ទម្លាប់ហូបអាហារពេលព្រឹក៤យ៉ាង ដែលងាយបំផ្លិចបំផ្លាញសុខភាពជាទីបំផុត

  • 2020-07-01 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាហារ​ពេល​ព្រឹក​ ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​សុខភាព​មនុស្ស​ខ្លាំង​ណាស់។ ​ប្រសិន​បើ​អ្នក​ហូប​វា​មិន​បាន​ត្រឹម​ត្រូវ​ទេ អាច​បណ្ដាល​ឲ្យ​មាន​ជំ​ងឺ​ដង្កាត់​ជា​ច្រើន​នា​ពេល​អនាគត។

១. ហូប​អាហារ​ពេល​ព្រឹក​បន្ទាប់​ពី​ម៉ោង ៩

យោង​តាម​អ្នក​ជំនាញ​ខាង​ចំណី​អាហារ ​ម៉ោង​មាស​ហូប​អាហារ​ពេល​ព្រឹក​ដែល​ជួយ​ឲ្យ​សុខភាព​រឹង​មាំ មាន​កម្លាំង​ពលំ និង​ប្រសិទ្ធភាព​បំផុត​នោះ​ គឺ​ចន្លោះ​ម៉ោង ៦ -​៨ ព្រឹក។ ​ហេតុ​ផល​គឺ​ពេល​នេះ ​ក្រពះ​កំពុង​បញ្ចេញ​ជាតិ​អាស៊ីត​​ខ្លាំង ដែល​ល្អ​បំ​ផុត​សម្រាប់​ស្រូប​​យក​អាហារ។ ​​​តែ​បើ​អ្នក​បរិភោគ​​អាហារ​ពេល​ព្រឹក​ក្រោយ​ម៉ោង​៩ លទ្ធភាព​ស្រូប​យក​ជីវជាតិ​ពី​ចំណី​អាហារ​​បាន​តិច​ មិន​​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​ការ​ចង់​បាន ​ព្រម​ទាំង​​ធ្វើ​ឲ្យ​ឆ្អែត​ហើយ​មិន​ចង់​ហូប​អាហារ​ពេល​ថ្ងៃ​ត្រង់​​ថែម​ទៀត។

២. ជ្រើស​រើស​អាហារ​ពេល​ព្រឹក​អត់​គុណ​ភាព

​មនុស្ស​មួយ​ចំនួន​មាន​ការ​រវល់​នៅ​ពេល​ព្រឹក ដូច្នេះ​ពួក​គេ​ក៏​សម្រេច​ជ្រើស​យក​អាហារ​ក្រៀម​ៗ​ដូច​ជា​ នំ ឬ​អាហារ​បំពង​ទទួល​ទាន ដែល​ងាយ​នឹង​ឲ្យ​រាង​កាយ​អស់​កម្លាំង ​ងងុយ​គេង មិន​ស្វាហាប់។ ​ចំពោះ​មនុស្ស​ស្រី ​ថ្វី​បើ​ចង់​សម្រក​ទម្ងន់​ក៏​ពិត​មែន ​តែ​បើ​អ្នក​ជ្រើស​យក​វិធី​នេះ​សម្រាប់​អាហារ​ពេល​ព្រឹក​ដែរ ​មិន​ត្រឹម​មិន​អាច​សម្រក​ទម្ងន់​បាន​ទេ ​ថែម​ទាំង​ប៉ះ​ពាល់​ដល់​សុខភាព​ទៀត​ផង។ ម្យ៉ាង​ទៀត ​បើ​អ្នក​ជ្រើស​​ផឹកទឹក​ផ្លែ​ឈើ​មាន​រស​ជាតិ​ជូរ នោះបណ្តាល​ឲ្យ​មាន​ជំងឺ​ក្រពះ​ថែម​ទៀត។

៣. ហូប​បណ្ដើរ ​ដើរ​បណ្ដើរ

​ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​អាហារ​ពេល​ព្រឹក​ចូល​ពោះ​សិន ​ដោយ​ពួក​គេ​ដើរ​ផង​ញ៉ាំ​ផង បើក​ឡាន​បណ្តើរ​ហូប​បាយ​បណ្តើរ ​ជិះ​ម៉ូតូ​ផង​ហូប​បាយ​ផង ព្រោះ​មិន​ចង់​ឲ្យ​ខាត​ពេល។ ទម្លាប់​ទាំង​នេះ ​ងាយ​នឹង​ធ្វើ​ឲ្យ​ក្រពះ​ពោះ​វៀន​របស់​អ្នក​ឆាប់​មាន​បញ្ហា​ជា​ទី​បំផុត។ ​លើស​ពី​នេះ ពេល​អ្នក​ដើរ​ផង​ញ៉ាំ​ផង បង្កើត​ឲ្យ​ក្រពះ​ពិបាក​ធ្វើ​ការ យូរ​ទៅ​នឹង​មាន​បញ្ហា​រំលាយ​អាហារ​ផង​ដែរ។

៤. ញ៉ាំ​លឿន​ពេក និង​ញ៉ាំ​ច្រើន​ពេក

មិន​ថា​អ្នក​ហូប​លឿន​ពេក ​ឬ​ញ៉ាំ​ច្រើន​ជ្រុល ​នឹង​ដាក់​បន្ទុក​ដល់​បំពង់​រំលាយ​​អាហារ​។ ដូច្នេះ នៅ​ពេល​អ្នក​ទទួល​ទាន​អាហារ​ពេល​ព្រឹក អ្នក​គួរ​តែ​ញ៉ាំ​កុំ​ប្រញាប់ ដើម្បី​ទទួល​បាន​រសជាតិ​និង​ក្រពះ​ងាយ​រំលាយ​អាហារ​បាន​ល្អ​។ ​ម្ល៉ោះ​ហើយ ​សម្រាប់​អាហារ​ពេល​ព្រឹក​ គួរ​តែ​ជ្រើស​រើស​ក្នុង​បរិមាណ​សម​ល្មម​ដែល​ក្រពះ​អាច​ទទួល​យក​បាន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម