ប្រទេសនូវែលហ្សេឡង់នឹងបើកការធ្វើដំណើរក្នុងខែមេសានេះដោយមិនបាច់មានចត្តាឡីស័កឡើយ
- 2021-04-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសនូវែលហ្សេឡង់នឹងបើកការធ្វើដំណើរក្នុងខែមេសានេះដោយមិនបាច់មានចត្តាឡីស័កឡើយ
នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក Jacinda Ardern បានបង្ហើបថាការធ្វើដំណើរអន្តរជាតិសម្រាប់ពីរប្រទេសដែលហៅថា Trans-Tasman Bubble ជាមួយប្រទេសអូស្ត្រាលីនឹងចាប់ផ្តើមបើដំណើរការជាផ្លូវការនៅថ្ងៃទី ១៩ ខែមេសានេះហើយ។ នេះមានន័យថាប្រជាជនអូស្ត្រាលីនឹងមានអត្ថិភាពពេញលេញក្នុងការធ្វើដំណើរទៅកាន់ប្រទេសនូវែលហ្សេឡង់ដោយមិនចាំបាច់ធ្វើការចត្ដាឡីស័កនៅក្នុងសណ្ឋាគារដែលមានរយៈពេលពីរសប្តាហ៍នោះឡើយ។
មេដឹកនាំនៃប្រទេសនូវែលហ្សេឡង់ក៏បានពន្យល់បន្ថែមទៀតថាការធ្វើដំណើររវាងពីរប្រទេសនេះ (Trans-Tasman Bubble) នឹងដំណើរការដោយផ្អែកទៅលើរដ្ឋធានីរវារដ្ឋធានី ហើយប្រទេសនេះនឹងមិនស្ទាក់ស្ទើរក្នុងការបិទការធ្វើដំណើរវិញឡើយប្រសិនបើមានករណីនៃការផ្ទុះឡើងនៃ កូវីដ-១៩ ដែលមិនអាចធ្វើការគ្រប់គ្រងបាននោះ។
ប្រសិនបើករណីមួយត្រូវបានរកឃើញថាអ្នកធ្វើដំណើរមានផ្ទុកកូវីដនៅឯច្រកព្រំដែននោះ ពួកគេនឹងតម្រូវឲ្យដាក់នៅក្នុងកន្លែងដាច់ដោយឡែកមួយ រដ្ឋធានីមួយៗអាចនឹងធ្វើការបិទជាបណ្ដោះអាសន្ន ជើងហោះហើរនឹងត្រូវផ្អាក ហើយប្រសិនចាំបាច់នោះប្រទេសទាំងមូលអាចនឹងធ្វើការបិទម្ដងទៀតបើសិនជាមានករណីធ្ងន់ធ្ងរ។
លោក John Hart សភាពាណិជ្ជកម្មនឹងឧស្សាហកម្មនៃប្រទេសអូស្រ្តាលីបានប្រាប់ដោយភាពច្បាស់លាស់ថាកាលបរិច្ឆេទចាប់ផ្តើមការធ្វើដំណើរ (Trans-Tasman Bubble) នេះនឹងបើកដំណើរការនៅថ្ងៃទី ១៩ ខែមេសា។ លោកបានបន្ថែមទៀតថាក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនត្រូវបានប្រាប់ដោយស្ងាត់ៗដើម្បីត្រៀមរៀបចំការកក់សំបុត្រ។ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនូវែលហ្សេឡង់ក៏បានបង្កើនជើងហោះហើររបស់ខ្លួនយ៉ាងច្រើនរួចទៅហើយ រហូតដល់ទៅ ២៣ ជើងហោះហើររវាងប្រទេសទាំងពីរនេះដែលមាននៅក្នុងសប្ដាហ៍ទី ៣ នៃខែមេសា។
ឧបនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោក Grant Robertson មានប្រសាសន៍បន្ថែមទៀតថាការធ្វើដំណើររវាងពីរប្រទេសនេះ (Trans-Tasman Bubble) ក៏អាចនឹងនាំមកនូវហានិភ័យផងដែរ បើមិនមានការប្រុងប្រយ័ត្នខ្ពស់ និងការការពារឲ្យខ្លាំងនោះ។ ប៉ុន្តែនេះជាអ្វីដែលប្រជាជនបានរង់ចាំអស់រយះពេលជាង ២ ឆ្នាំហើយនៃការធ្វើដំណើរអន្តរជាតិលើកដំបូងរបស់ខ្លួន៕
ប្រភពរូបភាព៖ Ladbible
ចុចអានបន្ត៖