៨ យ៉ាងបញ្ជាក់ថា ទំនាក់ទំនងស្នេហារបស់អ្នក មានទំនុកចិត្តលើគ្នាខ្លាំង គ្មានអ្វីងាយនឹងមកបំបាក់បាន

  • 2020-06-30 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជំនាញផ្នែកទំនាក់ទំនងស្នេហាឈ្មោះថា Tim Lott បានលើកឡើងពីចំនុចធំៗ៣របស់គូស្នេហ៍ជោគជ័យ ក្នុងនោះរួមមាន ការប្រាស្រ័យទាក់ទង ការគោរព និងការទុកចិត្តគ្នា។ គាត់បានអះអាងទៀតថា ទំនុកចិត្តជាគ្រឹះដ៏សំខាន់ជាងគេ។ គូស្នេហ៍ត្រូវភាពជឿជាក់និងក្តីសង្ឃឹម ពុំដូច្នោះទេកុំរំពឹងចង់នៅជាមួយគ្នាបានយូរអង្វែងនោះ។

ក្នុងអំឡុងពេលនេះដែរ អ្នកអាចសង្កេតតាមដានសញ្ញា៨យ៉ាងនេះ ប្រសិនបើអាចរកឃើញមានន័យថាទំនាក់ទំនងស្នេហារបស់អ្នក មានការជឿទុកចិត្តលើគ្នាខ្ពស់ និងគ្មានអ្វីអាចមកបំបែកបំបាក់បានដោយងាយៗឡើយ។

១. អ្នកមិនខ្លាចក្នុងការធ្វើអ្វីជាខ្លួនឯង និងមិនខ្លាចនៅពេលដែលមិនបានតុបតែងខ្លួន

យោងទៅតាមអ្នកចិត្តវិទូ បានបែងចែកទំនាក់ទំនងជា២ប្រភេទដូចជា ការស្រមើស្រមៃ និងជីវិតពិត។ ស្នេហាស្ថិតក្នុងក្តីស្រមៃ គឺអ្នកតែងតែរៀបឬកពារឲ្យបានសមសួមជានិច្ច រិឯស្នេហាក្នុងជិវិតពិតបែបធម្មជាតិវិញ គឺអ្នកគ្មានភាពខ្មាសអៀនក្នុងការធ្វើអ្វីជាខ្លួនឯង មិនភ័យខ្លាចថាដៃគូប្រែប្រួលចិត្ត នៅពេលដែលមិនបានតុបតែងខ្លួនស្អាតបាត។

អ្នកដឹងច្បាស់ថាទោះស្ថិតក្នុងកាលៈទេសៈបែបណា ដូចជាស្លៀកពាក់សាមញ្ញៗធម្មតា មិនផាត់មុខ ញ៉ាំចំណីចំណុកតាមចិត្តចង់ពេលនៅផ្ទះ ក៏ដៃគូអ្នកមិនប្រកាន់ដែរ ព្រោះអ្នកមិនមែនជាមនុស្សយន្តដែលត្រូវតែល្អឥតខ្ចោះគ្រប់ពេលវេលានោះឡើយ។

២. អ្នកចែករំលែករឿងរ៉ាវយ៉ាងលម្អិតជាមួយគ្នា

ពេលត្រលប់មកពីធ្វើការ មកដល់ផ្ទះវិញ ឬបន្ទាប់ពីចេញទៅខាងក្រៅជាមួយមិត្តភ័ក្តិ អ្នកតែងចង់ចែករំលែកនិយាយពីរឿងផ្សេងៗប្រាប់ទៅដល់ដៃគូ ហើយអ្នកក៏មិនចូលចិត្តលាក់លៀមបញ្ហាអ្វីនឹងគ្នាដែរ។

ការសន្ទនាបែបស៊ីជម្រៅស្ទើរតែរាល់ថ្ងៃ អាចធ្វើឲ្យអ្នកទាំងពីរកាន់តែមានទំនុកចិត្តលើគ្នា បង្កើនសាមគ្គីភាព លើសពីដៃគូ ប្រៀបបានដូចជាមិត្តជិតស្និទ្ធដែលខ្វះគ្នាពុំបាន។

៣. អ្នកអាចរ៉ាយរ៉ាប់ពីក្តីឈឺចាប់នាពេលអតីតកាល

មិនមែនចង់សម្តៅទៅលើបញ្ហាគ្រួសារ ស្នេហាបរាជ័យ ឬកិច្ចការលំបាកនានាក្នុងអតីតកាលនោះទេ ប៉ុន្តែវាការបន្ធូរអារម្មណ៍បានមួយកម្រិតធំ នៅពេលដែលអ្នកអាចនប្រាប់រឿងរ៉ាវទៅកាន់មនុស្សដែលខ្លួនទុកចិត្តបំផុត ដែលពីមុនមកមិនហ៊ានប្រាប់នរណានោះឡើយ។

៤. អ្នកមានគណនីធនាគាររួមគ្នាឬដឹងពីលេខសម្ងាត់របស់គ្នាទៅវិញទៅមក

នេះជាសញ្ញានៃការទុកចិត្តលើគ្នាខ្លាំង និងជាសុភមង្គលមួយរបស់គូស្នេហ៍គ្រប់រូប។ ពួកគេអាចពិភាក្សាលើបញ្ហាហិរញ្ញវត្ថុ ស្វែងរកដំណោះស្រាយ និងចាត់ទុកជាអត្ថប្រយោជន៍មិនអាចកាត់ថ្លៃបាន ព្រមទាំងជាស្ពានចម្លងឲ្យគូស្នេហ៍ឈ្ពោះដំណើរទៅមុខជាមួយគ្នា បានកាន់តែវែងឆ្ងាយ។

៥. អ្នកទាំងពីរមិនព្យាយាមគ្រប់គ្រងគ្នា

ភាពខ្វះទំនុកចិត្ត ជាអាវុធដែលអាចបំផ្លាញស្នេហាយ៉ាងរហ័សបំផុត ជាពិសេសនៅពេលដែលអ្នកចាប់ផ្តើមចង់គ្រប់គ្រងទៅលើដៃគូ តែងខលសួរសង្ស័យរាល់ម៉ោងឥតសម្រាក។ ការចោតប្រកាន់គ្មានហេតុផល មិនត្រឹមតែនាំរឿងមួរហ្មងមកឲ្យខ្លួនឯងប៉ុណ្ណោះទេ ចំណែកឯដៃគូក៏គេមិនអាចនៅទ្រាំទ្របានយូរនោះដែរ។ ដរាបណាអ្នកមានភាពជឿជាក់ ចេះទុកពេលឲ្យដៃគូមានដង្ហើមដក ស្នេហាច្បាស់ជាធូរស្បើយជាក់ជាមិនខាន។

៦. មិនលាក់លៀមរឿងរ៉ាវក្នុងបណ្តាញសង្គម

បណ្តាញសង្គមជាកន្លែងមួយដែលនាំភ្លើងប្រចណ្ឌ ក្តីទុក្ខ និងជាមូលហេតុនាំឲ្យស្នេហា ឈានដល់ការបែកបាក់ទៀតផង។ ប៉ុន្តែសាកស្រមៃទៅមើល៎ ប្រសិនបើអ្នកជិះឡានជាមួយគ្នា ឬពេលនៅជាមួយគ្នា ហើយគាត់ហុចទូរសព្ទឲ្យកាន់ដោយមិនខ្លាចអ្វីទាំងអស់ ហ៊ានឲ្យអ្នកឆែកមើលគ្រប់បែបយ៉ាងដោយឥតលាក់លៀម បញ្ជាក់ថាស្នេហារបស់អ្នកមានទំនុកចិត្តលើគ្មានខ្ពស់បំផុតហើយ។

៧. អ្នកមានអារម្មណ៍ថាសុវត្ថិភាបទាំងពេលប្រាប់ពីរឿងល្អនិងរឿងអាក្រក់

នរណាក៏មានបញ្ហានឹកស្មានមិនដល់ដែរក្នុងជិវិតរស់នៅប្រចាំថ្ងៃ។ ប្រសិនបើអ្នកបើកចិត្តហ៊ានពិភាក្សាជាមួយដៃគូ មានន័យថាអ្នកទុកចិត្តគាត់ជាងគេ ហើយអ្នកមានអារម្មណ៍ថាសុវត្តិភាព ដូចយកបន្លាចេញពីទ្រូង និងមិនភ័យខ្លាចថាគាត់នឹងវាយតម្លៃឬគិតថាអ្នកអន់នោះទេ។

៨. អ្នកទាំងពីរចេះទទួលស្គាល់កំហុសនិងមានទំនួលខុសត្រូវរៀងៗខ្លួន

អ្នកទាំងពីរមានទំនួលខុសត្រូវខ្ពស់លើបញ្ហាគ្រប់បែបយ៉ាងដែលកើតមាន ដោយមិនព្យាយាមគេចវេសពីកំហុស ឬធ្វើហីៗមិនខ្វល់ពីដៃគូឡើយ។ ជាពិសេសអ្នកទាំងពីរមិនដែលស្តីបន្ទោស ទម្លាក់កំហុសឲ្យគ្នាម្តងណាទេ មានតែរួមដៃគ្នា​ស្វែងរកដំណោះស្រាយដោយសន្តិវិធី។ នេះហើយជាសញ្ហាបង្ហាញពីស្នេហាដែលមានភាពរឹងមាំ មិនមានមារសត្រូវណាអាចមកកាត់ផ្តាច់ងាយៗដាច់ខាត៕

ចុចអានបន្ត៖ ជីវិត​​គ្មាន​​​​​​​ថ្ងៃ​​​​​​​​​​រីក​​​​ចម្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​​មុខ​​​ទេ បើអ្នក​​​​​​​​​​នៅ​​​ប្រកាន់​​​ទម្លាប់​​​៥​​​​​​​​​​នេះ​​ទៀត

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម