តិចនិក ៤ ជួយឲ្យរាងស្លីមដូចបំណង មិនបាច់ហាត់ប្រាណច្រើននាំហត់
- 2020-06-10 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ៤ ជួយឲ្យរាងស្លីមដូចបំណង មិនបាច់ហាត់ប្រាណច្រើននាំហត់
ជាធម្មតា ផែនការសម្រកទម្ងន់គឺងាយស្រួលនិយាយតែពិបាកនឹងធ្វើ។ តើមាននារីប៉ុន្មាននាក់ដែលអាចគ្រប់គ្រងនូវរបបអាហារ និង ការហាត់ប្រាណបាន ១០០% នោះ? ជាក់ស្ដែងគឺមានចំនួនតិចតួចបំផុត។ ដូច្នេះ សម្រាប់អ្នកដែលមិនពិបាកក្នុងការធ្វើលំហាត់ប្រាណ មិនថាគ្មានពេល ឬ មិនសូវមានកម្លាំងជាដើម អ្នកអាចសាកល្បងនូវតិចនិករក្សារាង ៤ ចំណុចនេះបាន៖
១. កាត់បន្ថយជាតិស្ករ
មូលហេតុចម្បងដែលធ្វើឲ្យងាយឡើងគីឡូបំផុតគឺជាតិផ្អែមនេះឯង។ មិនមែនជារឿងចម្លែកនោះទេដែលនារីៗចូលចិត្តញ៉ាំរបស់ផ្អែម ជាពិសេស បង្អែម ការ៉េម ឬ ភេសជ្ជៈផ្អែមៗជាដើម។ បើអ្នកសង្កេតឃើញថាអ្នកមានទម្លាប់ឧស្សាហ៍បរិភោគនូវប្រភេទអាហារ និង ភេសជ្ជៈដែលសម្បូរជាតិស្ករទាំងនោះ អ្នកគួរចាប់ផ្ដើមកាត់បន្ថយបន្តិចម្ដងៗទៅ ចៀសវាងការឡើងទម្ងន់ជាលំដាប់ដោយមិនដឹងខ្លួន។
២. ផឹកតែបៃតង
អ្នកប្រហែលជាធ្លាប់បានដឹងរួចមកហើយថាតែបៃតងជាប្រភេទតែសុខភាពដែលមានប្រសិទ្ធភាពផ្នែកសម្រកទម្ងន់តែម្ដង។ តែបៃតងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត មិនសូវឃ្លាន កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ និង ធ្វើឲ្យអ្នកងាយស្រួលក្នុងការរំលាយអាហារ។ ផឹកតែបៃតងដែលគ្មានជាតិស្ករ ១ដង ក្នុង ១ថ្ងៃ អាចជួយឲ្យអ្នកសម្រករាងបានលឿន និង មានប្រសិទ្ធភាពហួសការស្មាន។
៣. ទំពាអាហារយឺតៗ
រូបតំណាង
អ្នកណាក៏ដូចគ្នាដែរ ភាគច្រើនឲ្យតែឃ្លានគឺញ៉ាំលឿនតែម្ដង ព្រោះប្រញាប់បំពេញក្រពះ។ តែគួរឲ្យដឹងថា ការបរិភោគអាហារក្នុងល្បឿនលឿន មិនទំពាមួយៗធ្វើឲ្យរាងកាយទទួលយកអាហារក្នុងបរិមាណច្រើនក្នុងពេលតែមួយ ហើយគ្មានពេលគ្រប់គ្រាន់ដើម្បីបញ្ចេញសញ្ញាប្រាប់ថាឆ្អែតទៀតផង។
៤. ញ៉ាំឲ្យឆ្អែតមុនហាត់ប្រាណ
នារីខ្លះមិនចង់ហាត់ប្រាណព្រោះគ្មានកម្លាំង និង ឆាប់ហត់។ តែនោះព្រោះតែពួកគេមិនបានញ៉ាំអាហារទ្រាប់ពោះជាមុនសិនមុនហាត់ប្រាណ។ ការហាត់ប្រាណទាំងគ្មានអាហារក្នុងពោះអាចធ្វើឲ្យអ្នកឆាប់នឿយហត់ អស់កម្លាំង ឬ វិលមុខស្របពេលកំពុងហាត់។ ដូច្នេះ អ្នកគួរបរិភោគអាហារក្នុងបរិមាណសមល្មមឲ្យបានមុន ២ ម៉ោង មុនពេលហាត់។ ការធ្វើបែបនេះជួយឲ្យអ្នកពោរពេញដោយកម្លាំង និង ហាត់បានយូរទៀតផង។ ក្រោយហាត់រួច អ្នកអាចបរិភោគប្រភេទអាហារសម្បូរសារធាតុចិញ្ចឹម ដូចជា ផ្លែឈើ បន្លែបៃតង ឬ សាច់ទ្រូងមាន់ជាដើម៕
ចុចអានបន្ត៖ ៨ សញ្ញាបង្ហាញថាអ្នកជាមនុស្សស្រីដែលរឹងមាំខ្លាំង ខុសពីនារីដទៃទៀត