ប្រសិនបើអ្នកកើតទុក្ខរឿងស្នេហា ហើយចង់បំភ្លេច អានអត្ថបទនេះ

  • 2020-11-24 10:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខូចចិត្តរឿងបែកបាក់ស្នេហា ប្រៀបបានដូចជាស្លាប់ទាំងរស់ចឹង ហើយវាពិបាករកវិធីស្រោចស្រង់ខ្លាំងណាស់ គឺវាពិតជាគ្រាំគ្រាចិត្ត ឈឺចាប់ស្ទើររស់ស្ទើរស្លាប់។ មិនថាអ្នកគឺជាសង្សារនឹងគ្នាក្នុងរយៈពេលយូរ ឬថ្មីថ្មោង ទើបស្រលាញ់ បើមានការបែកបាក់គឺមានការខូចចិត្តនិងទុក្ខសោក។

នៅពេលដែលអ្នកមានការឈឺចាប់ អ្នកនឹងមានអារម្មណ៍ថាអ្នកជិតស្លាប់ហើយ មានគេយកបេះដូងអ្នកចេញពីទ្រូងរបស់អ្នកហើយ បំបែកខ្ទេចម៉ត់ខៃក្លាយជាផេស។ គំនិតដែលថាថ្ងៃណាមួយវានឹងបានល្អប្រសើរឡើងវិញ វាអាច ប៉ុន្តែទាមទារឲ្យមានការខិតខំខ្លាំងនិងចំណាយពេលយូរ។ រឿងតែមួយគត់ដែលអ្នកចង់ធ្វើ គឺអង្គុយនៅក្នុងបន្ទប់ ក្នុងឡាន ឬកន្លែងណាដែលអ្នកគិតថាមានសុវត្ថិភាពព្រោះគ្រាន់តែចង់យំ។ ខ្ញុំនឹងមិនប្រាប់អ្នកឲ្យឈប់ឡើយ តែនឹងលើកទឹកចិត្តអ្នកឲ្យយំវាចេញឲ្យអស់ ពីព្រោះអ្នកកំពុងតែឈឺចាប់ វាគ្មានអ្វីខុសដែលត្រូវយំនោះទេ។

ខ្ញុំជឿជាក់ថាអ្នកនឹងចងចាំ អ្នកនឹងនឹកឃើញអំពីអនុស្សាវរីយ៍ អ្នកនឹងគិតអំពីមនុស្សនោះ គឺជៀសមិនរួចទេ។ ខ្ញុំដឹងច្បាស់ថាអ្នកមិនចង់គិតអំពីវាទេ ពីព្រោះវានឹងធ្វើឲ្យអ្នកមានការឈឺចាប់កាន់តែខ្លាំងឡើង ប៉ុន្តែពេលខ្លះខួរក្បាលអ្នកនឹងនាំអ្នកឲ្យនឹកឃើញរឿងទាំងនោះដោយមិនដឹងខ្លួន។ បេះដូងរបស់អ្នកនឹងចាប់មានអារម្មណ៍ថាធ្ងន់ ឈួល អួលណែន ហើយតឹងថប់ដើមទ្រូង និងពិបាកដកដង្ហើម។ ត្រូវចាំថាអ្នកមិនអាចរស់នៅក្នុងអតីតកាលបានទេ ហើយក៏មិនអាចរស់នៅក្នុងការចងចាំបានដែរ។ ដូចច្នេះអង្គុយចុះហើយដកដង្ហើមវែងៗឲ្យបានច្រើនដង ចំណាយពេលគិតពីខ្លួនឯងដើម្បីឈានបន្តទៅអនាគត។

វាហាក់ដូចជាមិនយុត្តិធម៌ទេ ដែលអ្នកត្រូវឈឺចាប់ តែគេបែរជាដើរទៅអនាគតដោយឆ្លងកាត់ជីវិតរបស់អ្នកយ៉ាងរំភើយ។ វាប្រហែលជាពិបាកខ្លាំងនៅពេលនេះ ប៉ុន្តែវានឹងបានប្រសើរឡើងនៅថ្ងៃណាមួយ ដូចជាពាក្យគេនិយាយថាពេលវេលាព្យាបាលរបួស ដូចច្នេះទុកពេលឲ្យខ្លួនឯងជាសះស្បើយ។ អ្នកប្រហែលជាចង់បានលទ្ធផលភ្លាមៗ ពីព្រោះការឈឺចាប់ទាំងនេះអាចនឹងសម្លាប់អ្នកបាន ប៉ុន្តែអ្វីៗគឺមិនមែនបានមកដោយងាយស្រួលនោះទេ។ ការខូចចិត្តលើកដំបូងគឺលំបាកបំផុតពីព្រោះដោយសារតែអ្នកមិនធ្លាប់ឆ្លងកាត់វា តែវានឹងបង្រៀនអ្នក ធ្វើឲ្យអ្នកកាន់តែខ្លាំងដោយសារតែការឆ្លងកាត់រឿងទាំងនោះ។ វាជាបទពិសោធន៍ និងអាចធ្វើជាមេរៀនសម្រាប់អ្នកដើម្បីឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចនៅថ្ងៃអនាគត។ ផ្តោតលើខ្លួនឯង ព្យាបាល ស្វែងយល់អំពីខ្លួនឯង ថ្ងៃណាមួយអ្នកនឹងមិនខូចចិត្ត មិនយំ មិនបន្តផ្តល់អំណាចដល់គេ និងមិនគិតអំពីមនុស្សនោះទៀតឡើយ តែអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលល្អប្រសើរជាងគេទៅទៀត។

ការបំភ្លេចប្រហែលជាមិនងាយស្រួលនោះទេ ជាពិសេសសម័យឥលូវនេះ ជាមួយនឹងបណ្តាញសង្គមជាច្រើនប្រភេទ គ្រាន់តែបើកមកឃើញ វាអាចធ្វើឲ្យអ្នកសប្បាយចិត្តឬឈឺចាប់កាន់តែខ្លាំងក្នុងពេលតែមួយ។ សម្រាប់អ្នកខ្លះវាងាយស្រួល តែអ្នកផ្សេងទៀតវាកាន់តែពិបាក។ ចាប់ផ្តើមជាមួយការលុបរូបភាពនិងវីដេអូចេញពីទូរស័ព្ទរបស់អ្នក តែបើគិតថាវាជ្រុលពេក អ្នកអាចលាក់វានៅក្នុងទូរស័ព្ទបាន។ ក៏ប៉ុន្តែ ចំពោះបណ្តាញសង្គមវិញគឺពិបាក នៅពេលឃើញគេការបង្ហោះតាមអ៊ីនធឺណេត snapchat story, facebook, instagram, tweeter ជាដើម ប្រសិនបើវាធ្វើឲ្យអ្នកឈឺចាប់គួរតែ unfollow/block សិនទៅ វាគ្រាន់តែជាបណ្តាញសង្គមប៉ុណ្ណោះ មិនមានផលប៉ះពាល់ឬធ្វើឲ្យអ្នកឈឺចាប់ឡើយ ចាំពេលដែលអ្នកបានជាសៈស្បើយ ចាំត្រលប់មកវិញ គិតថាជាការសម្រាកពីបណ្ណាញសង្គមមួយរយៈ។

ដល់ពេលដែលអ្នកត្រូវប្រលែងការឈឺចាប់អ្នកនោះឲ្យទៅហើយ វាប្រហែលជាពិបាកខ្លាំង តែអ្នកត្រូវតែធ្វើវា គឺដើម្បីខ្លួនអ្នក។ អនុស្សាវរីយ៍អាចនឹងបង្អាក់អ្នក ប៉ុន្តែអ្នកត្រូវតែរៀនបំភ្លេចវាបន្តិចម្តងៗ គិតពីខ្លួនឯងជាមុនសិន អ្វីៗផ្សេងទៀតនឹងទៅតាមដំណើរ។ ប្រសិនបើអ្នកមិនធ្វើវាទេ អ្នកនឹងអាចឈឺចាប់ម្តងទៀត ហើយអ្នកមិនសមនឹងទទួលយកវាម្តងទៀតឡើយ។

គួរគិតឡើងវិញថាតើការឈឺចាប់នោះ មកពីការដកគាត់ចេញពីជីវិតអ្នក ឬក៏ការគិតស្រមើស្រមៃសោកស្តាយរបស់អ្នក? វាតែងតែឈឺចាប់ពេលចង់ដកវាចេញពីខ្លួន តែគួរប្រៀបធៀបពីជីវិតពិត និងការស្រមើស្រមៃ។ ប្រហែលជាមនុស្សនោះ ទំនាក់ទំនងនោះ ឬស្ថានភាពដែលអ្នកបានឆ្លងកាត់នោះ មិនល្អដូចអ្វីដែលអ្នកបានរំពឹងឡើយ។ ត្រូវចងចាំថាប្រសិនបើមនុស្សម្នាក់នេះមិនមែនសម្រាប់អ្នក គួរតែប្រលែងគេទៅ មានអ្នកផ្សេងទៀតដែលកំពុងតែរង់ចាំអ្នក និងប្រហែលជាគេម្នាក់នោះហើយ។

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម