ធាតុពីរយ៉ាងដែលមនុស្សឥឡូវត្រូវការជាចាំបាច់

  • 2021-03-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់ចាំទេកាលពេលដែលយើងមិនទាន់មានអ្វីៗទំនើបនៅឡើង កាលពួកយើងនៅប្រើចង្កៀងប្រេងកាត ចង្កៀងខ្លាញ់ត្រី ឬក៏ទានជាដើម? ពេលខែរងាចូលមកម្តងៗ ជារៀងរាល់ពេលព្រឹកព្រលឹម ការដុះភ្នក់ភ្លើងនៅខាងមុខឬខាងក្រោយផ្ទះ អង្គុយជុំគ្នាជាលក្ខណៈគ្រួសារដើម្បីកំដៅខ្លួនពីខ្យល់ត្រជាក់ និងថែមទាំងមានអ្នកជិតខាងខ្លះមកចូលរួមទៀតផង។ ការដុតដំឡូង ដុតពោតញ៉ាំជាដើមខណៈពេលកំពុងស្តាប់រឿងនិទានដែលឪពុកម្តាយ ឬលោកយាយលោកតានិទានប្រាប់។ វាជាសុភមង្គលមួយដែលយើងធ្លាប់បានឆ្លងកាត់នឹងមិនអាចបំភ្លេចបានឡើយ។

ងាកមកមើលសម័យបច្ចុប្បន្ននេះវិញវាខុសប្លែកទាំងស្រុង មានភ្លើងអគ្គីសនីយប្រើដោយងាយស្រួល មានទឹកប្រើដោយមិនចាំបាច់ទៅដងមកពីស្រះ ប្រឡាយឡើយ មិនថែមទាំងប៉ុណ្ណោះសឹងតែគ្រប់គ្នាហើយដែលមានទូរសព្ទប្រើឥឡូវនេះ។ វាពិតជាផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងបំផុតដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តែវាក៏បានធ្វើការផ្លាស់ប្តូរទម្លាប់មនុស្សឲ្យរស់នៅផ្ទុយខុសស្រឡះកាលពីមុនដែរ។

ការមានចិត្តសម្បុរស ទឹកចិត្តល្អ ចេះជួយយកអាសាអ្នកដទៃគ្រប់ពេលវេលានឹងគ្រប់ទីកន្លែង និងការចេះដាក់ខ្លួនមិនប្រអើតក្រទមទៅកាន់អ្នកដទៃ ហើយដឹងច្បាស់ណាស់ថាមនុស្សម្នាក់ៗនៅតែមានពួកវានៅក្នុងខ្លួនជានិច្ច គ្រាន់តែមិនបានបញ្ចេញវាមកក្រៅដូចជាកាលពីមុន។ ផ្ទុយពីការធ្វើដោយដៃ ដោយផ្ទាល់ អ្នកបែរជាធ្វើវាដោយប្រយោលជាមួយនឹងទូរសព្ទ ជាពិសេសនោះគឺអ្វីៗត្រូវតែជាមួយនឹងប្រព័ន្ធបណ្តាញសង្គមរហូត។

ច្បាស់ណាស់ថាម្នាក់ៗមានធាតុទាំងពីរនេះនៅក្នុងខ្លួនរួចទៅហើយ តែអ្វីដែលសំខាន់នោះគឺអ្នកត្រូវតែរក្សាវាជានិច្ច កុំឲ្យវាបាត់បង់ទៅឲ្យសោះដោយសារតែការឆ្លក់វង្វែងពីប្រព័ន្ធបណ្តាញសង្គមនឹងបច្ចេកវិទ្យាទំនើបៗ ហើយវានឹងកាន់តែទំនើបជាងនេះទៅទៀត។ ហេតុដូចច្នេះហើយបានជាមនុស្សបច្ចុប្បន្ននេះត្រូវការចាប់បាច់បំផុតទៅលើធាតុទាំងពីរនេះ ទឹកចិត្តល្អ សប្បុរសធម៌ និងការចេះដាក់ខ្លួនមិនប្រអើតក្រទម អ្នកត្រូវតែរក្សាវាឲ្យនៅគង់វង្សក្នុងខ្លួនជានិច្ច បង្ហាញនឹងធ្វើវាចេញឡើងឲ្យបានជាប្រចាំដើម្បីឲ្យសង្គមរស់នៅប្រកបដោយសុភមង្គល៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den