រងសម្ពាធការងារខ្លាំង គន្លឹះ៣យ៉ាងនេះ កាត់បន្ថយយ៉ាងមានប្រសិទ្ធភាព

  • 2020-06-29 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

​​តាម​របាយការណ៍​ស្រាវជ្រាវ​​របស់ ZenBusiness ​ចំនួន ១០០០​ បុគ្គលិក ​ក្នុង​នោះ​មាន​​ពាក់​កណ្ដាល​នៃ​ពួក​គេ​​កំពុង​រង​ការ​ខក​ចិត្ត​ និង​ក្តី​បារម្ភ​ខ្លាំង​ពី​ការងារ​។ ​ទំហំ​នៃ​ការ​ជះ​ឥទ្ធិពល​នេះ​ ​ប៉ះ​ពាល់​ដល់​ការងារ​​ពួក​គេ​យ៉ាង​ខ្លាំង។ ​ ដោយសារ​តែ​ការ​ធុញ​ថប់ ​ពិបាក​ចិត្ត ​ប្រសិទ្ធភាព​ការងារ​ចាប់​ផ្តើម​ថយ​ចុះ។ ​ដើម្បី​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ និង​សម្ពាធ​ផ្លូវ​ចិត្ត​ច្រើន ​កញ្ញា ​សូម​លើក​យក​តិច​និក​​ខាង​ក្រោម ​ជួយ​កាត់​បន្ថយ​ស្រេ្តស​​ទាំង​នេះ​។

រូបតំណាង

១. ​កុំ​​​ខ្លាច ​ត្រូវ​និយាយ​ពី​​​​​បញ្ហា​របស់​អ្នក

​យោង​តាម​ការ​ស្ទង់​មតិ ​មាន​តែ​ ២៨​ % ​​នៃ​បុគ្គលិក​ហ៊ាន​បញ្ចេញ​អារម្មណ៍​តាន​តឹង​របស់​ពួក​គេ។ ​មួយ​​វិញ​ទៀត ​​ក្នុង​នោះ ​៤០​ % ​ហ៊ាន​បើក​ចិត្ត​និយាយ​ត្អូញត្អែរ​​ប្រាប់​មិត្ត​រួម​ការងារ​​​ពី​​ទុក្ខ​លំ​បាក​​ ​​អំ​ពី​ការ​ខក​ចិត្ត​​ធ្វើ​ការ​ឲ្យ​ចៅ​ហ្វាយ​នាយ។ ​ពួក​គេ​យល់​ថា ​វិធី​នេះ​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល និង​បន្ថយ​​ភាព​ស្រ្តេស​ជាង​មុន​។​

​អ្នក​ក៏​គួរ​ស្វែង​រក​នរណា​ម្នាក់​ដែល​​អាច​ទុក​ចិត្ត​បាន ហើយ​ប្រាប់​ពួក​គេ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត ។ ​ប្រហែល​​ជា​ពួក​គេ​​អាច​ជួយ​និង​បន្ថយ​ភាព​ស្រ្តេស​នេះ​បាន ហើយ​ការ​ព្រួយ​បារម្ភ​​ពី​សម្ពាធ​ការងារ​ក៏​​ថយ​ចុះ​ដែរ។

រូបតំណាង

២. កុំ​ដាក់​សម្ពាធ​​ខ្លួន​ឯង​ធ្វើការ​ហួស​កម្រិត​

​ជាង​​ពាក់​កណ្ដាល​នៃ​​អ្នក​ធ្វើ​ការ​ទៅ​ហើយ ​ដែល​កំពុង​មាន​អារម្មណ៍​​តប់​ប្រមល់​និង​គិត​ច្រើន​ពី​ការងារ រហូត​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង។ ​ដំណោះ​ស្រាយ​គឺ​ រៀប​ចំ​និង​ដាក់​អាទិភាព​ការងារ​ប្រចាំ​ថ្ងៃ ​ដែល​ត្រូវ​ធ្វើ​ នោះ​​ឲ្យ​ច្បាស់​ ​វា​ជួយ​កាត់​បន្ថយ​ស្រ្តេស​ពី​ការងារ​ដែរ ព្រម​ទាំង​ជួយ​លើក​អ្នក​ឲ្យ​ទៅ​ដល់​គោល​ដៅ​ការងារ​​បាន​ទៀត​ផង​។

​ធ្វើ​ការ​​ងារ​ណា​ដែល​អ្នក​បាន​កំណត់​ពេល​វេលា ​និង​បរិមាណ​ការងារ​​ត្រឹម​ត្រូវ។ ​​នេះ​ជា​​វិធី​​ជួយ​កាត់​បន្ថយ​ស្រ្តេស​និង​បង្កើន​​ប្រសិទ្ធភាព​ការងារ។

រូបតំណាង

៣. ​មោទកភាព​លើ​សមត្ថភាព​ខ្លួន​ឯង​

នៅ​ពេល​អ្នក​ទទួល​បាន​លទ្ធផល​ការងារ​​ល្អ ​​មិន​ថា​​ធំ​ឬ​តូច ​អ្នក​​​ត្រូ​វ​តែ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង បង្កើត​ភាព​សប្បាយ​រីករាយ​ដល់​ខ្លួន​ឯង។ ​​​ដោយសារ​តែ​អ្នក​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​លំបាក ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ដូច្នេះ​​អ្នក​គួរ​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង​ជា​ការ​ល្អ​។ ​នៅ​ពេល​អ្នក​ជួប​រឿង​សប្បាយ​ចិត្ត ​កុំ​ខ្លាច​​នឹង​បង្ហាញ​វា​ដល់​មិត្ត​រួម​ការងារ​របស់​អ្នក ហើយ​ក៏​មិន​ត្រូវ​ភ្លេច​សរសេរ​ក្នុង CV ​​នៅ​ពេល​អ្នក​ចង់​ដាក់​ពាក្យ​រក​ការ​ងារ​​ថ្មី​នៅ​ពេល​ក្រោយ។

​បន្ថែម​ពី​នេះ ​ដើម្បី​​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ​អ្នក​ត្រូវ​តែ​បង្កើត​គម្រោង​នា​ពេល​អនាគត​ឲ្យ​ចេញ​ជា​លទ្ធផល​។​​

អានបន្ត៖ ​ មានឆ្ងល់ខ្លួនឯង តែងប្តូរការងារពីមួយទៅមួយមិនជាប់លាប់ មកពីអ្នកភ្លេចគិតលើបញ្ហានេះ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា