មុខម្ហូបដ៏ពិសេសត្រឹមតែមួយម៉ឺនរៀលសម្រាប់អ្នកមានគុណទាំងពីរ

  • 2021-04-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំប្រាប់ឲ្យសោះថាអ្នកនៅមិនទាន់ចេះធ្វើម្ហូបនោះ! ក្រៅពីចៀនស្ងោរពងមាន់ពងទា តើអ្នកចេះធ្វើមុខម្ហូបអ្វីខ្លះ? ប្រហែលជាអ្នករវល់ក្នុងការសិក្សារហូតមក ឬប្រហែលជាអ្នករវល់ធ្វើការងារ ផ្លាស់ប្តូរទីលំនៅជាដើមដែលគ្មានពេលសម្រាប់ការចម្អិនម្ហូបឲ្យឪពុកម្តាយ។ តើអ្វីគឺជាមុខម្ហូបពិសេសដែលអ្នកតែងតែចម្អិនជារៀងរាល់បុណ្យទាន ជាពិសេសនោះគឺនៅក្នុងពិធីបុណ្យចូលឆ្នាំ?

សម្រាប់អ្នកពូកែឬមិនពូកែធ្វើម្ហូបក៏ដោយ ការចម្អិនម្ហូបមួយមុខៗគឺទាមទារឲ្យចំណាយលុយនឹងពេលច្រើន។ ហេតុដូចច្នេះហើយខ្ញុំសូមណែនាំមុខម្ហូបពីរប្រភេទដែលគ្រាន់តែចំណាយលុយតិច ហើយងាយស្រួលចម្អិន។ អ្នកនឹងទទួលបានមុខម្ហូបថ្មីប្លែកមានរសជាតិឆ្ងុយឆ្ងាញ់សម្រាប់អ្នកមានគុណទាំងពីរ៖

១. ឆាសាច់មាន់ជាមួយក្រីម គ្រឿងទេសមានស្រាប់ដូចច្នេះអ្វីដែលអ្នកត្រូវទិញនោះគឺ៖

  • សាច់ទ្រូងមាន់មួយដុំតូចល្មមពីរនាក់
  • ម្សៅក្រីមមាន់មួយកញ្ចប់ (Chicken Gravy)
  • ប្រភេទបន្លែដែលសមដូចជា ត្រសក់ ននោង ឬប្រភេទផ្សិតជាដើម

របៀបធ្វើ៖

  • ហាន់សាច់មាន់ជាជំនិចស្តើងៗដូចជាអ្នកហាន់ត្រសក់ដែរ
  • ឆាសាច់មាន់ជាមួយបន្លែនោះឲ្យច្អិនល្មម (ប្រើបន្លែតិចជាងសាច់)
  • យកម្សៅក្រីមមាន់ (Chicken Gravy) មកលាយជាមួយទឹក កូរវាឲ្យសព្វមុនពេលដាក់ដាំឲ្យពុះ ហើយអ្នកក៏អាចឆាខ្ទឹមសបន្តិច (លាយជាមួយទឹកដោះគោស្រស់រឹតតែមានរស់ជាតិ) បើមិនមានអាចប្រើខ្ទិះដូច ឬក៏ទឹកធម្មតាក៏បានដែរ

រៀបចំបន្លែនៅខាងក្រោមសាច់មាន់ដាក់ក្នុងចាន បន្ទាប់មកចាក់ស្រោចទឹកស៊ុបឬទឹកក្រីមខាប់ៗនោះនៅលើជាការស្រេច។

២. ផ្កាខាត់ណាអាំងជាមួយឈីស (សម្រាប់ឪពុកម្តាយដែលគាត់កាន់សីលមិនហូបសាច់) អ្វីដែលអ្នកត្រូវទិញនោះគឺ៖

  • ផ្កាខាត់ណា (ឬក៏ប្រភេទផ្សិតក៏បានដែរ)
  • ឈីសមួយកញ្ចប់តូច

របៀបធ្វើ៖

  • ហាន់ផ្កាខាត់ណា ឬក៏ប្រភេទផ្សិតនោះជាបន្ទះដូចជាសាច់
  • បន្ទាប់ពីលាងសម្អាតហើយ ប្រលាក់គ្រឿងតាមចំណង់ចំណូលចិត្ត (ហិល ប្រៃ ឬផ្អែម)
  • អាំងប្រភេទបន្លែទាំងនោះឲ្យបានឆ្អិនល្អ
  • យកផ្កាខាត់ណាបន្តិចមកចិញ្ច្រាំឲ្យម៉ត់ល្មម រួចស្រុសទឹកក្តៅមួយពុះ ទុកឲ្យស្រស់ទឹកហើយចាំលាយជាមួយគ្រឿងទេសបន្តិចនឹងឈីស ហើយដាក់នៅលើបន្លែអាំងទាំងនោះ។

បើសិនអ្នកមិនមានម៉ាស៊ីនកំដៅទេ អ្នកអាចដាក់ចំហុយឬក៏ប្រើក្រដាស់អាលុយមីញូមអាំងម្តងទៀតប្រហែល ៥ នាទីដើម្បីឲ្យឈីសរលាយសព្វល្អនៅលើបន្លែទាំងនោះ យកមកដាក់ចានជាការស្រេច។

កុំភ្លេចធ្វើជូនអ្នកមានគុណទាំងពីរឲ្យពួកគាត់ពិសារណា៎ ងាយៗអស់លុយតិច ប្លែកឆ្ងាញ់សម្រាប់ពួកគាត់៕

ប្រភពរូបភាព៖ Istockphoto, Gonnawantseconds, Thecookreport

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម