងឲ្យតម្លៃ និងផ្ដល់អាទិភាពចម្បងចំពោះសុខភាពខ្លួនឯងជាធំ។ នាងមិនដែលគិត ឬចង់ឲ្យសម្រស់ ក្រៅខ្លួនស្អាតរយៈពេលខ្លី តែបំផ្លាញសុខភាពមួយជីវិតនោះទេ។
នាងដឹងច្បាស់ថា នេះជារឿងដ៏សំខាន់បំផុតសម្រាប់មនុស្សស្រីគួរដឹង ព្រោះស្រីៗ កើតមកមានសរីរាង្គទន់ខ្សោយពីធម្មជាតិ មិនដូចបុរស។ នាងស្រឡាញ់សុខភាព តែងគិតថា កុំចាំដល់អ្នកឈឺធ្ងន់ ឬដុនដាប ទើបរត់ទៅរកពេទ្យ។
២. មានទម្លាប់រស់នៅល្អធ្វើឲ្យខ្លួនឯងរីករាយ
មិនយកភាពរវល់ ឬខ្ជិលមកដាក់មុខទេ សម្រាប់មនុស្សស្រីឆ្លាត នៅតែអាចរក្សាទម្លាប់រស់នៅល្អ និងឆ្លៀតពេលដើម្បីធ្វើឲ្យឯងរីករាយ មិនតប់ប្រមល់ តាមរយៈការចំណាយពេលវេលាខ្លះៗ ហាត់ប្រាណនៅពេលព្រឹក ១០ ឬ១៥នាទីយ៉ាងតិច ជាប្រចាំ។
ដោយហេតុថា មានសុខភាពល្អ ជីវិតនឹងរីករាយ ដូច្នេះនាងមានទម្លាប់ទៅត្រួតពិនិត្យសុខភាពទូទៅសម្រាប់ខ្លួនឯង ជាប្រចាំឆ្នាំ យ៉ាងហោចណាស់ ១ដង និងដើម្បីតាមដានជំងឺនានាដែលស្ត្រីតែងប្រឈម មានដូចជា៖ ពុកឆ្អឹង មហារីកសុដន់ ឬមហារីកមាត់ស្បូន ជាដើម។
៣. បង្កើនចំណេះដឹង និងចំណូលខ្លួនឯងជានិច្ច
ភាគច្រើនមនុស្សស្រីពូកែ មិនសូវចេះនៅស្រួលៗ ឬទំនេរៗនោះទេ។ នាងជាមនុស្សរវល់ និងពោរពេញដោយថាមពល ដើម្បីទទួលខុសត្រូវជីវិតខ្លួនឯងបានយ៉ាងល្អ។ មានភាពរឹងមាំស្រាប់! ដាច់ខាតនាងមិនដែលចាំតែលាដៃសុំអ្នកណាចាយ មិនថានាងកំពុងមានប្ដី ឬបុរសល្អអាចផ្គត់ផ្គង់យ៉ាងណាក៏ដោយ។
ទោះនឿយហត់ តែនាងតែងចង់រៀនសូត្រអ្វីថ្មីៗ ដុះខាត់ ចំណេះដឹង និងស្វែងរកជំនាញសមស្របមួយ ដើម្បីអាចរកលុយចាយខ្លួនឯងពេញៗដៃ និងរួមចំណែកទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែរឹងមាំ។ នារីប្រភេទនេះ តែងមានទម្លាប់ និងជំនាញអានសៀវភៅដ៏ស្ទាត់ជំនាញផងដែរ។
៤. ពូកែរឿងគ្រប់គ្រងលុយកាក់
នាងមានចំណេះដឹង និងជំនាញខ្ពស់ ដូច្នេះនាងក៏ពូកែទុកដាក់ និងចាត់ចែងលុយកាក់ដ៏ចំណាន។ មនុស្សស្រីបែបនេះ មានទិសដៅច្បាស់លាស់ ចាយវាយត្រូវខ្ទង់ចំណាយ និងអាចត្រៀមលក្ខណៈបានគ្រប់ស្ថានការណ៍។
នាងតែងមានវិន័យខ្ពស់ និងលំនឹងផ្នែកលុយកាក់ ដាច់ខាតមិនឲ្យខ្វះមុខ ឬខ្វះក្រោយ។ ព្រោះនាងច្បាស់ក្នុងចិត្តថា ជីវិតមនុស្សយើងអាចមានពេលឡើង និងពេលចុះ មិនទៀងទាត់ ឬពេលខ្លះមានករណីបន្ទាន់ៗ ដែលត្រូវការលុយបំផុតមកដោះស្រាយ។
៥. ប៉ិនប្រសប់ខាងទំនាក់ទំនង
មនុស្សស្រីប្រភេទនេះ មានភាពចាស់ទុំ មិនថាវ័យនៅក្មេងបន្តិចក៏ដោយ! នាងពូកែគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានខ្ពស់ បើទោះជាពេលកំពុងតែខឹង ក៏មិនងាយច្រឡោត ឆេវឆាវដែរ។ នាងដឹងយ៉ាងច្បាស់ថា ជីវិតយើងម្នាក់ៗ មិនអាចរស់នៅគ្មានទំនាក់ទំនងនោះទេ មិនថាអ្នកស្គាល់គ្នាជិតស្និទ្ធ ឬស្គាល់គ្នាតិចតួចក៏ដោយ។
ស្ត្រីប្រភេទនេះ ឆ្លាតវៃ និងមានភាពច្បាស់លាស់ និងចេះបត់បែនតាមកាលៈទេសៈបានល្អ។ និយាយរួម គឺអាចឆាប់ចុះចូល ឬស្គាល់គេឯង មិនថាការរស់នៅ ឬបំពេញកិច្ចការងារតូច ធំនោះទេ។ ក្នុងសម័យបច្ចេកវិទ្យានារីបែបនេះ គឺដឹងច្បាស់ពីរបៀបប្រើប្រាស់ និងទាក់ទងតាមបណ្ដាញសង្គម ប្រកបដោយប្រសិទ្ធភាព មិនមែនអង្គុយតែ Online ចោលៗ ខុសពេលវេលា និងគ្មានទិសដៅនោះទេ។
៦. មានស្នាមញញឹមចេញពីចិត្ត និងក្ដីសង្ឃឹមក្នុងជីវិត
នាងមិនចូលចិត្តលាក់បាំងការឈឺចាប់ ឬសម្ដែងជារីករាយ តែធាតុពិត កំពុងតែមានបញ្ហាជុំទិសនោះទេ។ នារីបែបនេះ គឺងាយស្រួលចំណាំ និងតែងមានស្នាមញញឹមដ៏ស្រស់ស្រាយ បរិសុទ្ធ ចេញពីចិត្តមក និងក្ដីសង្ឃឹមឲ្យខ្លួនឯងជានិច្ច។ នាងក៏ជាប្រភេទមនុស្សក្លាហាន ស្វាហាប់ មិនចេះខ្លាចមុខ ខ្លាចក្រោយ ដោយគ្មានហេតុផលនោះទេ។
មនុស្សស្រីរឹងមាំបែបនេះ ក៏ជាអ្នកដែលមានភាពស្មោះត្រង់ ចូលចិត្តជួយយកអាសាគេ ជាហេតុធ្វើឲ្យនាងមានអ្នកផងចង់រាប់អាន ឬប្រឹក្សារឿងសម្ងាត់ៗ ក្នុងចិត្តនានាបានដោយកក់ក្ដៅបំផុត។
៦ចំណុច ដែលបានបញ្ជាក់នៅក្នុងអត្ថបទខាងលើនេះ គ្រាន់តែជាការជ្រុងមួយ ដែលបង្ហាញពីលក្ខណៈសំខាន់ខ្លះៗ នៃនារីរឹងមាំ និងចេះផ្ដល់ភាពរីករាយឲ្យខ្លួនឯង ដោយមិនចាំបាច់រង់ចាំអ្នកដទៃផ្ដល់ឲ្យ។ ទាំងនេះជាគ្រឿងលម្អពីខាងក្នុងខ្លួន ដែលកាន់តែបង្កើនភាពស្រស់ស្អាតឲ្យមនុស្សស្រី។ ក្នុងជីវិតជាក់ស្ដែង អាចមានចំណុចផ្សេងពីនេះ ទៅតាមបុគ្គលនីមួយៗ។
ចុចអានបន្ត៖មនុស្សស្រីរឹងមាំស្រឡាញ់ភាពស្អាតពីខាងក្នុងជាជាងសម្រស់ក្រោមមុខកាំបិត