វិធីថែរក្សាស្នេហាឲ្យដល់ថ្ងៃរៀបការ ទោះបីដៃគូរស់នៅក្រៅប្រទេស ឬឆ្ងាយយ៉ាងណាក៏ដោយ
- 2018-10-11 02:37:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែរក្សាស្នេហាឲ្យដល់ថ្ងៃរៀបការ ទោះបីដៃគូរស់នៅក្រៅប្រទេស ឬឆ្ងាយយ៉ាងណាក៏ដោយ
មានមនុស្សជាច្រើនបានអស់ជំនឿទៅលើស្នេហា នៅពេលបានឮថាសង្សារខ្លួនត្រូវទៅរៀន ឬទៅរស់នៅក្រៅប្រទេស។ ព្រោះខ្លាចគេបែកចិត្តផង ឯគ្រួសារ និងមិត្តសម្លាញ់ក៏មិនបានលើកទឹកចិត្តផង ថែមទាំងនិយាយថា «កុំដាក់ចិត្តដាក់កាយពេក ប្រយ័ត្នមិនបានដូចបំណង នាំស្តាយក្រោយ»។ ក្រោយស្ដាប់ឮពាក្យទាំងនេះហើយ ពិតជាអស់សង្ឃឹម ក្នុងទំនាក់ទំនងមួយនោះណាស់មែនទេ? ប៉ុន្តែកុំបារម្ភពេកអី បើអ្នកពិតចិត្តស្មោះនឹងគ្នាមែន មានវិធីជាច្រើនដែលអាចជួយឲ្យស្នេហាអ្នកជោគជ័យរហូតដល់បានរៀបការនឹងគ្នា។
១. ឆាតលេងជាប្រចាំ
ត្រូវចេះសួរសុខទុក្ខគ្នា រៀបរាប់ពីសកម្មភាពប្រចាំថ្ងៃ ផ្ញើជារូបភាព សារជាសំឡេង វីដេអូខ្លីៗ ឬពេលខ្លះត្រឹមតែពាក្យអរុណសួស្តី ឬរាត្រីសួស្តី ឲ្យគ្នាទៅវិញទៅមកក៏ប្រសើរជាងអត់សោះដែរ។ អ្នកក៏មិនចាំបាច់ខាតពេលវេលាយូរដូចជាការនិយាយទូរស័ព្ទផ្ទាល់ដែរ។
**២. ពេលទំនេរៗវីដេអូខលលេង**
ពិតណាស់អ្នកអាចទំនាក់ទំនងគ្នាតាមរយ:ការនិយាយទូរស័ព្ទ ប៉ុន្តែបើអ្នកបានសម្លឹងមើលក្រសែភ្នែក និងសកម្មភាពគ្នាដោយវីដេអូ អ្នកច្បាស់ជាមានអារម្មណ៍ល្អ និងស្និទ្ធស្នាលគ្នាកាន់តែខ្លាំង។ ប៉ុន្តែអ្នកពុំគួរចំណាយពេលលើសលប់ពេកទេ ត្រូវចេះទុកពេលឲ្យគ្នាធ្វើរឿងអ្វីផ្សេង ទើបអ្នកគ្មានអារម្មណ៍ថាហត់នឿយ ក្នុងការថែរក្សាស្នេហាមួយនេះ។
៣. ចាត់ទុកថាវាជាឧកាសល្អសម្រាប់ពិសោធន៍ស្នេហា
ឃ្លាតកាយតែកុំណាយចិត្ត បើអ្នកធ្វើបានមែន ចំណងស្នេហ៍របស់អ្នកមិនត្រឹមតែរឹងមាំខ្លាំងជាងមុន ហើយវាក៏ជាការពិសោធន៍ថ្មីមួយទៀត ដែលអាចបង្ហាញថា អ្នកពិតជាមានសមត្ថភាពរក្សាស្នេហា ហើយមិនមែនមនុស្សទាំងអស់សុទ្ធតែអាចធ្វើបាន។
៤. ជៀសវាងសកម្មភាពគ្រោះថ្នាក់
សកម្មភាពគ្រោះថ្នាក់ដែលអាចធ្វើឲ្យអ្នកទាំងពីរ បាត់ទំនុកចិត្តលើគ្នាមានដូចជា ចេញទៅខាងក្រៅជប់លៀង ស៊ីផឹកជាមួយមិត្តភ័ក្ដិដល់យប់ជ្រៅពេក ចេញទៅញុំាំអីជាមួយមិត្តរួមការងារ ឬក៏មនុស្សដែលធ្លាប់ Crush ពីមុនមក តែពីរអ្នក...។ វាអាចធ្វើឲ្យដៃគូម្ខាងទៀត បារម្ភខ្វាយខ្វល់ ព្រោះខ្លាចបាត់បង់រូបអ្នក ដូច្នេះមុនធ្វើអ្វីមួយត្រូវគិតពីចិត្តគេខ្លះផង កុំធ្វើតែតាមអារម្មណ៍ខ្លូនឯង។
៥. ធ្វើរឿងអីស្រដៀងគ្នា
ការស្តាប់ចម្រៀង មើលរឿង កម្មវិធីកម្សាន្ត តាមដានព័ត៌មាន ឬក៏ការអានសៀវភៅដូចគ្នា អាចជួយឲ្យអ្នកមានរឿងនិយាយជាមួយគ្នាបានកាន់តែច្រើន ហើយវាល្អបំផុតចំពោះគូរស្នេហ៍ដែលមិនរស់នៅក្បែរគ្នា។
៦. រកពេលមកលេងគ្នា
ទោះបី ១ ឬ ២ ឆ្នាំម្តង បានអាចជួបមុខគ្នាផ្ទាល់ត្រឹមពេលដ៏ខ្លីក៏ដោយ ត្រូវតែជួបកុំខាន ព្រោះវាពិតជាសំខាន់ខ្លាំងណាស់ សូមត្រឹមតែបានឱបហើយកាន់ដៃ ក៏មានអារម្មណ៍រំភើបខុសធម្មតាដែរ។
៧. មានគោលដៅក្នុងចិត្ត
គ្មានគូរស្នេហ៍ណាត្រូវរស់នៅឆ្ងាយពីគ្នាអស់មួយជីវិតនោះទេ អ្នកត្រូវមានគម្រោងសម្រាប់អនាគតឲ្យបានច្បាស់លាស់ និងដឹងពីពេលវេលាជាក់លាក់ណាមួយ ដែលអាចត្រលប់មករស់នៅក្បែរគ្នាវិញ ទើបអ្នកទាំងពីរមានការអត់ធ្មត់ រង់ចាំថ្ងៃនោះមកដល់។
៨. ស្មោះត្រង់ជានិច្ច
មានរឿងអ្វីត្រូវនិយាយឲ្យត្រង់ទៅត្រង់មក មិនត្រូវលាក់ទុកក្នុងចិត្តតែម្នាក់ឯង មិនកុហកគ្នាដាច់ខាតចែករំលែក និងសួរយោបល់ពីគ្នា រាល់ពេលមានបញ្ហា។
៩. ដឹងពីពេលវេលា
ដឹងថាពេលណាគាត់រវល់ ពេលណាទំនេរ អាចនិយាយគ្នាលេងបាន ដើម្បីកុំឲ្យមានការរំខាន និងជៀសវាងការយល់ច្រឡំប្រកាន់គ្នាទៅវិញទៅមក។
១០. មានកាដូឲ្យគ្នាមុនពេលឃ្លាត
មិនថាជាកាដូអ្វីក៏ដោយ តូចធំក្តី វាជាអនុស្សាវរីយ៍ដ៏ល្អមួយ អាចជួយឲ្យអ្នកទាំងពីរ នឹករលឹក និងចងចាំគ្នារាល់ពេលដែលបានឃើញវា។
១១. ត្រូវគិតអ្វីដែលវិជ្ជមាន
ពិតណាស់ការរង់ចាំនរណាម្នាក់ វាឈឺចាប់បន្តិចមែន ប៉ុន្តែអ្នកត្រូវចងចាំក្នុងចិត្តថា ការទ្រាំអត់ធ្មត់តស៊ូ មិនបោះបង់ចោលនូវក្តីស្រមៃ អ្នកនឹងបានផ្លែផ្កានៅថ្ងៃណាមួយ ហើយត្រូវព្យាយាមឲ្យដល់ទីបំផុត។
បើអ្នកអាចឆ្លងផុតដំណាក់កាលទាំងអស់នេះបាន អ្នកនឹងអាចឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍សមដូចបំណង។
ចុចអានបន្ត៖
ហេតុផលធំៗ ធ្វើឲ្យមនុស្សស្រីមានចំណេះដឹងខ្ពស់ និងឆ្លាតវៃ កាន់តែពិបាករកប្តីទៅៗ