សញ្ញាជាច្រើនអាចបញ្ជាក់ច្បាស់ៗថា អ្នកពូកែស្ទាបស្ទង់មើលដឹងពីចិត្តមនុស្សបានយ៉ាងល្អ

  • 2020-06-05 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនចាំបាច់និយាយរៀបរាប់ច្រើន មិនចាំបាច់ចំណាយពេលយូរ ក៏អ្នកអាចមើលដឹងពីចិត្តអ្នកដទៃបានយ៉ាងល្អ។ នេះគឺជាសមត្ថភាពកម្រពិសេសម្យ៉ាង ដែលកើតមាននៅក្នុងខ្លួនមនុស្សមួយចំនួនតាំងពីកំណើតមកម្ល៉េះ។ វាប្រៀបបានដូចជាអ្នកមានញាណទី៦ ដែលអាចស្ទាបស្ទង់ស្វែងយល់ពីអារម្មណ៍អ្នកដទៃ ទោះគេមិននិយាយចេញក៏ដោយ។

រូបតំណាង

ប្រសិនបើអ្នកមានសញ្ញាជាច្រើនដូចចំណុចខាងក្រោម មានន័យថាអ្នកក៏ជាមនុស្សពិសេសម្នាក់ ក្នុងចំណោមមនុស្សផ្សេងទៀត ដែលមានសមត្ថភាពកម្របែបនេះ ។

១. អ្នកអាចយល់ពីចិត្តអ្នកដទៃបានច្បាស់នៅពេលដែលគេទទួលរងនូវភាពឈឺចាប់ ដោយពុំចាំបាច់និយាយពន្យល់ប្រាប់ច្រើន។ការចេះអាណិតអាសូរ ដែលអ្នកមានគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ទុកជួយព្យាបាលរបួសផ្លូវចិត្តរបស់អ្នកដទៃ រួមទាំងខ្លួនឯងផងដែរ។

២. អ្នក​ឆាប់មានប្រតិកម្មជាមួយគំនិតអវិជ្ជមានរបស់អ្នកដទៃ។ ជាពិសេសអ្នកតែង​អាចនឹកគិតស្រមៃដល់រឿងរ៉ាវនានា ដែលភាគច្រើនអ្នកផ្សេងតែងមើលរំលងនឹកមិនឃើញ។

៣. អ្នកអាចប្រើការវាយតម្លៃយ៉ាងត្រឹមត្រូវទៅកាន់អ្នកដទៃ ដោយមិនសូវខុសនោះឡើយ។ អ្នកតែងអាចទាយដឹងច្បាស់ថានរណាជាមនុមនុស្សណា ដែលមានភាពវិជ្ជមាន ពោរពេញដោយកម្លាំងចិត្ត និងមានគំនិតទូលំទូលាយ។

៤. អ្នកចូលចិត្តដឹងឮទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រ ជាពិសេស​កន្លែង​បែបបុរាណ ដែលមានជាន់ពាក់ព័ន្ធនឹងប្រវត្តិកាលជាច្រើន។

៥. អ្នកចូលចិត្ត​កន្លែងដែលមានធម្មជាតិស្រស់ត្រកាល ព្រោះកន្លែងងងឹត អាចធ្វើឲ្យអ្នកភ័យខ្លាច មានអារម្មណ៍មិនល្អ។

រូបតំណាង

៦. អ្នកមិនទុកចិត្តមនុស្សដោយងាយៗឡើយ ព្រោះ​អ្នក​ស្ទាបស្ទង់ពីគំនិតខាងក្នុងរបស់អ្នកដទៃច្រើនជាងការសង្កេតមើលតែសំបកក្រៅ។

៧. អ្នកអាចដឹងច្បាស់ពីអ្វីដែលនាំឲ្យរំខានអារម្មណ៍អ្នកដទៃ ហើយក៏មិនចេះបង្កភាពស្មុគស្មាញដល់មនុស្សជុំវិញខ្លួនឡើយ។

៨. អ្នកជាមនុស្សចូលចិត្តទំនាក់ទំនងក្នុងសង្គម ប៉ុន្តែមានមិត្តស្និទ្ធស្នាលតិចតួចបំផុត។ ដោយសារតែអ្នកមិនមែនចេះតែរាប់អានមនុស្សឲ្យច្រើនតែតួលេខនោះទេ។

៩. អ្នកមិនចេះរស់នៅជាមួយភាពឈឺចាប់យូរ ថែមទាំងចាត់ទុកវាជាបញ្ហាទូទៅរបស់មនុស្សលោក និងជាបទពិសោធដ៏ល្អដែលគ្រប់គ្នាគួរឆ្លងកាត់ ទុកជាមេរៀនក្នុងជីវិត។

​១០. ពេលខ្លះអ្នកពិបាកខ្លាំងក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ យ៉ាងណាកុំបារម្ភអី ព្រោះ​ស្ថានភាពបែបនេះតែងកើតមានចំពោះ ប្រភេទ​មនុស្ស​ដែល​មាន​សមត្ថភាពពិសេសដូចជាអ្នក។

រូបតំណាង

១១. អ្នកអាចគិតគូរបានជ្រៅជ្រះវែងឆ្ងាយ អាចវិភាគពីស្ថានការណ៍ផ្សេងៗ ដើម្បីជីកកកាយរកពីហេតុផល នៅពេលមានបញ្ហាកើតឡើង។

១២. អ្នក​ដឹងថាខ្លួនឯងមានចំណុចប្លែកពីគេ។ អ្នកមានគំនិតមួយដែលខុសគេ មានការស្រមៃប្លែកៗ ដែលពេលខ្លះធ្វើឲ្យអ្នកផ្សេងមកមើលគិតថាអ្នកជាមនុស្សចម្លែក។

១៣. អ្នកមានគំនិតចាស់ទុំជាងអាយុជានិច្ច។ អ្នក​មាន​សមត្ថភាពអាចពិរណាដឹងខុសត្រូវ មាន​ភាពវ័យឆ្លាត និង​មាន​ការគិតបែបចាស់ទុំជាងវ័យទៅទៀត។

១៤. អ្នកតែងចង់ជួយជ្រោមជ្រែង នៅពេលឃើញនរណាម្នាក់កំពុងតែខ្វះខាត និងចង់បានតម្រូវលការឬគំនិតយោបល់ពីអ្នក។ អ្នកមិនអាចបិទភ្នែកមើលរំលងមនុស្ស ដែលកំពុងខ្សត់ខ្សោយ រងគ្រោះ ឈឺចាប់បាននោះឡើយ។

ចំណុចពិសេសទាំងនេះហើយ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ពោរពេញដោយពន្លឺ មានភាពរឹងមាំ មិនចុះញ៉មជាមួយនឹងឧបសគ្គ និងមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនជានិច្ច៕

រូបតំណាង

ចុចអានបន្ត៖ មួយថ្ងៃៗចេះតែខ្វល់រឿងតូចតាចធ្វើឲ្យពិបាកចិត្ត អ្នកគួរសាកគិតរឿងអស់នេះជួយពង្រឹងស្មារតីអ្នកឲ្យប្រសើរឡើងវិញ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម