សញ្ញា ៧ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងត្រូវការវីតាមីន A ជាចាំបាច់
- 2020-06-11 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញា ៧ យ៉ាង បង្ហាញថារាងកាយរបស់អ្នកកំពុងត្រូវការវីតាមីន A ជាចាំបាច់
គ្រប់វីតាមីនទាំងអស់ សុទ្ធតែចាំបាច់ដើម្បីជួយឲ្យរាងកាយមានដំណើរការល្អជារៀងរាល់ថ្ងៃ។ ដូចជាភ្នែកមានសុខភាពល្អ រមែងតែងតែត្រូវការវីតាមីន A ជាដើម។ ហេតុនេះប្រសិនបើអ្នកមានសញ្ញាទាំង៧យ៉ាងដូចខាងក្រោម លេចចេញមកមានន័យថារាងកាយកំពុងតែខ្វះវីតាមីន A ហើយ។ មិនគួរធ្វេសប្រហែសឡើយ ត្រូវយកចិត្តទុកដាក់លើរបបអាហារសាជាថ្មី។
១. ស្បែកស្ងួតខ្លាំង
វីតាមីន A មានតួនាទីសំខាន់ក្នុងការជួសជុលកោសិកាស្បែកឡើងវិញ និងជួយផ្តល់ជាតិទឹកដល់ស្បែក។ បើអ្នកខ្វះវីតាមីន A នោះស្បែកនឹងប្រែជាស្ងួត ក្រហម របកក្រហាយជាដើម។ ពេលខ្លះអាចរមាស់ថែមទៀតផង។
២. មើលមិនឃើញនៅពេលយប់ (ខ្វាក់មាន់)
នេះជាបញ្ហាដែលតែងកើតឡើងជាញឹកញាប់សម្រាប់អ្នកខ្វះវីតាមីន A ។ នៅពេលយប់ភ្នែករបស់អ្នក មានការចុះខ្សោយខ្លាំង និងមិនអាចមើលអ្វីឃើញនៅទីកន្លែងងងឹត។
៣. កើតមុន
ដូចបានបង្ហាញខាងលើ វីតាមីន A ពិតជាសំខាន់ណាស់សម្រាប់សុខភាពស្បែក។ បើខ្វះវាស្បែករបស់មុខរបស់អ្នកនឹងប្រែជាស្ងួត និងផលិតជាតិប្រេងច្រើនលើសកម្រិត បណ្តាលឲ្យកើតមុន។ ហេតុនេះហើយទើបបានជា វីតាមីន A ត្រូវបានគេយកទៅប្រើប្រាស់ដាក់ក្នុងផលិតផលព្យាបាលមុន។
៤. មានបញ្ហាក្នុងការមានគភ៌
ប្រសិនបើអ្នកជួបបញ្ហាពិបាកក្នុងការមានផ្ទៃពោះ អាចបណ្តាលមកពីកង្វះវីតាមីន A។ ប្រព័ន្ធបន្តពូជទាំងបុរសនិងស្រ្តី អាចមានដំណើរល្អ លុះត្រាតែមានវីតាមីន A គ្រប់គ្រាន់។ ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ គួរជ្រើសរើសរបបអាហារដែលមានវីតាមីន A ខ្ពស់ ដើម្បីជួយទ្រទ្រង់សុខភាព និងគភ៌ក្នុងផ្ទៃ។
៥. របួសមិនងាយជាសះស្បើយ
របួសអាចជាបានលឿន ដោយសារតែការផលិតរបស់ខូឡាជែន និងវីតាមីន Aជាជំនួយការចម្បង។ កាលណាបើអ្នកមានរបួសហើយមិនងាយជា បញ្ជាក់ថាអ្នកត្រូវញ៉ាំអាហារដែលមានវីតាមីន A ខ្ពស់ដូចជា ការ៉ុត ក្រូច ទឹកដោះគោ និងសាច់ក្រហម។
៦. លូតលាស់យឺត
នេះជាបញ្ហាមួយដែលត្រូវតែយកចិត្តទុកដាក់ ជាពិសេសទារកនិងកុមារ។ វាជារឿងចាំបាច់ ដែលអ្នកម្តាយគ្រប់រូប ត្រូវទទួលយកវីតាមីន A ឲ្យបានគ្រប់គ្រាន់តាំងពីមានគភ៌៣ខែដំបូង និងព្យាយាមឲ្យកូនញ៉ាំអាហារមានវីតាមីន A តាំងពីពួកគេចូលអាយុ១ខួប។ ការធ្វើបែបនេះគឺដើម្បីធ្វើឲ្យភ្នែករបស់កូនមានសុខភាពល្អ ប្រព័ន្ធការពារភាពស៊ាំរឹងមាំ និងរាយកាយលូតលាស់បានល្អ។
៧. ភ្នែកស្ងួត
កង្វះវីតាមីន A ធ្វើឲ្យភ្នែកចុះខ្សោយក្នុងការផលិតទឹកភ្នែកនិងជាតិសំណើមនៅបរិវេណគ្រាប់ភ្នែក ជាហេតុបង្កឲ្យភ្នែកស្ងួត ពិបាកមើលជាដើម។
គន្លឹះសំខាន់ៗក្នុងការផ្តល់វីតាមីន A ដល់រាងកាយ
សម្បូរនៅក្នុងអាហារដូចជា៖
ស៊ុត
ត្រីសាល់ម៉ុន
កូនស្ពៃ
ដំឡូងផ្អែម
ការ៉ុត។
កុំភ្លេចញ៉ាំអាហារដែលបានរៀបរាប់ខាងលើ ប្រសិនបើអ្នកសង្កេតឃើញថារាងកាយកំពុងតែជួបបញ្ហាខ្វះវីតាមីន A៕
ចុចអានបន្ត៖ សញ្ញាទាំង ៧ នៅលើដៃជួយបង្ហាញពីសុខភាពរបស់អ្នក