ទង្វើ ៤ បង្ហាញ​ថា​អ្នក​កំពុង​តែ​បំផ្លាញ​ខ្លួន​ឯង ដោយ​មិន​ដឹង​ខ្លួន

  • 2020-06-11 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ជីវិត​រស់​នៅ​សព្វថ្ងៃ មនុស្ស​ម្នាក់ៗ​តែង​ខំប្រឹង​ឈោង​ចាប់​ក្ដី​ស្រមៃ ដើម្បី​ទទួល​បាន​នូវ​ជោគជ័យ។ ស្រប​គ្នា​នេះ​ដែរ ​​ដើម្បី​ចង់​បាន​ជោគជ័យ និង ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​មនុស្ស​មួយ​ចំនួន​បែរ​ជា​ហាន​ធ្វើ​អ្វី​គ្រប់​យ៉ាង មិន​គិត​ពី​ផល​វិបាក​ចំពោះ​មនុស្ស​ជុំ​វិញ​ខ្លួន​ទាល់​តែ​សោះ។ យ៉ាង​ណា​មិញ ពួក​គេ​មិន​បាន​ដឹង​ទេ​ថា ទង្វើ​ខ្លះ​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ ហើយ​ថែម​ទាំង​បង្ហាញ​ប្រាប់​គេ​ឯង​ថា​អ្នក​កំពុង​តែ​បំផ្លាញ​ខ្លួន​ឯង​ទៀត​ផង តួយ៉ាង​ដូច​ ៥ ចំណុច​ខាង​ក្រោម៖

រូបតំណាង

**១. ចូលចិត្ត​ប្រៀបធៀប**

បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ប្រៀបប្រដូច​ខ្លួន​ឯង​ទៅ​អ្នក​ដទៃ ឬ ប្រៀបធៀប​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត នោះ​អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​មាន​ការ​គិត​ទូលំទូលាយ​នៅ​ឡើយ​ទេ។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​ខ្សែ​ជីវិត​ផ្សេងៗ​គ្នា រឿង​ដែល​ពួក​គេ​ឆ្លង​កាត់​ក៏​ខុសៗ​គ្នា ដូច្នេះ យក​ល្អ​គប្បី​ចេះ​អបអរ​នូវ​អ្វី​ដែល​ខ្លួន​មាន ហើយ​ស្រឡាញ់​អ្នក​ជា​ខ្លួន​អ្នក​។

២. គិត​ថា​ខ្លួន​ល្អ​ឥត​ខ្ចោះ

ជា​ការ​ពិត រៀន​ធ្វើ​ជា​មនុស្ស​ទឹក​កន្លះ​កែវ​គឺ​ប្រសើរ​ជាង​ធ្វើ​ជា​មនុស្ស​ទឹក​ពេញ​កែវ​។ ពោល​គឺ ទោះ​អ្នក​ពូកែ​យ៉ាង​ណា​ក្ដី គួរ​រៀន​ចេះ​ដាក់​ខ្លួន ហើយ​ទទួល​យក​នូវ​មេរៀន និង​គំនិត​ល្អៗ ថ្មីៗ​​របស់​គេ​ឯង​មក​ដាក់​ក្នុង​ខ្លួន​បន្ថែម​ទើប​ជា​ការ​ល្អ ជៀស​ជាង​តាំង​ខ្លួន​ជា​មនុស្ស​ចេះ​ដឹង​គ្រប់​សព្វ​ហើយ​មិន​ព្រម​ទទួល​យក​គំនិត​អ្នក​ណា​ទាំង​អស់​ក្រៅ​ពី​គំនិត​របស់​ខ្លួន ព្រោះ​យល់​ថា​គ្មាន​អ្នក​ណា​ម្នាក់​មាន​សមត្ថភាព​លើស​ខ្លួន​នោះ​ឡើយ។

រូបតំណាង

៣. ចូល​ចិត្ត​នៅ​មួយ​កន្លែង

ជា​ការ​ពិត អ្នក​ណា​ក៏​ចូល​ចិត្ត​នៅ​កន្លែង​ដែល​សុខ​ស្រួល គ្មាន​ហានិភ័យ គ្មាន​ការ​ខ្វាយខ្វល់​អ្វី​នោះ​ដែរ តែ​ដឹង​អត់​ថា​កន្លែង​ដែល​សុខ​ស្រួល​នោះ​ច្រើន​គ្មាន​ផ្ដល់​នូវ​ភាព​រីកចម្រើន​ដល់​អ្នក? ជាក់​ស្ដែង អ្នក​គួរ​រៀន​សាក​ល្បង​នូវ​អ្វី​ដែល​ថ្មី ហើយ​ខុស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់​ខ្លះ​ ព្រោះ​ថា​ជីវិត​មាន​រឿង​ច្រើន​ណាស់​ដែល​អ្នក​អាច​រៀន​សូត្រ​បាន។ ការ​នៅ​មួយ​កន្លែង​គ្មាន​អ្វី​ខុស​ពី​ការ​ឃុំ​ខ្លួន​ឯង​ពី​ការ​ឈោង​ចាប់​ភាព​​ជោគជ័យ​ពិត​ប្រាកដ​នោះ​ទេ។

៤. រស់​តាម​ការ​រំពឹង​ទុក​របស់​គេ

ប្រសិន​បើ​ជា​និច្ចកាល​អ្នក​តែង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​តាម​ការ​រំពឹង​របស់​អ្នក​ដទៃ ឬ មនុស្ស​ជុំវិញ​ខ្លួន​មិន​ថា​គ្រួសារ​ មិត្តភក្ដិ ឬ មិត្ត​ប្រុស​ ដោយ​មិន​បាន​ធ្វើ​តាម​បេះដូង​របស់​ខ្លួន​នោះ​អ្នក​កំពុង​តែ​រស់នៅ​តាម​ការ​រំពឹង​ទុក​របស់​គេ​ហើយ។ ការ​ធ្វើ​បែប​នេះ​ក្នុង​រយៈ​ពេល​យូរ​នឹង​អាច​បំផ្លាញ​នូវ​ភាព​ជោគជ័យ​ពិត​របស់​អ្នក ព្រោះ​អ្នក​រមែង​ចាំ​តែ​ធ្វើ​តាម​គំនិត និង ​ការ​យល់​ស្រប​របស់​អ្នក​ដទៃ​ដែល​មិន​មែន​ជា​ខ្លួន​អ្នក​ផ្ទាល់៕

រូបតំណាង

ចុចអានបន្ត៖

អត្ថបទ៖ Siyou Tang