មូលហេតុទាំង ៥ នេះហើយដែលធ្វើឲ្យស្បែកអ្នកនូវតែស្ងួតខ្លាំង

  • 2020-12-16 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងរដូវរងារជាមួយនឹងជំនោរត្រជាក់ហើយស្ងួតបានធ្វើឲ្យស្បែករបស់យើងស្ងួតដែរ ដូចច្នេះយើងតែងតែលាបឡេដៃជើង និងមុខមាត់ជានិច្ច។ ហើយរាល់ពេលដែលយើងលាបទៅមានអារម្មណ៍ថា ស្បែកយើងបឺតយកសារធាតុសំណើមភ្លាមៗ ក៏ប៉ុន្តែវានូវតែមានភាពស្ងួតសម្រាប់ប្រភេទស្បែកខ្លះ តែប្រភេទស្បែកមិនមែនជាហេតុផលនោះទេ។ ដោយសារពាណិជ្ជកម្មផលិតផលរបស់នារីជាច្រើនបានធ្វើឲ្យមនុស្សទូទៅគិតថា ផលិតផលផ្តល់សំណើមគឺជាចម្លើយតែមួយគត់ ពីព្រោះវាមានមុខងារផ្តល់សំណើម។

តែគ្រូពេទ្យជំនាញខាងសើស្បែកបង្ហាញឲ្យឃើញនូវមូលហេតុទាំង ៥ ដែលស្បែកនូវតែស្ងួត។ ហើយនឹងដំណោះស្រាយដើម្បីផ្តល់ភាពស្រស់ស្អាត និងស្បែកក៏ទន់ល្អ៖

១. អ្នកធ្វើការលាងសម្អាតជាញឹកញាប់ពេក

ការលាងសម្អាតហួសកម្រិត គឺជាហេតុផលទីមួយដែលធ្វើឲ្យស្បែកស្ងួត។ អ្នកជំនាញខាងរោគស្បែកបានប្រាប់ថា “ស្បែកមានរបាំងធម្មជាតិដែលមានប្រេងទឹកជាកត្តាផ្តល់សំណើមធម្មជាតិ” នៅពេលយើងលាងសម្អាតស្បែករបស់យើងជាមួយសាប៊ូលាងសម្អាតជាញឹកញាប់ពេក វានឹងយកជាតិសំណើមស្បែកទាំងនោះចេញពីស្បែក។

២. ការមុជទឹកក្តៅៗពេក

ចូលចិត្តការងូតទឹកក្តៅយូរមែនទេ? ជាអកុសលស្បែករបស់អ្នកមិនអាចទប់ទល់នឹងកម្តៅយូរៗបាននោះទេ។ នាយកស្រាវជ្រាវផ្នែកគ្រឿងសំអាង និងព្យាបាលរោគសើស្បែកមានប្រសាសន៍ថា “ការប៉ះនឹងទឹកក្តៅខ្លាំងពេកអាចធ្វើឲ្យស្បែកប្រេងសំខាន់ៗត្រូវបាត់បង់ ដែលបណ្តាលឲ្យស្បែករលាក ឬរលាត់” ។ ត្រូវច្បាស់ថាការងូតទឹករបស់អ្នកគួរតែជាសីតុណ្ហភាពដែលអ្នកគិតថា ប្រៀបបានដូចជាអាកាសធាតុខាងក្រៅ ២៥ ទៅ ២៨ អង្សារគឺល្អ ហើយក៏គួរចំណាយពេលប្រហែល ១០ នាទីបានហើយ។

៣. ការប្រើផលិតផលសម្អាតខុស ដែលលាងជម្រះអស់នូវកោសិកាចញ្ចឹមពីធម្មជាតិ

ជាធម្មជាតិស្បែករបស់យើងមានជាតិអាស៊ីតបន្តិច ដើម្បីជួយការពារស្បែកពីបាក់តេរី និងមេរោគ។ វាជាការប្រសើរក្នុងការប្រើផលិតផលសំអាតដែលអាចរក្សាតុល្យភាព នៃជាតិអាស៊ីតនៅក្នុងស្បែក។ ដូចជាផលិតផលដែលបញ្ជាក់ថា សម្អាតធូលី ភាពកខ្វក់ ហើយនឹងផ្តល់សំណើម។

៤. អ្នកកំពុងប្រើថ្នាំមួយចំនួនដែលអាចធ្វើអោយស្បែកអ្នកស្ងួត

ថ្នាំជាច្រើនប្រភេទ ទាំងឱសថបុរាណ និងវេជ្ជបញ្ជា អាចមានផលប៉ះពាល់ដល់ស្បែកស្ងួត។ ដូចជាថ្នាំព្យាបាលមុន ឬថ្នាំដទៃទៀតដែលប្រើសម្រាប់ព្យាបាលសម្ពាធឈាមខ្ពស់ជាដើម វាអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែស្ងួតផងដែរ។ ដូចច្នេះគួរកាត់បន្ថយការប្រើជាតិគីមីច្រើនជ្រុល និងជាញឹកញាប់ពេកនៅលើស្បែក ក្រចក សក់ និងដងខ្លួនជាដើម។

៥. អ្នកមិនបានផឹកទឹកគ្រប់គ្រាន់

វាស្តាប់មើលទៅហាក់ដូចជាសាមញ្ញទេ ប៉ុន្តែតើអ្នកគិតថាស្បែករបស់អ្នកត្រូវការជាតិទឹកដើម្បីផ្គត់ផ្គង់នៅកន្លែងណាខ្លះ? ការផ្តល់ជាតិទឹកឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់ដើម្បីរក្សាសារធាតុរាវឲ្យមានប្រសិទ្ធិភាពតាមរយៈសរសៃឈាម។ វាងាយនឹងខ្វះជាតិទឹកនៅពេលដែលអាកាសធាតុត្រជាក់ និងការបញ្ចេញជាតិទឹកលឿនជាងការស្រូបយក។ របបអាហារដែលអាចជួយផ្តល់ជាតិទឹក និងធ្វើឲ្យស្បែកមានសំណើមបាន ដូចជាត្រីសាម៉ុង ប្រភេទប្រេងអូមេហ្គា ៣ និងអូមេហ្គា ៦ ជាដើម។ ពួកគេរក្សាតុល្យភាពជុំវិញកោសិកាស្បែកនីមួយៗឲ្យមានសុខភាពល្អដើម្បីរក្សាសំណើមនៅក្នុងស្បែក។

វាសំខាន់ណាស់ដែលអ្នកត្រូវចៀសវាងកត្តាទាំងប៉ុន្មានខាងលើនេះ ហើយជ្រើសរើសផលិតផលដែលត្រឹមត្រូវជាមួយរូបមន្តជួយជម្រុញជាតិទឹកដល់ស្បែករបស់អ្នក និងកាត់បន្ថយស្បែកស្ងួតឲ្យមានសំណើមជានិច្ច៕

រូបភាព៖ Pixabay, Pinterest

អានបន្ត៖

ប្រភព៖ self ប្រែ​សម្រួល៖ Chrel Den