ចំណាយលុយតិចក្នុងការតុបតែងលំអផ្ទះដោយប្រើរុក្ខជាតិជុំវិញផ្ទះ
- 2021-04-05 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយលុយតិចក្នុងការតុបតែងលំអផ្ទះដោយប្រើរុក្ខជាតិជុំវិញផ្ទះ
មិនថាជារឿងអ្វីក៏ដោយម្នាក់ៗកំពុងតែព្យាយាមធ្វើការការពារខ្លាំងណាស់ចំពោះបញ្ហាជំងឺ កូវីដ-១៩ ជាពិសេសនោះគឺវិធានការណ៍ ៣ការពារ ៣កុំ។ ខែនេះជាខែដ៏ពិសេសសម្រាប់ប្រជាជនខ្មែរយើង ពីព្រោះវាជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងទាំងអស់គ្នា។ ការសម្អាតផ្ទះសម្បែងឲ្យបានស្អាតនឹងការតុបតែងគឺជារឿងសំខាន់ដើម្បីជាការទទួលរង់ចាំទេវតាឆ្នាំថ្មី និងសិរីសួរស្តី សំណាងល្អ រកស៊ីមានបានពេញមួយឆ្នាំ តាមទំនៀមទំលាប់នឹងជំនឿរបស់ខ្មែរយើង។
ជាទូទៅយើងតែងតែទិញរបស់របរទៅផ្ទះជូនសាច់ញាតិក៏ដូចជារបស់តុបតែងផ្ទះ ប៉ុន្តែជាអកុសលឆ្នាំនេះម្នាក់ៗមានបញ្ហាយ៉ាងខ្លាំងចំពោះថវិកា ដោយសារការបាត់បង់ការងារ របររកស៊ី ឬមុខជំនួញជាដើម។ ការតុបតែងមិនចាំបាច់តែរបស់ល្អស្អាតៗឬថ្លៃៗនោះឡើយ យើងអាចប្រើរបស់កែឆ្នៃ របស់ចាស់ៗកាលពីឆ្នាំមុន និងប្រភេទផ្កាឬរុក្ខជាតិដែលមាននៅជុំវិញផ្ទះជាដើម ពីព្រោះជាទូទៅចាស់ៗ ឪពុកម្តាយតែងតែរក្សាទុកវាជានិច្ច។
អ្វីដែលអ្នកត្រូវការនោះគឺផោងផ្កាសម្រាប់ដាក់មុខទ្វាសងខាង និងនៅលើតុទទួលទេវតា។ អ្នកអាចទៅរករុក្ខជាតិ ប្រភេទប្រទាលនាំលាភសំណាង និងផ្កាជាច្រើនប្រភេទរាប់មិនអស់ដែលបានមកពីជុំវិញផ្ទះ ឬសុំអ្នកជិតខាងបន្តិច និងពីចំការរបស់អ្នកក៏បាន។ ចំពោះប្រភេទនំ ទានធូប កូនចៅអាចធ្វើការកម្មង់តាមអនឡានបានពីព្រោះឥឡូវនេះកាន់តែមានភាពងាយស្រួល មានសេវាដឹកជញ្ជូន ២៤ ខេត្តក្រុង។ ទាំងនេះជាវិធីល្អសម្រាប់ការការពារអ្នកនឹងក្រុមគ្រួសារពីបញ្ហាកូវីដ ជាពិសេសនោះសម្រាប់អ្នកដែលមានឪពុកម្តាយចាស់ៗ វាអាចបញ្ចៀសពីការទៅផ្សារដែលមានមនុស្សច្រើន ផ្តល់សុវត្ថិភាពសម្រាប់ពួកគាត់។
ចំពោះម្ហូបអាហារវិញគឺរឹតតែងាយស្រួលថែមទៀត ពីព្រោះអ្នកនៅតាមខេត្តតែងតែចិញ្ចឹមមាន់ទាជាច្រើន និងដំណាំបន្លែផ្លែផ្កានៅជុំវិញផ្ទះ។ ដូចច្នេះគួរព្យាយាមធ្វើបែបនេះវិញដើម្បីសុវត្ថិភាពរបស់អ្នកនឹងគ្រួសារពីបញ្ហាកូវីដ ហើយផ្តល់ភាពសប្បាយរីករាយនៅក្នុងក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕
ប្រភពរូបភាព៖ Freepik, Commons, Taramariekelly
ចុចអានបន្ត៖