៥ ក្បាច់ជួយឲ្យដើមដៃតូចហើយតឹងណែន អាចពាក់អាវដៃតូចដោយជឿជាក់
- 2020-06-03 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ក្បាច់ជួយឲ្យដើមដៃតូចហើយតឹងណែន អាចពាក់អាវដៃតូចដោយជឿជាក់
នារីៗច្បាស់ជាយល់អារម្មណ៍មួយនេះហើយ។ មានដើមដៃធំពិតជាពិបាកក្នុងការស្លៀកពាក់ខ្លាំងណាស់ ព្រោះគ្មានទំនុកចិត្តលើខ្លួនឯង។ ដូច្នេះ កញ្ញាសុំចែករំលែកនូវក្បាច់ហាត់ដៃចំនួន ៥ ដែលជួយឲ្យដៃអ្នកតូច ស្រឡូន និងតឹងណែន ដើម្បីសាងទំនុកចិត្តឡើងវិញ។ លើសពីនេះ ក្បាច់ទាំងនេះមិនតម្រូវឲ្យអ្នកចំណាយពេលយូរឡើយ គឺត្រឹម ១០នាទីក្នុង១ថ្ងៃ អ្នកនឹងអាចចាប់ផ្ដើមឃើញនូវប្រសិទ្ធភាពរបស់វាបន្តិចម្ដងៗ។
១. ក្បាច់កម្ដៅសាច់ដុំ
មុននឹងហាត់ក្បាច់ដទៃទៀត ពីដំបូងអ្នកត្រូវកម្ដៅសាច់ដុំជាមុនសិនចៀសវាងជួបប្រទះនូវបញ្ហាស្ពឹកសាច់ដុំស្របពេលកំពុងហាត់។ ជាដំបូង បោះដៃឆ្វេងទៅខ្នងក្រោយរួចបោះដៃស្ដាំរំលងស្មាទៅក្រោយ រួចចាប់ចុងម្រាមដៃទាំងពីរចូលគ្នា (ដូចក្នុងរូប)។ អ្នកអាចទប់វាឲ្យជាប់ប្រមាណ ៣០ វិនាទី រួចប្ដូរទៅម្ខាងទៀត។
២. ក្បាច់បើកបិទដៃ
លើដៃទាំងពីរឡើងលើ រួចបត់កែងដៃប្រមាណ ៩០ដឺក្រេ។ បន្ទាប់មកផ្គុំកែងដៃទាំងពីរចូលគ្នា រួចបើកវាចេញមកក្រៅ ហើយបិទទៅវិញ។ ធ្វើចលនាបែបនេះចុះឡើងប្រមាណ ៣០ ដង សម្រាក២០វិនាទី រួចធ្វើ ៦០ដងទៀត។
៣. ក្បាច់ពន្លាតដៃ និង ឆ្អឹងខ្នង
យកដៃស្ដាំបោះទៅក្រោយប៉ះផ្នែកខាងក្រោមនៃក រួចយកដៃឆ្វេងបោះមកចំហៀងខ្លួន ហើយប្ដូរចុះឡើងទាំងសងខាងប្រមាណ ៣០ វិនាទី រួច ធ្វើឡើងវិញ ៣ ដង (៩០វិនាទី) ទៀត។
៤. ក្បាច់សង្កត់ដៃ
ក្បាច់នេះមានភាពងាយស្រួលមែនទែន គឺអ្នកគ្រាន់តែបោះដៃស្ដាំទៅចំហៀងខ្លួនខាងឆ្វេង ហើយយកដៃឆ្វេងកៀបសង្កត់ពីក្រោម ហើយទប់វាឲ្យជាប់ប្រមាណ ៣០ វិនាទី។ បន្ទាប់មកអ្នកអាចប្ដូរទៅមួយចំហៀងទៀតដោយអនុវត្តក្បាច់ដដែល។ ធ្វើក្បាច់នេះចុះឡើងឲ្យបាន ៣ ដង (៩០វិនាទី)។
៥. ក្បាច់ពន្លាសាច់ដុំ
ជាធម្មតា ក្រោយធ្វើការហាត់ប៉ុន្មានក្បាច់ខាងលើរួច អ្នកអាចនឹងមានអារម្មណ៍តឹងណែន និង ចុកចាប់ផ្នែកដើមដៃនិងស្មាជាដើម។ ដូច្នេះ អ្នកអាចអនុវត្តក្បាច់ចុងក្រោយដែលជាក្បាច់ពន្លាសាច់ដុំមកវិញ បំបាត់ការហើម ឬឈឺចុកចាប់នៃសាច់ដុំ ដោយគ្រាន់តែបោះដៃឆ្វេងរំលងស្មាទៅប៉ះផ្នែកខាងលើនៃខ្នង រួចដៃស្ដាំចាំសង្កាត់ពីលើ ហើយទប់ឲ្យជាប់ ពី៣០ទៅ៦០វិនាទី បន្ទាប់មកប្ដូរទៅដៃម្ខាងទៀតជាការស្រេច៕
ចុចអានបន្ត៖ អាហារ ៦មុខ គួរកាត់បន្ថយ បើមិនចង់ឲ្យជើងរីកធំទៅៗដោយមិនដឹងខ្លួន