របៀប​ស្រឡាញ់​មនុស្ស​ប្រុសឲ្យ​បាន​ត្រឹមត្រូវ ដែល​មនុស្ស​ស្រី​ទាំង​អស់​គួរ​ដឹង

  • 2020-06-05 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​បាន​ស្នេហា​ដែល​មាន​ក្ដី​សុខ​ជាង​ទុក្ខ​នោះ​គឺ​អាស្រ័យ​លើ​មនុស្ស​ពីរ​នាក់ មិន​មែន​មក​ពី​អ្នក​ណា​ផ្សេង​នោះ​ទេ។ បើ​អ្នក​មិន​យល់​គ្នា ស្នេហា​នោះ​នឹង​ក្លាយ​ជា​សមុទ្រ​ទឹកភ្នែក ដែល​មាន​រឿង​ទាស់ទាំង​មិន​លោះ​ថ្ងៃ តែ​បើ​អ្នក​យល់​ពី​របៀប​ស្រឡាញ់​គ្នា​វិញ​នោះ​អ្នក​នឹង​រស់​ក្នុង​សុភមង្គល​យ៉ាង​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​មនុស្ស​ស្រី​ត្រូវ​ដឹង ក្នុង​ការ​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​ឲ្យ​បាន​ល្អ និង​ត្រឹម​ត្រូវ៖

រូបតំណាង

**យល់៖** គាត់​មិន​អាច​ល្អ​គ្រប់​ដប់​ឡើយ។ មាន​ចំណុច​ខ្លះ​គាត់​អាច​មិន​ល្អ ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​សម្រប​ខ្លួន​ជាមួយ​គាត់។ ពេល​ខ្លះ​គាត់​ឆាប់​ឆេវឆាវ អារម្មណ៍​មិន​ល្អ ហើយ​ពិបាក​គ្រប់គ្រង​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​គាត់នៅ​ឆ្ងាយ​ពី​អ្នក មិន​ខ្វល់​ពី​អ្នក។ បែប​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នក​ត្រូវ​តែ​យល់​ពី​គាត់ ហើយ​ព្យាយាម​កុំ​បន្ថែម​សម្ពាធ​​ទៀត​ទៅ​បាន​ហើយ ព្រោះ​នៅ​ពេល​គាត់លែង​អី​គ្រប់​យ៉ាង​នឹង​ល្អ​ឡើង​វិញ។

សេរី​ភាព៖ សូម​ឲ្យ​គាត់​នៅ​សេរី​ភាព​ដែល​គាត់​ចង់​បាន​ផង។ កុំ​ហួងហែង​ ឬ​បិទ​សេរីភាព​គាត់​ពេក ព្រោះ​សម្រាប់​មនុស្ស​ប្រុស​សេរីភាព​គឺ​ជា​រឿង​សំខាន់​បំផុត។ អ្វី​ដែល​សំខាន់​ដែល​អ្នក​គួរ​តែ​គិត​នោះ​គឺ​ថា បើ​គាត់​ពិត​ជា​ស្រឡាញ់​អ្នក​មែន គាត់​នឹង​មិន​ធ្វើ​អ្វី​ដែល​ឲ្យ​អ្នក​ឈឺចាប់​ឡើយ។ មនុស្ស​ស្រី​ដែល​ឲ្យ​សេរីភាព​មនុស្ស​ប្រុស​គ្រប់​គ្រាន់​ គឺ​ជា​គ្រាប់​ពេជ្រ​សម្រាប់​គាត់ ដូច្នេះ​គាត់​នឹង​កាន់​តែ​ស្រឡាញ់​អ្នក​លើស​ដើម។ កុំ​បង្ខាំង​ពិភពលោក​គាត់​ឲ្យ​នៅ​ក្នុង​ដៃ​អ្នក ព្រោះ​ពេល​នោះ​គាត់​នឹង​រើ​ខ្លួន​ចេញ។

ទង្វើ៖ បង្ហាញ​ប្រាប់​គាត់​ថា​អ្នក​ក៏​ស្រឡាញ់​គាត់​មិន​ចាញ់​គាត់​ស្រឡាញ់​អ្នក​ដែរ។ សួរ​គាត់​ថា​គាត់​យ៉ាង​ម៉េច​ហើយ​ថ្ងៃ​នេះ? មាន​រឿង​អី​មិន​ល្អ​មែន​ទេ? ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​អ្នក​ខ្វល់​ពី​គាត់ យក​ចិត្ត​ទុក​ដាក់​ជាមួយ​គាត់ តែ​មិន​មែន​រករឿង​រញ៉ាំរញ៉ូវ​ដាក់​គាត់​ទេ។

ការ​គោរព៖ អ្នក​ត្រូវ​គោរព​តាម​ជម្រើស​របស់​គាត់​ដូច​គ្នា មិន​មែន​ឲ្យ​គាត់​ធ្វើ​តាម​តែ​ចិត្ត​អ្នក​នោះ​ទេ។ ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​គឺ​ជា​តម្លៃ​ល្អ​បំផុត​សម្រាប់​ស្នេហា។

ការ​យក​ចិត្ត​ទុកដាក់៖ គាត់​ក៏​ត្រូវ​ការ​ពី​អ្នក​ដូច​គ្នា។ មនុស្ស​ប្រុស​កាត​ពិត​ចង់​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​មនុស្ស​ខ្លួន​ស្រឡាញ់​ខ្លាំង​ណាស់ គ្រាន់​តែ​គាត់​មិន​ដឹង​ថា​ទាមទារ​ពី​អ្នក​ដោយ​របៀប​ណា ព្រោះ​គាត់​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​មាន​ការ​ងរង៉ក់ អន់​ចិត្ត​ច្រើន​នោះ​ទេ។

រូបតំណាង

ចាំ​ណា​គ្មាន​មនុស្ស​ណា​ម្នាក់​ល្អ​គ្រប់​យ៉ាង​នោះ​ទេ។ ចំណុច​ខ្លះ​មាន​តែ​ការ​ទទួល​យក ការ​អធ្យាស្រ័យ និង​យោគយល់​ពី​គ្នា​តែ​ប៉ុណ្ណោះ ទើប​អាច​រក្សា​ក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា​បាន៕

ចុចអាន៖ វិធី​​ថែរក្សា​ស្នេហា​ឲ្យ​ដល់​ថ្ងៃ​រៀបការ ទោះបី​​ដៃ​គូរស់​នៅ​ក្រៅ​ប្រទេស​ ឬ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ

ប្រភព៖ facebook ប្រែសម្រួល៖ ផេង ផលធិតា