មនុស្សស្រីដែលរឹងមាំ និង ជោគជ័យក្នុងឆាកជីវិត ដាច់ខាតមិនធ្វើរឿង ៥ នេះឡើយ
- 2020-05-13 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីដែលរឹងមាំ និង ជោគជ័យក្នុងឆាកជីវិត ដាច់ខាតមិនធ្វើរឿង ៥ នេះឡើយ
មនុស្សមួយចំនួនប្រហែលជាយល់ថា បុគ្គលដែលជោគជ័យ និង មានភាពឯករាជ្យគឺអាចដោះស្រាយបានគ្រប់បញ្ហា និង រឿងរ៉ាវនៅក្នុងជីវិត។ អ្នកត្រូវចងចាំថា ទោះជាមើលទៅរឹងមាំយ៉ាងណាក៏គ្មានអ្នកណាម្នាក់អាចដោះស្រាយបានគ្រប់បញ្ហាដែរ។ ផ្ទុយទៅវិញ អ្វីដែលពួកគេអាចធ្វើបានគឺត្រូវថ្លឹងថ្លែងរឿងណាដែលគួរយកមកគិត និង រឿងណាដែលមិនគួរគិតនាំចង្អៀតខួរក្បាល។ មនុស្សដែលទទួលបានជោគជ័យក្នុងឆាកជីវិត ភាគច្រើនមិនដែលធ្វើរឿងទាំង ៥ នេះឡើយ៖
**១. ខ្វាយខ្វល់ពីទស្សនៈរបស់អ្នកដទៃ**
ការបារម្ភ និង យកចិត្តទុកដាក់ទៅលើការគិតរបស់អ្នកដទៃច្រើនគ្មានផ្ដល់អ្វីឲ្យអ្នកក្រៅពីសម្ពាធឡើយ។ ផ្លូវដែលអ្នកជ្រើសរើសដើរក្នុងឆាកជីវិតគឺជាសិទ្ធយ៉ាងពេញលេញរបស់អ្នក ដោយមិនត្រូវការការយល់ស្រប ឬ គំនិតរបស់នរណាម្នាក់ឡើយ។ បុគ្គលដែលឯករាជ្យ និង មានភាពជោគជ័យ មិនដែលយកទស្សនៈរបស់អ្នកផ្សេងសំខាន់ជាងក្ដីស្រមៃ និង ក្ដីសុខរបស់ខ្លួនឡើយ។
២. គិតច្រើន
មនុស្សដែលមានស្មារតីរឹងមាំភាគច្រើនមិនដែលគិតច្រើនពេកនោះទេ។ ពួកគេច្រើនធ្វើការសម្រេចចិត្តក្នុងរយៈពេលខ្លី ហើយជានិច្ចកាលតែងត្រៀមចិត្តរួចរាល់សម្រាប់លទ្ធផលដែលគេបានជ្រើសរូច។ ពួកគេដឹងថា គ្មានការសម្រេចចិត្តណាមួយដែលផ្ដល់នូវលទ្ធផលល្អឥតខ្ចោះនោះទេ ដូច្នេះទោះជាចុងក្រោយលទ្ធផលទៅជាបែបណាក៏ពួកគេតាំងចិត្តទទួលយកវាដែរ។
៣. ស្ដីបន្ទោសខ្លួនឯង
ការទទួលខុសត្រូវនូវទង្វើ និង ជម្រើសរបស់ខ្លួនគឺជារឿងមួយក៏ល្អ តែមិនមែនក្នុងរូបភាពជេរ ឬ ស្ដីបន្ទោសឲ្យខ្លួនឯងរហូតងើបមុខមិនរួចនោះទេ។ មនុស្សដែលមានស្មារតីរឹងមាំ និង វិជ្ជមានជាមនុស្សមានទំនួសខុសត្រូវខ្ពស់ ក៏ប៉ុន្ដែពួកគេដាច់ខាតមិនដែលអនុវត្តការបន្ទោសខ្លួនឯងឡើយ ព្រោះជាវិធីដែលគ្មានប្រសិទ្ធភាព។ ផ្ទុយពីនេះ ពួកគេច្រើនយកកំហុសជាមេរៀន និង ចេះលើកលែងឲ្យខ្លួនឯងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្លួនបន្តទៅមុខទៀត។
៤. មិនទទួលស្គាល់ការពិត
ជាធម្មតា ពេលជួបនូវឧបសគ្គម្ដងៗ អ្នកប្រាកដជាមានកូនចិត្តស្អប់នូវការពិតមួយនេះដែលអ្នកមិនអាចកែប្រែអ្វីបាន។ មូលហេតុចម្បងដែលអាចធ្វើឲ្យអ្នកជោគជ័យ និង មានភាពរីករាយក្នុងជីវិតគឺការពេញចិត្តនូវអ្វីដែលខ្លួនមាន និង ទទួលស្គាល់ការពិត។
៥. ទម្លាក់កំហុសលើអ្នកដទៃ
នៅពេលដែលជួបរឿងមិនសមបំណង រឿងដែលងាយស្រួលធ្វើបំផុតគឺទម្លាក់កំហុសលើកាលៈទេសៈ ឬ ទៅលើអ្នកដទៃ។ យ៉ាងណាមិញ ការធ្វើបែបនេះគឺគ្រាន់ជាការបញ្ចេញកំហឹងដែលមិនអាចជួយស្រោចស្រង់អ្វីបានទាំងអស់ គឺបានត្រឹមឲ្យអ្នកដទៃមិនឲ្យតម្លៃអ្នកទៅវិញទេ។
ចុចអានបន្ត៖ សញ្ញាទាំង ៥ បង្ហាញថា អ្នកមិនបានស្រឡាញ់ខ្លួនឯងដូចដែលអ្នកគិតឡើយ