អាហារ ៦មុខ គួរកាត់បន្ថយ បើមិនចង់ឲ្យជើងរីកធំទៅៗដោយមិនដឹងខ្លួន
- 2020-06-02 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៦មុខ គួរកាត់បន្ថយ បើមិនចង់ឲ្យជើងរីកធំទៅៗដោយមិនដឹងខ្លួន
សម្រស់គឺជារឿងសំខាន់តែសុខភាពកាន់តែសំខាន់។ នារីមួយចំនួនសុខចិត្តប្រើប្រាស់នូវផលិតផលសម្រកទម្ងន់ និង បង្អត់អាហារខ្លួនឯងជាដើម ក្នុងគោលបំណងចង់រក្សារាងឲ្យបានស្អាត។ នារីខ្លះទៀត ទោះខំកាត់បន្ថយការទទួលទានអាហារក្ដីតែនៅតែមិនឃើញលទ្ធផល នោះអាចមកពីកាត់បន្ថយរបបអាហារមិនត្រឹមត្រូវ និងខុសក្បួន។ ដូច្នេះមកដឹងពីអាហារ ៦ មុខ ដែលអ្នកគួរកាត់បន្ថយព្រោះសម្បូរទៅដោយជាតិសូដ្យូមខ្ពស់ អាចធ្វើឲ្យធាត់ដោយមិនដឹងខ្លួន៖
១. បុកល្ហុង
គ្រាន់តែឮចង់ស្រក់ទឹកមាត់ហើយមែនទេ? ពិតណាស់ អ្នកណាក៏ចូលចិត្តមុខម្ហូបត១មុខនេះដែរ ដោយសារតែរសជាតិដ៏មុត និង ចាប់មាត់របស់វា។ យ៉ាងណាមិញ កុំភ្លេចថាទម្រាំបានរសជាតិមុតឆ្ងាញ់ត្រូវមាត់បែបនេះ គឺត្រូវមានគ្រឿងផ្សំអ្វីចូលខ្លះ។ និយាយឲ្យចំ ពពួកគ្រឿងផ្សំដែលគេនិយមប្រើក្នុងបុកល្ហុងសុទ្ធសឹងជាប្រភេទគ្រឿងផ្សំដែលមានជាតិសូដ្យូមខ្ពស់ងាយធ្វើឲ្យឡើងទម្ងន់បំផុត ដូច្នេះស្រីៗគួរកាត់បន្ថយខ្លះក៏ល្អ។
២. ទឹកជ្រលក់
មនុស្សភាគច្រើនមិនថាញ៉ាំមុខម្ហូបអ្វីទេ ចាំបាច់ត្រូវការទឹកជ្រលក់គ្រប់មុខតែម្ដងទើបធ្វើឲ្យរសជាតិឆ្ងាញ់ទ្វេដង។ តែគួរឲ្យស្ដាយ របស់ឆ្ងាញ់មិនសូវផ្ដល់ផលល្អគាប់ចិត្តសោះ។ ទឹកជ្រលក់ភាគច្រើនសុទ្ធតែផ្សំឡើងពីគ្រឿងទេសដែលសម្បូរជាតិសូដ្យូម មានរសជាតិប្រៃខ្លាំង ធ្វើឲ្យអ្នកចាប់ផ្ដើមធាត់តាមផ្នែកមួយចំនួននៃរាងកាយដោយមិនដឹងខ្លួន។
៣. អាហារ ឬ សាច់ចម្រាញ់
ប្រភេទសាច់ដែលត្រូវបានគេចម្រាញ់ ដែលអាចរួមមានសាច់ផាត់ សាច់ក្រក ឬប្រភេទអាហារកំប៉ុងគឺសុទ្ធសឹងជាប្រភេទអាហារដែលមិនគួរបរិភោគក្នុងបរិមាណច្រើន។ ក្នុងករណីមិនអាចជៀសវាងបរិភោគអាហារទាំងនេះបានទាំងស្រុង អ្នកអាចចាប់ផ្ដើមរៀនកាត់បន្ថយវាម្ដងបន្តិចៗ នោះអ្នកនឹងឃើញពីភាពខុសប្លែកនៃរាងកាយអ្នកជាក់ជាមិនខាន។
៤. មីកំប៉ុង
អ្នកណាខ្លះដែលតែងតែទាញមីកំប៉ុងមកញ៉ាំរាល់ពេលគិតមិនចេញថាចង់ញ៉ាំអី? អ្នកណាក៏ដឹងដែរថាប្រភេទអាហារបែបនេះគឺមិនល្អសម្រាប់សុខភាព និង រាងកាយ។ លើសពីនេះទៀត វាងាយធ្វើឲ្យអ្នកឡើងសាច់ជើងទៀតផង ដូច្នេះមិនមែនជាជម្រើសដ៏ល្អនោះទេសម្រាប់នារីដែលមានជើងធំស្រាប់ គួរតែស្រូតជៀសវាងឲ្យបានទើបប្រសើរ។
៥. អាហារបំពង
ពិតណាស់ អាហារបំពងស្រួយៗមានរសជាតិឆ្ងាញ់ជក់មាត់ ញ៉ាំមួយហើយមួយទៀតមិនណាយសោះ តែចាំមើលក្រោយពេលញ៉ាំ អ្នកនឹងឃើញពីផលវិបាករបស់វាមកកាន់សុខភាព និង រាងកាយរបស់អ្នកជាមិនខាន។ ដូច្នេះ ជំនួសដោយការញ៉ាំគ្រឿងបំពង អ្នកគួរញ៉ាំជាប្រភេទផ្លែឈើ ឬ គ្រាប់ធញ្ញជាតិសម្រាប់ជាអាហារសម្រន់វិញ រាល់ពេលអផ្សុក។
៦. សម្ល
វាពិតជាពិបាកក្នុងការតមមិនញ៉ាំប្រភេទសម្ល ប៉ុន្តែអ្នកគួររៀនកាត់បន្ថយទៅតាមលទ្ធភាពដែលអាចធ្វើបាន បើចង់បានរាងស្អាត និង ជើងស្រឡូន ព្រោះថាមុននឹងបានសម្លដ៏ឈ្ងុយឆ្ងាញ់មួយឆ្នាំងនោះគឺត្រូវបង់គ្រឿងទេសច្រើនមុខហើយបូកបន្ថែមនឹងជាតិសាច់ដែលដាក់រម្ងាស់ជាមួយគ្នាទៀតនោះ ធ្វើឲ្យសម្លដែលអ្នកញ៉ាំកាន់តែសម្បូរជាតិសូដ្យូម និង មានកាឡូរីខ្ពស់ទៀតផង។ ដូច្នេះ នារីៗគប្បីកុំបរិភោគក្នុងបរិមាណច្រើនអី គួរមានការកំណត់ត្រឹមត្រូវ ជៀសវាងធាត់ដោយមិនដឹងខ្លួន៕
ចុចអានបន្ត៖
មកដឹង ៥ ចំណុចធំៗ ដែលបង្ហាញពីភាពថ្លៃថ្នូរពិតប្រាកដរបស់មនុស្សស្រី
កប់ៗ! របៀបតុបតែងខ្លួនទៅធ្វើការ១៥ ស្ទីល មើលទៅសុភាពតែស៊ីវីល័យ