មានអាការៈឈឺចុកចាប់ពេលមករដូវម្តងៗ ចង់សម្រួលការឈឺចាប់មិត្តនារីគប្បីសាក ៦ វិធីសាមញ្ញនេះ
- 2020-06-12 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអាការៈឈឺចុកចាប់ពេលមករដូវម្តងៗ ចង់សម្រួលការឈឺចាប់មិត្តនារីគប្បីសាក ៦ វិធីសាមញ្ញនេះ
ជារៀងរាល់ខែ មិត្តនារីគ្រប់រូបតែងជួបប្រទះចំពោះការមករដូវ។ ក្នុងខែមួយចំនួនអ្នកប្រហែលជាមានអាការៈមិនសូវល្អដូចជាការឈឺចាប់នៅត្រង់ពោះ បែបរមួលក្រពើដែលធ្វើឲ្យពិបាកទ្រំា។ ពេលខ្លះការឈឺចាប់នោះអាចបណ្តាលមកពីការតានតឹងពេក ការទទួលទានអាហារហឹរៗ ការចូលគេងយឺត និងមិនបានធ្វើលំហាត់ប្រាណញឹកញាប់ជាដើម។ ដូច្នោះហើយ ដើម្បីកាត់បន្ថយការឈឺចាប់នៅពេលមករដូវនោះ មិត្តនារីគប្បីសាកប្រើវិធីសាមញ្ញ ៦ យ៉ាងនេះរួមមាន៖
**១. ធ្វើលំហាត់ប្រាណ**
នៅពេលឈឺចុកចាប់ដោយសារការមករដូវ អ្នកអាចព្យាយាមធ្វើលំហាត់ប្រាណដើម្បីជួយឲ្យសាច់ដុំយឺត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយសម្រួលដល់អរម៉ូនរបស់ស្ត្រីស្មើគ្នាបានដែរ។ អ្នកអាចធ្វើលំហាត់ប្រាណបែបយូហ្គា និងលំហាត់ប្រាណពត់ខ្លួនដូចជា squat ជាដើម។
២. កាត់បន្ថយការទទួលទានទឹកកក
មិនមែនដោយសារតែការមករដូវដែលអ្នកគួរតែចៀសវាងការទទួលទានទឹកកកនោះទេ តែសម្រាប់ជីវិតប្រចំាថ្ងៃអ្នកក៏ត្រូវកាត់បន្ថយវាដែរ។ អ្នកមិនដឹងទេថា ទឹកកកអ្នកបរិភោគនោះស្អាតឬក៏អត់ មានគុណភាពឬយ៉ាងណា និងមានជាតិពុលងាយបង្កបញ្ហាដល់រាងកាយ។ ហេតុនេះហើយ បានជាអ្នកគួរចៀសវាងបរិភោគទឹកកកអំឡុងពេលមករដូវ ព្រោះបើអ្នកបរិភោគអ្នកនឹងឈឺចាប់ខ្លំាងជាងធម្មតា។
៣. ទទួលទានអាហារ បន្លែ ផ្លែឈើ
អ្នកគួរទទួលទានបន្លែ ផ្លែឈើស្រស់មានគុណភាពដូចជា ពពួកពណ៌បៃតង ត្រី ចេក គ្រាប់ធញ្ញជាតិ គ្រាប់អាល់ម៉ុន ជាដើម។ នោះក៏ដោយសារតែអាហារអស់ទំាងនោះមានជាតិម៉ាញេស្យូមជួយកាត់បន្ថយជាតិ prostaglandin។ សារធាតុនោះវានឹងជួយសម្រួលដល់ការឈឺចាប់របស់អ្នកបាន។
៤. ចៀសវាងអាហារផ្អាប់និងហឹរៗ
នៅពេលអ្នកមានអាការៈឈឺចាប់ក្នុងពោះ ចូរអ្នកកាត់បន្ថយការបរិភោគអាហារផ្អាប់ៗ និងមានរសជាតិហឹរៗ។ ភាគច្រើនអាហារអស់នោះនឹងធ្វើឲ្យអ្នកកាន់តែឈឺចុកចាប់ថែម ពិសេសធ្វើឲ្យស្បូនរបស់អ្នករួញងាយនឹងបង្កការឈឺចាប់ខ្លំាង។ ទោះបីជាអ្នកឃ្លានប៉ុនណា ចូរអ្នកព្យាយាមកាត់បន្ថយឲ្យបាន។
៥. ធ្វើអារម្មណ៍ឲ្យសប្បាយៗ
ការតានតឹងគឺទាក់ទងជាមួយនឹងរាងកាយរបស់នារីៗជាច្រើន ហើយវាជាគ្រោះថ្នាក់ដ៏សំងាត់ដែលវាមិនមែនបង្កឲ្យឈឺចាប់ពេលមករដូវប៉ុណ្ណោះទេ។ នោះក៏ដោយសារតែនៅពេលអ្នកតានតឹង រាងកាយអ្នកនឹងមានការធ្លាក់ចុះអរម៉ូនអេស្ត្រូហ្សែន ហើយនៅពេលធ្លាក់ចុះ ផ្នែកស្បូនរបស់អ្នកនឹងមានដំណើរការមិនស្មើល្អ។ ចូរអ្នកចាំថា អ្នកកាន់តែមានភាពតានតឹង អ្នកនឹងកាន់តែមានការឈឺចាប់។
៦. គេងឲ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៨ ម៉ោង
ការគេងមិនបានគ្រប់គ្រាន់ក៏មានផលប៉ះពាល់ដល់ការឈឺចាប់ពេលមករដូវដែរ។ ប្រសិនបើអ្នកចូលគេងយប់ជ្រៅ និងគេងមិនបានគ្រប់គ្រាន់ពី ៧ ទៅ ៨ ម៉ោងនោះទេ វានឹងមានការវិវត្តរដូវមិនបានល្អ ច្បាស់ណាស់អ្នកអាចនឹងឈឺចាប់។ ហេតុនេះហើយ ចូរអ្នករក្សាការគេងឲ្យបានទៀងទាត់និងគ្រប់គ្រាន់ដើម្បីសុខភាព៕
ចុចអានបន្ត៖
សញ្ញា ៧ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងត្រូវការវីតាមីន A ជាចាំបាច់