មនុស្សមានទម្លាប់ខាំក្រចកខ្លួនឯង ត្រូវចិត្តវិទូយល់ថា ជាបុគ្គលត្រូវការភាពឥតខ្ចោះបំផុត

  • 2020-05-21 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទម្លាប់​នៃ​ការ​ខាំ​ក្រចក មិន​មែន​កើត​ចំពោះ​តែ​កូន​ក្មេង​នោះ​ទេ ​សូម្បី​មនុស្ស​​វ័យ​ជំ​ទង់ ឬ​មនុស្ស​ធំ​ក៏​មាន​ដែរ។ ទោះ​ជា​ដឹង​ថា ​ការ​ខាំ​ក្រចក​​ជា​ទម្លាប់​មិន​ល្អ ​អត់​អនាម័យ​ហើយ​​ងាយ​ឆ្លង​មេរោគ​ក៏​ពិត​មែន ​តែ​​ទម្លាប់​មួយ​នេះ​ពិបាក​ចោល​ណាស់ ​ព្រោះ​កាន់​តែ​ខាំ ​កាន់​តែ​ញៀន។

​​ផ្អែក​តាម​ចិត្ត​វិទ្យា ​នៅ​ពេល​ពួក​គេ​បាន​ខាំ​ក្រចក ទើប​ពួក​គេ​មិន​សូវ​ភ័យ ហើយ​អ្នក​មាន​ទម្លាប់​នេះ​ភាគ​ច្រើន​ជា​មនុស្ស​ស្រ្តេស ឬ​ព្រួយ​បារម្ភ​ច្រើន ដែល​ធ្វើ​បែប​នេះ​យូរ​ទៅ​ៗ​ក៏​ក្លាយ​ជា​ទម្លាប់​ពិបាក​កែ។

​​យ៉ាង​ណា​មិញ ​អ្នក​ចិត្ត​វិទ្យា​បាន​និយាយ​ថា ​ការ​ខាំ​ក្រចក​មិន​ត្រឹម​ជា​ទម្លាប់​មួយ​ប៉ុណ្ណោះ​ទេ ​វា​ក៏​បង្ហាញ​ពី​លក្ខណៈ​របស់​មនុស្ស​នោះ​ផង​ដែរ ​ថា​គេ​​​ជា "​អ្នក​និយម​ចង់​បាន​ភាព​ល្អ​ឥត​ខ្ចោះ​"។ ​នេះ​ព្រោះ ​ពួក​គេ​តែង​តែ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​សមិទ្ធិផល​​ចេញ​មក​ល្អ​បំផុត ហើយ​ក៏​មិន​ចង់​ឲ្យ​កើត​មាន​កំហុស​នោះ​ដែរ។

​​ជាក់​ស្តែង​នៅ​ពេល​ពួក​គេ​គិត​ខ្លាំង​ពេក តស៊ូ​ពេក​ជាមួយ​ការងារ ​ព្រម​ទាំង​​​ជួប​បញ្ហា​លំបាក​ណា​មួយ​ក្នុង​ជីវិត ​ពួក​គេ​​កាន់​​តែ​បង្ហាញ​ភាព​រឹង​មាំ​​​ចេញ​មក​ច្រើន​ជាង​​អ្នក​ផ្សេង​ៗ​។ ម្ល៉ោះ​ហើយ ពួក​គេ​ជា​បុគ្គល​ដែល​ងាយ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ​ឆាប់​រង​សម្ពាធ​ណាស់ ​ហេតុ​នេះ​​ដើម្បី​អាច​បន្ធូរ​ភាព​តាន​តឹង​ទាំង​នោះ​បាន ​ពួក​គេ​មាន​តែ​ខាំ​ក្រចក​ដៃ​ ទើប​អាច​បន្ថយ​ការ​ព្រួយ​បារម្ភ​​ខ្លះ​បាន។​​

យ៉ាង​ណា​ក៏​ដោយ ​ការ​ទម្លាប់​ខាំ​ក្រចក ​ត្រូវ​គេ​​យល់​ថា​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្វើ​បាប​ខ្លួន​ឯង ​តែ​ក្នុង​លក្ខខណ្ឌ​ស្រាល។ ​ដូច្នេះ ​អ្នក​គួរ​តែ​​លុប​បំបាត់​ទម្លាប់​នេះ​ម្តង​បន្តិច​ៗ ​និង​​ប្រើ​ចិត្ត​ឲ្យ​មាន​តុល្យភាព​និង​វិជ្ជមាន ​ដើម្បី​ស្ថាន​ភាព​ផ្លូវ​ចិត្ត​មាន​ភាព​ប្រសើរ​ជាង​មុន៕​

អានបន្ត៖ ​មនុស្ស​ស្រី​ដែល​រឹងមាំ និង ជោគជ័យ​ក្នុង​ឆាក​ជីវិត ដាច់​ខាត​មិន​ធ្វើ​រឿង​ ៥ នេះ​ឡើយ

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម