ចង់បានរាងស្អាតដូចតារា និងសុខភាពល្អក្នុងឆ្នាំថ្មី អនុវត្តវិធីទាំងនេះ
- 2020-12-30 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានរាងស្អាតដូចតារា និងសុខភាពល្អក្នុងឆ្នាំថ្មី អនុវត្តវិធីទាំងនេះ
បានព្យាយាមខ្លាំងណាស់ដែរ ទាំងការអាន ការស្រាវជ្រាវអំពីរបៀបដែលធ្វើឲ្យស្រកទម្ងន់ ឡើងគីឡូ ឬក៏ដើម្បីសុខភាពល្អ។ ខ្លះក៏បានទទួលផលយ៉ាងគាប់ចិត្ត ខ្លះទៀតក៏មិនបានផលល្អដូចដែលខ្លួនប៉ងចង់បាន តែកុំអាលបោះបង់ចោលអៃ ព្យាយាមសារជាថ្មីនៅក្នុងឆ្នាំថ្មីនេះ។ វាសំខាន់ណាស់ដែលអ្នកជ្រើសរើសវិធីហាត់ប្រាណ ឬក៏របបអាហារឲ្យបានត្រឹមត្រូវទៅនឹងអ្វីដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់។ ពីព្រោះវិធីអនុវត្តប្រហែលជាដូចគ្នាទេ ប៉ុន្តែប្រហែលជាប្រព័ន្ធសរីរាង្គនៃរាងកាយរបស់អ្នកខុសពីគេ ទើបធ្វើឲ្យលទ្ធផលចេញមកមិនដូចគ្នា។
ការជ្រើសរើសរបបអាហារ ឬវិធីហាត់ប្រាណគឺពិតជាសំខាន់ណាស់ បើរើសខុសអាចធ្វើឲ្យកាន់តែយ៉ាប់។ ទាំងនេះគឺជារបបអាហារសុខភាព ២០២១ សម្រាប់ជួយដល់អ្នកដែលមិនសូវមានសុខភាពល្អ អ្នកស្គម អ្នកធាត់ ឲ្យមានរាងស្អាត និងសុខភាពល្អប្រសើរ ដោយគ្រាន់តែអនុវត្តវិធីតាម៖
១- យកចេញប្រភេទអាហារសម្រន់ដែលគ្មានប្រយោជន៍ចេញពីផ្ទះឲ្យអស់ ជំនួសអាហារទាំងនោះទៅជាគ្រាប់ធុញ្ញជាតិ ទឹកដោះគោជូរ បន្លែ និងផ្លែឈើគ្រប់មុខដែលជាអាហារសម្រន់ និងអាហារបំប៉នដ៏ល្អ។
២- បរិភោគអាហារប្រូតេអ៊ីនគ្រប់ពេល និងរាល់ពេលអាហារសម្រន់ ជាវិធីដ៏ល្អមួយដើម្បីជួយអ្នកក្នុងការឡើងគីឡូ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ដូចជាស៊ុត សាច់មាន់ ត្រី និងទឹកដោះគោជាដើម។
៣- បន្ថយការទទួលទានជាតិកាហ្វេអ៊ីនបន្ទាប់ពីម៉ោង ១២ ថ្ងៃត្រង់ ការទទួលទានជាតិកាហ្វេអ៊ីនពេលថ្ងៃល្ងាចគឺនឹងធ្វើឲ្យអ្នកគេងមិនលក់នៅពេលយប់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។ អ្នកអាចប្តូរពីកាហ្វេទៅជាទឹកផ្លែឈើក្រឡុក ឬក៏តែបៃតងវិញ។
៤- ព្យាយាមផឹកទឹកឲ្យបានច្រើន ទឹកមានសារៈសំខាន់ណាស់សម្រាប់រក្សាមុខងាររាងកាយជាច្រើនរបស់យើង ជួយផ្តល់នូវថាមពល និងប្រព័ន្ធភាពស៊ាំរបស់យើងឲ្យដំណើរការបានល្អ។ ពីរទៅបីលីត្រក្នុងមួយថ្ងៃគឺល្អ អាចដាក់ក្រូចឆ្មា ជីអង្កាម ឬត្រសក់មួយជំនិតចូលសម្រាប់ការបន្ថែមរសជាតិ។
៥- ញ៉ាំយឺតៗ ហើយឈប់ញ៉ាំពេលមានអារម្មណ៍ថាឆ្អែត ៨០ ទៅ ៩០ ភាគរយ ការញ៉ាំយឺតៗអនុញ្ញាតឲ្យអ្នករីករាយជាមួយនឹងរសជាតិអាហារដែលអ្នកកំពុងតែទទួលទាន។ ញ៉ាំតិច ប៉ុន្តែសប្បាយចិត្តនឹងការញុំាវា ហើយវាល្អជាងការទទួលទានឲ្យតែឆ្អែត។
៦- ញ៉ាំអាហារឲ្យបានត្រឹត្រូវនៅពេលដែលអ្នកចេញទៅក្រៅ ភាគច្រើននៃអាហារនៅខាងក្រៅគឺត្រូវបានបង្កើតឡើងតម្រូវតែរសជាតិ តែមិនមែនសម្រាប់សុខភាពនោះទេ។ វាផ្ទុកជាតិតកាឡូរី និងជាតិអំបិលជាច្រើន ដែលប៉ះពាល់ដល់សុខភាព។
៧- ព្យាយាមធ្វើម្ហូបនៅផ្ទះញ៉ាំឲ្យបានច្រើនជាងចេញក្រៅ ការធ្វើម្ហូបនៅផ្ទះនឹងជួយឲ្យអ្នកញ៉ាំអាហារដែលមានជីវជាតិពិត និងសុវត្ថិភាពសុខភាពកាន់តែច្រើន។ ការចំអិននៅផ្ទះគឺជាវិធីដ៏ល្អមួយដើម្បីក្រុមគ្រួសារចូលរួម និងមានភាពស្និទ្ធស្នាល។
៨- កំណត់គោលដៅ (រយៈពេលខ្លី ឬវែង) មានមនុស្សជាច្រើនចង់បានបែបនេះ ឬបែបនោះ ប៉ុន្តែមិនមានភាពជាក់លាក់ ឬប្រាកដប្រជាដើម្បីធ្វើ និងសម្រេចវាឡើយ។ ការកំណត់គោលដៅគឺជាវិធីដ៏ល្អមួយដើម្បីធ្វើឲ្យអ្នកផ្តោតអារម្មណ៍ និងមានទំនួលខុសត្រូវចំពោះអ្វីដែលអ្នកចង់បាន។ គោលដៅត្រូវតែជា៖ ភាពជាក់លាក់ ការកត់ត្រាចុះ មានពេលវេលាច្បាស់លាស់ ហើយត្រូវតែជារបស់អ្នក៕
រូបភាព៖ Pexels, Popsci, Vanderbilt, Freepik
អានបន្ត៖