លែងបារម្ភធាត់ជ្រុលពេលកំពុងពពោះ ហើយទារកកើតមកនៅតែត្រូវតាមស្តង់ដា ដោយដំបូន្មាន៣យ៉ាងពីគ្រូពេទ្យ
- 2021-01-19 09:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងបារម្ភធាត់ជ្រុលពេលកំពុងពពោះ ហើយទារកកើតមកនៅតែត្រូវតាមស្តង់ដា ដោយដំបូន្មាន៣យ៉ាងពីគ្រូពេទ្យ
ស្ត្រីមានផ្ទៃពោះជាច្រើន ច្រណែននឹងតារាមួយចំនួនដែលអំឡុងពេលពពោះ ទោះជារាងពួកគេមិនសូវធាត់ខ្លាំង តែគីឡូទារកពេលកើតមកនៅតែត្រូវតាមស្តង់ដា។ ព្រោះការមិនឡើងគីឡូពេកពេលពពោះ គឺជាអ្វីដែលមនុស្សស្រីប្រាថ្នាចង់បាន។ អាថ៌កំបាំងដ៏សាមញ្ញនេះ មកពីការអនុវត្តនូវ៣កត្តាធំៗដូចខាងក្រោម៖
**១. បំពេញវីតាមីនបានគ្រប់គ្រាន់**
ពេលមានផ្ទៃពោះ ស្រ្តីជាច្រើនមានទស្សនៈស្រដៀងគ្នាថា ពួកគេត្រូវញ៉ាំអាហារឲ្យបានច្រើនដើម្បីទារកធំធាត់ បើទោះអ្នកម្ដាយជាច្រើនមានក្តីបារម្ភពីការឡើងទម្ងន់ជ្រុលអំឡុងពពោះក៏ដោយ។ យ៉ាងណាមិញ ពួកគេក៏ព្រួយបើសិនជាមិនហូបអាហារច្រើន នោះទារកប្រឈមនឹងការខ្វះជីវជាតិ។ តាមពិត ការហូបច្រើនដោយមិនចេះគ្រប់គ្រងបរិមាណ នឹងធ្វើឲ្យឡើងទម្ងន់ដោយមិននឹកស្មានដល់។
ស្ត្រីមានផ្ទៃពោះ មិនបាច់ត្រូវហូបច្រើនឡើងតឹងពោះឡើយ គ្រាន់តែហូបគ្រប់គ្រាន់គឺសមល្មមហើយ។ គ្រូពេទ្យជំនាញជឿថា ការទទួលបានកាឡូរីចន្លោះ ៣០០ -៥០០ កាឡូរីសម្រាប់ស្រ្តីមានផ្ទៃពោះគឺគ្រប់គ្រាន់ហើយ។ អ្នកម្ដាយក៏អាចពិគ្រោះជាមួយគ្រូពេទ្យបន្ថែមពីការលេបថ្នាំផ្តល់វីតាមីន ដែលវាមិនប៉ះពាល់ដល់ការឡើងទម្ងន់ឡើយ។ ម្យ៉ាងទៀត វីតាមីនចម្រុះទាំងនោះក៏ត្រូវផ្ទុកសារធាតុ DHA និងប្រូបាយអូទិក ដែលជួយអភិវឌ្ឍខួរក្បាលទារកយ៉ាងមានប្រសិទ្ធភាព ខណៈពេលដែលប្រព័ន្ធភាពស៊ាំកំពុងដំណើរការ ក្នុងការស្រូបយកជីវជាតិសម្រាប់ស្រ្តីមានផ្ទៃពោះ។
២. របបអាហារមានតុល្យភាព
ការឡើងទម្ងន់ចំពោះស្រ្តីមានផ្ទៃពោះ គឺមានលក្ខណៈខុសៗគ្នា ហើយការធាត់ជ្រុលពេកគឺមិនល្អឡើយ។ ម្ល៉ោះហើយ អ្នកម្តាយទាំងអស់មិនគួរធាត់ហួសកម្រិតពេកនោះទេ។ ស្រ្តីមានផ្ទៃពោះដែលចង់បានសុខភាពល្អ ត្រូវគ្រប់គ្រងលើរបបអាហារ និងចេះតមលើអាហារគ្មានជីវជាតិមួយចំនួនដែលសម្បូរជាតិខ្លាញ់ ដើម្បីតម្រូវការអភិវឌ្ឍសុខភាពទារក និងការគ្រប់គ្រងទម្ងន់របស់ខ្លួន។ អំឡុងពេលនេះ អ្នកម្ដាយត្រូវការឡើងគីឡូចន្លោះ ១០ -១៤ kg គឺសមល្មមហើយ។
៣. គេងគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់
ស្ត្រីពពោះជាច្រើនត្អូញត្អែរថា ពិបាកគេង ឬគេងមិនលក់ជាដើម ដែលស្ថានភាពនេះធ្វើឲ្យចិត្តនិងអារម្មណ៍មិនសូវល្អ ដែលពិតជាប៉ះពាល់ខ្លាំងដល់ការលូតលាស់របស់ទារកណាស់។ ផ្អែកតាមអ្នកឯកទេសឲ្យដឹងថា បើសិនអ្នកម្ដាយគេងបានគ្រប់គ្រាន់ នោះនៅពេលអ្នកម្តាយមានសុខភាពល្អ កូនក៏សុខភាពល្អដែរ ហើយវាងាយស្រូបយកសារធាតុចិញ្ចឹមដល់ទារកបានទៀតផង។ លើសពីនេះ ស្មារតីផ្នែកផ្លូវចិត្តក៏ល្អប្រសើរតាមនោះដែរ។
ម្យ៉ាងទៀត បន្ថែមពីទម្លាប់ចូលគេងពីព្រលប់ ស្រ្តីពពោះក៏គួរបង្កើតទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់ ដែលជួយឲ្យចលនាឈាមក្នុងរាងកាយរត់ស្រួល ចំណេញដល់ការលូតលាស់របស់ទារក និងធ្វើឲ្យម្ដាយមានសុខភាពល្អ ព្រមទាំងមិនឡើងគីឡូខ្លាំងពេកដែរ៕
អានបន្ត៖ ផ្លែមង្ឃុតផ្តល់សុខភាពល្អដល់ស្រ្តីមានផ្ទៃពោះ និងជំនួយខួរក្បាលទារកថែមទៀត