​​រើស​​​យក​​ត្បូង​ថ្ម​មួយ​គ្រាប់ អ្នក​នឹង​​ស្គាល់​ចិត្ត​ខ្លួន​ឯង​កាន់​តែ​ច្បាស់

  • 2020-07-07 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោម​នេះ​មាន​​​​​​​​​ត្បូង​ថ្ម​​ ៦​ គ្រាប់​​ ​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស។ ​​​​មិន​​​ចាំ​បាច់​គិត​​​ច្រើន ឬ​​​ខ្វាយ​ខ្វល់​ពី​ពណ៌​​របស់​នោះ​ទេ។ ក្នុង​ចិត្ត​ស្រលាញ់​មួយ​ណា​​ជាង​​គេ​​​​ រើស​យក​តែ​​មួយ​គត់ ដោយ​មិន​ស្ទាក់​ស្ទើរ បន្ទាប់​មក​ចាំ​​ទៅ​​មើល​លទ្ធផល ទៅ​តាម​លេខ​ដែល​អ្នក​បាន​ជ្រើស​រើស។

១. គ្រាប់​ទី​១ (Opalite)

​​​​​​​​​​​​ត្បូង​​ថ្ម​​ប្រភេទ​ទី​១​​ មាន​ភាព​ទន់​ភ្លន់ ប៉ុន្តែ​ពោរពេញ​​​ដោយ​ថាមពល ​មាន​ចិត្ត​​ត្រជាក់ មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​មនុស្ស​​គ្រប់​​​ស្រទាប់​​​វណ្ណៈ​។ ក្នុង​ជីវិត​របស់​អ្នក​ ត្រូវ​ការ​បំផុត​គឺ​សេរីភាព។ អ្នក​​​ធ្លាប់​ឆ្លង​កាត់​ព្យុះ​​ភ្លៀង​​រាប់​​មិន​​​​អស់ ​​​ចំណុច​​នេះ​​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​​រឹង​មាំ​កាន់​តែ​​ខ្លាំង​ឡើង​​រហូត​មក​​ដល់​​សព្វ​ថ្ងៃ។ អ្នក​​ក៏​​​ធ្លាប់​​មាន​​​របួស ពេល​អតីតកាល ប៉ុន្តែ​​វា​មិន​​​​​នៅ​​ជាប់​ជា​មួយ​​អ្នក​​រហូត​ទេ ប្រៀប​បាន​នឹង​ ត្បូង​​ថ្ម Opalite​ នេះ ទោះ​មាន​​ស្នាម​​កំណ​ជាប់ នៅ​តែ​អាច​លាង​​ជម្រះ​​ចេញ។

២. គ្រាប់​ទី​២ (Malachite)

ត្បូង​​ថ្ម Malachite តំណាង​ឲ្យ​​​​សម្រស់​ធម្មជាតិ ដូចជា ផ្កា ដើមឈើ និង​​​​រុក្ខជាតិ​ផ្សេងៗ​ទៀត។ ​​​​បើ​អ្នក​​​រើស​យក​​​​មួយ​គ្រាប់​នេះ មាន​ន័យ​ថា ជីវិត​​អ្នក​​​​​ជួប​​​រឿង​មិន​ទៀង​ទាត់​ច្រើន​​​​ដូច​​ធម្មជាតិ​​អីចឹង​​ដែរ​ សូម្បី​តែ​រឿង​ស្នេហា។ ហេតុ​នេះ​ហើយ ​​​វា​ជា​​បទពិសោធន៍​​​មួយ​ ដើម្បី​ឲ្យ​អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​​មុន​​សម្រេច​ចិត្ត។ ដោយ​សារ​តែ​​​មាន​ចិត្ត​​​ទូលាយ​​​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​អ្នក​​ឧស្សាហ៍​​ជួប​មនុស្ស​​​​​ដែល​ចង់​កេង​ប្រវ័ញ្ច​​ផល​​ប្រយោជន៍ ដូច្នេះ​ចិត្ត​ល្អ​ ​​តែ​ត្រូវ​ដែន​កំណត់​និង​ភាព​​ឆ្លាត​​វ័យ។​ ចេះ​និយាយ​ថាទេ ចំពោះ​រឿង​ណា​ដែល​​មិន​គួរ។

៣. គ្រាប់​ទី​៣ (Sunstone)

ត្បូង​​​​​​ថ្ម​ប្រភេទ​នេះ​​ ​មាន​ភាព​​សម្បូរ​បែប​​ មាន​ទេព​​កោសល្យ​​ ឯករាជ្យ​​ ​​និង​ភាព​​​រុង​​រឿង​ ថែម​ទាំង​អាច​នាំ​​លាភ​សំណាង​ថែម​ទៀត។ បើ​អ្នក​ចាប់​​ចិត្ត​​លើ​​​​​​​ត្បូង​ថ្ម​ Sunstone មាន​ន័យ​ថា​​អ្នក​ជា​មនុស្ស​​សុទិដ្ឋិនិយម អនាគត​​​មាន​ពន្លឺ​​ត្រចះ​ត្រចង់​​ដូច​​ព្រះ​​អាទិត្យ​។ ទន្ទឹម​គ្នា​​នឹង​ការ​​ធ្វើ​​ដំណើរ​​​ក្នុង​​ជីវិត ត្រូវ​តែ​​សម្រប​​ខ្លួន​​ដូច​ព្រះ​អាទិត្យ​ មាន​​រះ​​ មាន​លិច ប៉ុន្តែ​មិន​បោះ​​បង់​​ចោល​ភព​ផែន​ដិ ព្រោះ​​​មនុស្ស​​គ្រប់​​​​គ្នា​ត្រូវ​ការ​អ្នក​​​បំផុត។

៤. គ្រាប់​ទី​៤ (Mahogany Obsidian)

​​ត្បូង​ថ្ម​នេះ​​​​ដុះ​ក្នុង​ស្រទាប់​​ដី​ជ្រៅ ប៉ុន្តែ​​សំបក​ក្រៅ​មើល​ទៅ​​ឆ្អិន​ឆ្អៅ​​ដូច​ភ្លើង បញ្ជាក់​​​ថា​​​​​អ្នក​មាន​​ភាព​​​រឹង​មាំ​​ពី​​ខាង​ក្នុង​​ដើម្បី​ត​តាំង​​ជាមួយ​សត្រូវ​ទាំង​ឡាយ។ ទោះ​មាន​​នរណា​​​ខំ​ប្រឹង​​​​​​បញ្ឈឺ​​ឌឺដង ក៏​អ្នក​មិន​​​ទៅ​​ចាប់​អារម្មណ៍​​​​​​​​​​ឈឺ​ក្បាល​​វិល​​មុខ​ដែរ។ អ្នក​គិត​តែ​​ខំ​ប្រឹង​ប្រែង​​​​តស៊ូ ដើម្បី​​ឲ្យ​ជីវិត​​របស់​​ខ្លួន​​​ប្រសើរ​ឡើង​ ប៉ុន្តែ​​ត្រូវ​​ចាំ​ថា អ្នក​​ល្អ​​គ្រប់​គ្រាន់​​ហើយ មិន​​ចាំ​បាច់​​ត្រូវ​តែ​​​ឥត​​ខ្ចោះ​ពេក​ក៏​បាន ព្រោះ​​វា​​បើ​​​មាន​មហិច្ឆតា​​​លើស​​កម្រិត វា​នាំ​​​​ឲ្យ​អ្នក​ខក​​ចិត្ត ពេល​លទ្ធផល​មិន​សម​​បំណង។

៥. គ្រាប់​ទី​៥ (Howlite)

​​​ត្បូង​​ថ្ម​គ្រាប់​ទី​​៥ ​តែង​ត្រូវ​បាន​គេ​យក​ទៅ​​ប្រើ ពេល​ធ្វើ​​សមាធិ ព្រោះ​វា​​អាច​ជួយ​​ឲ្យ​អ្នក​ផ្តោត​​អារម្មណ៍​​​​​បាន​ល្អ និង​​បំភ្លេច​​រាល់​គំនិត​ល្អក់​កករ​​នានា។ វា​ក៏​ជួយ​​​​កម្ចាត់​ទុក្ខ​​កង្វល់ និង​ភាព​​ភ័យ​ខ្លាច​ផង​ដែរ។ បើ​ត្បូង​នេះ​ ពិត​ជា​ទាក់​ទាញ​​ចិត្ត​អ្នក​មែន ​បាន​​សេចក្តី​ថា​ ដល់​ពេល​ដែល​អ្នក​គួរ​​បោះ​បង់​​​ចោល​​នូវ​អ្វី​ដែល​គ្មាន​​ប្រយោជន័​​​សម្រាប់​​ខ្លួន​តទៅទៀត។ ទោះ​​អ្នក​ជួប​បញ្ហា​​​លំបាក​យ៉ាង​ណា​ក៏​ដោយ កុំ​បណ្តោយ​ឲ្យ​​អ្នក​​ដទៃ​​​មាន​សិទ្ធិ​​ចូល​មក​​​សម្រេច​​​ផែន​ការ​ជីវិត​​របស់​អ្នក។ ត្រូវ​ជ្រើស​រើស​​ផ្លូវ​​​ដើរ​ណា​មួយ​​ដែល​អ្នក​ពេញ​​ចិត្ត​​ដោយ​​ផ្ទាល់។

៦.  គ្រាប់​ទី​៦ (Dalmatian Jasper)

​​ Dalmatian Jasper អាច​ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ ទោះ​​​​​កំពុង​ស្ថិត​ក្នុង​​ស្ថានភាព​​លំបាក​​​ខ្លាំង​​​។ វា​​​​ជា​ត្បូង​ថ្ម​​ដ៏​អស្ចារ្យ​មួយ​គ្រាប់​ ទុក​ប្រើ​​ពេល​​រំលឹក​ដល់​រឿង​អតីតកាល និង​​​ដើម្បី​ការពារ​ជៀស​​វាង​​មិន​​ឲ្យ​​សម្រេច​ចិត្ត​​ខុស​​ដូច​មុន។ អ្នក​​​ជា​មនុស្ស​ក្លាហាន ប៉ុន្តែ​​​​កំហុស​​​​ពី​​អតីតកាល​​​​ដោយ​​សារ​តែ​​ការ​​ជ្រើសរើស​​​ខុស​ បាន​ធ្វើ​​ឲ្យ​អ្នក​បាក់​ស្បាត​​​ យ៉ាង​ណា​អ្នក​មិន​ទន់​ជ្រាយ​នោះ​ឡើយ ថែម​ទាំង​អាច​​​​​រស់​នៅ​​ពោរ​ពេញ​​ដោយ​ក្តី​សប្បាយ​​រីករាយ៕​​​​​​​​

ចុចអានបន្ត៖

​​​

​​​​​

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម